Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារពិភព​លោក​រំពឹងថា កំណើនសេដ្ឋកិច្ច​វៀតណាម​​នឹងធ្លាក់សន្ទុះឆ្នាំនេះ

បានផុស

នៅ

ធនាគារពិភព​លោកបាន​ឱ្យដឹងនូវការព្យាករចុងក្រោយរបស់ខ្លួនកាលពីថ្ងៃសុក្រថា កំណើនសេដ្ឋកិច្ចវៀតណាមនឹង​ធ្លាក់ចុះសន្ទុះពី ៨% នៅឆ្នាំមុន មកត្រឹម ៦,៨% នៅឆ្នាំនេះ ចំពេលដែលសេដ្ឋកិច្ចពិភព​លោកស្ថិតនៅក្នុងភាពមិនប្រាកដប្រជា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Mariam J. Sherman នាយិកាធនាគារពិភព​លោកប្រចាំវៀតណាម បាន​ថ្លែងថា​៖ «​ស្ថានភាពពិភពលោកកាន់តែទន់ខ្សោយ កំពុងធ្វើឱ្យបរិយាកាសខាងក្រៅរបស់​វៀតណាមកាន់តែ​​ប្រឈមនឹង​បញ្ហា ដោយវិបត្តិប្រេងបានបន្ថែមហានិភ័យអវិជ្ជមានដល់សេដ្ឋកិច្ច»។

កំណើន ៦,៨% គឺទាបជាងឆ្ងាយ បើធៀបទៅនឹង​គោលដៅរបស់រដ្ឋាភិបាលវៀតណាម ១០% នៅឆ្នាំនេះ និងពេញមួយទសវត្សបច្ចុប្បន្ន ប៉ុន្តែនៅតែខ្ពស់ជាងគេ ធៀបនឹង​គូប្រជែងក្នុងតំបន់។

វៀតណាមកំពុងប្រឈមមុខនឹង​សម្ពាធអតិផរណា ដែលជំរុញដោយសង្រ្គាមនៅអ៊ីរ៉ង់។ អតិផរណាប្រទេសនេះ បាន​ហក់ឡើងដល់ ៥,៤៦% នៅខែមេសា ដោយ​ខ្ពស់ជាងគោលដៅ ៤,៥% របស់រដ្ឋាភិបាល​។

ធនាគារពិភព​លោក​ព្យាករអតិផរណាប្រចាំឆ្នាំ ២០២៦ របស់វៀតណាមនៅ ៤,២%។

ធនាគារ​បាននិយាយថា វិស័យធនាគាររបស់ប្រទេសវៀតណាមបានជួបប្រទះនឹងភាពតានតឹងផ្នែកហិរញ្ញប្បទាន ដោយកំណើនឥណទានបានលើសពីការកៀរគរប្រាក់បញ្ញើ។ ​ជាមួយគ្នានោះ ជម្លោះនៅមជ្ឈិមបូព៌ាដែលអូសបន្លាយ អាចធ្វើឱ្យការនាំចេញរបស់ប្រទេសវៀតណាមធ្លាក់ចុះ និងធ្វើឱ្យវិបត្តិក្នុងវិស័យធនាគារ និង​សម្ពាធរូបិយប័ណ្ណកាន់តែធ្ងន់ធ្ងរឡើងៗ ចំពេលដែលក្រុមហ៊ុនសាជីវកម្មជាប់បំណុលច្រើន ហើយ​ទុនបម្រុងបរទេសរបស់រដ្ឋាភិបាល​ក៏​មានកម្រិត។

ធនាគារពិភពលោកជំរុញឱ្យប្រទេសវៀតណាមផ្លាស់ប្តូរគំរូកំណើនសេដ្ឋកិច្ចរបស់ខ្លួន ពីការពឹងផ្អែកលើការប្រើប្រាស់ធនធានកាន់តែច្រើន និងការផ្តល់ហិរញ្ញប្បទានតាមធនាគារទៅជាកំណើនដែលជំរុញដោយផលិតភាព ទីផ្សារមូលធនកាន់តែស៊ីជម្រៅ និងការវិនិយោគផ្ទាល់ពីបរទេសដែលមានគុណភាពខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម