Connect with us

សេដ្ឋកិច្ច

​សមាគមធនាគារបន្តសហការជាមួយសារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ​ ដើម្បីលើកកម្ពស់អក្ខរកម្ម​សេដ្ឋកិច្ច​

បានផុស

នៅ

​សមាគមធនាគារនៅកម្ពុជា (ABC) និង សារមន្ទីរ​សេដ្ឋកិច្ច​ និង​រូបិយវត្ថុ​ ព្រះស្រីឦសានវរ្ម័ន (SOSORO)​ នៅថ្ងៃទី ១២ ឧសភា ២០២៦ បានឯកភាព​លើការបន្ត​អនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បី​បន្ត​ភាពជាដៃគូ​ ក្នុងការលើកកម្ពស់​អក្ខរកម្ម​សេដ្ឋកិច្ច។​ ពិធី​ចុះ​ហត្ថលេខា​ ធ្វើឡើងក្រោមវត្តមានលោក យឹម​​ លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ផ្អែកលើសមិទ្ធផលដែលទទួល​បាន​ក្នុង​រយៈពេលពីរឆ្នាំកន្លងមក ការបន្តចុះអនុស្សរណៈនៃការ​យោគ​យល់​គ្នា​ស្តីអំពី ​«កម្មវិធីវិស័យធនាគារសម្រាប់អក្ខរកម្មសេដ្ឋកិច្ច» បញ្ជាក់សា​ជា​ថ្មី​ពីការប្តេជ្ញា​ចិត្តយ៉ាងមុតមាំរបស់វិស័យធនាគារ ក្នុងការលើកកម្ពស់ការអប់រំសេដ្ឋកិច្ច។​

​គំនិតផ្តួចផ្តើមនេះបង្កើនលទ្ធភាពឱ្យ​សិស្សានុសិស្សមកពីគ្រឹះស្ថានអប់រំរដ្ឋ​អាច​មក​ទស្សនា​សារមន្ទីរ ស.ស.រ របស់ធនាគារជាតិនៃកម្ពុជា ​បាន​កាន់​តែ​ច្រើន ​ដោយមានជំនួយពីដៃគូធនាគារ​ និងគ្រឹះ​ស្ថាន​ហិរញ្ញវត្ថុសំខាន់ៗ ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែម​អំពីប្រវត្តិសាស្ត្រ​សេដ្ឋកិច្ច​និងរូបិយវត្ថុជាតិ។​

លោក រ័ត្ន សោភ័ណ ប្រធានសមាគម​ធនាគារ​នៅ​កម្ពុជា បានមាន​ប្រសាសន៍​ថា៖ «ការបន្តចុះ​អនុស្ស​រណៈ​នៃការយោគយល់គ្នានេះ ធ្វើឡើងផ្អែកលើលទ្ធផលប្រកបដោយផ្លែផ្កា​ដែលយើង​សម្រេច​បាន​ក្នុងរយៈពេលពីរឆ្នាំកន្លងមក​ និងស្របតាមគោលការណ៍ហិរញ្ញវត្ថុប្រកប​ដោយ​និរន្តរភាព​របស់សមាគម​ធនា​គារនៅកម្ពុជា ​(CSFPs) ក្នុងការកសាងសមត្ថភាព និងលើក​កម្ពស់​អក្ខរ​កម្ម​សេដ្ឋកិច្ច។ ​ដំណើរស្វែងយល់នៅសារមន្ទីរ​ ស.ស.រ ផ្តល់ឱ្យសិស្សានុសិស្ស​នូវចំណេះ​ដឹងដ៏មានតម្លៃ និងឱកាសក្នុងការរៀនសូត្រពីប្រវត្តិសាស្ត្ររបស់យើង ក៏ដូចជា​តម្លៃនៃ​រូបិយវ​ត្ថុផងដែរ»។ ​

​លោក ប្លែស គីលីយ៉ង់ សហប្រធាន​សារមន្ទីរ ស.ស.រ បាន​មាន​ប្រសាសន៍​ថា៖ «យើងខ្ញុំពិត​ជា​រីករាយនឹងភាពជាដៃគូដ៏ជោគជ័យនេះ ដែលបានអនុញ្ញាតឱ្យសិស្សានុសិស្សមកពីគ្រឹះស្ថានអប់រំរដ្ឋ រាប់ពាន់នាក់បានមក​សិក្សារៀន​សូត្រ​អំពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ប្រទេសកម្ពុជា ព្រមទាំង​ពង្រឹង​បរិយាបន្ននៃសារមន្ទីរ ស.ស.រ ផងដែរ»។

លោក យឹម​ លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា៖ «អនុស្សរណៈនៃការយោគយល់គ្នាក្នុងឆ្នាំទី៣នេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងយូរអង្វែង ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាការបណ្តុះបណ្តាល​ចំណេះដឹងផ្នែក​ហិរញ្ញវត្ថុដល់​យុវជន​កម្ពុជា ​តាមរយៈកម្មវិធីទស្សនកិច្ចសិក្សានៅសារមន្ទីរ ស.ស.រ​»។

ការ​បន្តអនុស្សរណៈនៃការយោគយល់គ្នានេះ ​​មានសុពលភាពភ្លាមៗ រហូតដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៧ និង​អាច​បន្តសាជាថ្មី​នាពេលខាងមុខ​។​

​មកទល់បច្ចុប្បន្ន តាម​រយៈគំនិតផ្តួចផ្តើមនេះ ​ធនាគារឯកជនកម្ពុជាបាន​រួមចំណែកក្នុងមូល​និធិ​សម្រាប់​ចំណាយ​លើថ្លៃដឹកជញ្ជូននិងថ្លៃទស្សនា ​និង​បានផ្តល់ឱកាសដល់​សិស្សានុសិស្ស​ប្រមាណ ១៥,០០០នាក់ ដែលមកពីគ្រឹះស្ថានអប់រំរដ្ឋក្នុង​រាជធានីភ្នំពេញ ពីតំបន់ជាយ​រាជធានីភ្នំពេញ និងពី​ខេត្តកំពង់ធំ រតនគិរី ស្ទឹងត្រែង ក្រចេះ និងកំពង់ចាម អាច​មកទស្សនាសារមន្ទីរ ស.ស.រ។​

ឱកាសអប់រំដ៏មានតម្លៃនេះបានជួយពង្រីកទស្សនវិស័យផ្នែកវប្បធម៌របស់សិស្សានុសិស្ស ស្របពេលដែលពួកគេទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្ររូបិយវត្ថុ និងសេដ្ឋកិច្ចជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម