Connect with us

ព័ត៌មានអន្ដរជាតិ

​រដ្ឋមន្ត្រីការបរទេស​គុយបា ព្រមាន សម្តី​ លោក រូប៊ីយ៉ូ ​អាច​បង្ក​ការបង្ហូរ​ឈាម

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla បានចោទប្រកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) ថា កំពុងបង្កឲ្យមានការកើនឡើង​ជម្លោះ​​ឈានទៅរកការប្រឈមមុខដាក់គ្នាតាមផ្លូវយោធា។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Anadolu

រដ្ឋមន្ត្រីការបរទេសគុយបា Rodriguez Parrilla និង រូប៊ីយ៉ូ ( រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រី​ការបរទេស​គុយបា បានសរសេរនៅលើបណ្តាញសង្គម X ថា៖ «រដ្ឋមន្ត្រីការបរទេសអាមេរិកកំពុងភូតកុហកម្តងទៀត ដើម្បីញុះញង់ឲ្យមានការឈ្លានពានខាងយោធា ដែលនឹងបង្កឲ្យមានការបង្ហូរឈាមទាំងចំពោះពលរដ្ឋគុយបា និងពលរដ្ឋអាមេរិក»។

ការលើកឡើងរបស់លោក បានធ្វើឡើង បន្ទាប់ពីលោក រូប៊ីយ៉ូ  បានថ្លែងថា ប្រទេសគុយបាកំពុងបង្កជា «ការគំរាមកំហែងដល់សន្តិសុខជាតិ» ដល់សហរដ្ឋអាមេរិក។

លោក Rodriguez Parrilla បាននិយាយថា «គុយបាមិនមែនជាការគំរាមកំហែង ហើយក៏មិនដែលជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកនោះឡើយ។ រដ្ឋាភិបាលអាមេរិកទៅវិញទេ ដែលបានធ្វើបាបប្រជាជនគុយបាយ៉ាងសាហាវឃោរឃៅ និងជាប្រព័ន្ធ ហើយនៅក្នុងប៉ុន្មានខែថ្មីៗនេះ បានចូលរួមក្នុងការបង្កឲ្យមានភាពអស់សង្ឃឹមក្នុងចំណោមប្រជាជន និងធ្វើឲ្យសេដ្ឋកិច្ចដួលរលំ តាមរយៈការហាមឃាត់ការនាំចូលប្រេងឥន្ធនៈ និងការបង្កើនការអនុវត្តច្បាប់ហ៊ុមព័ទ្ធក្រៅដែនដីរបស់ខ្លួន»។

លោក Rodriguez Parrilla ក៏បានទាត់ចោលផងដែរ ចំពោះការចាត់ថ្នាក់របស់សហរដ្ឋអាមេរិក ដែលថាគុយបាជាប្រទេសគាំទ្រភេរវកម្ម។

លោកបានបន្ថែមថា «លោក រូប៊ីយ៉ូ នៅតែជម្នះលើការភូតកុហក ដោយចាត់ទុកគុយបាជាប្រទេសឧបត្ថម្ភធនដល់ភេរវកម្ម ខណៈដែលអាមេរិកខ្លួនឯងទៅវិញទេ ដែលបានធ្វើសកម្មភាពដោយឃុបឃិតគ្នា និងមិនមានទោសទណ្ឌអស់រយៈពេលរាប់ទសវត្សរ៍មកហើយ តាមរយៈការអនុញ្ញាតឲ្យមានការរៀបចំ និងការអនុវត្តសកម្មភាពភេរវកម្មប្រឆាំងនឹងគុយបាចេញពីទឹកដីរបស់ខ្លួន និងការផ្តល់ជម្រកប្រកបដោយសុវត្ថិភាពដល់ជនភេរវករដែលបានសារភាពទោសរួចជាស្រេច»។

សូមរម្លឹកដែរថា ភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោន និងក្រុង Havana បានផ្ទុះឡើងជាថ្មីយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋបាលអាមេរិកថ្មីរបស់លោក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រូប៊ីយ៉ូ បានបង្ហាញជំហររឹងត្អឹង។ ស្ថានភាពកាន់តែអាក្រក់ទៅៗ បន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិក បានប្រកាសចោទប្រកាន់ជាផ្លូវការលើអតីតប្រធានាធិបតីគុយបា លោក រ៉ាអ៊ូល កាស្ត្រូ (Raúl Castro) ពីបទមនុស្សឃាត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍បាញ់ទម្លាក់យន្តហោះកាលពីឆ្នាំ ១៩៩៦៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម