Connect with us

ព័ត៌មានអន្ដរជាតិ

​​រដ្ឋមន្ត្រី​ការបរទេស​គុយបា ចោទអាមេរិកថា ព្យាយាម​​រារាំង​ និង​ដាក់សម្ពាធលើសមាជិក UN

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសគុយបា បានថ្លែង​នៅ​ថ្ងៃ ទី៣០ ខែមិថុនា ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកកំពុងដាក់​សម្ពាធ និងគំរាមកំហែងដល់បណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ (UN) ដើម្បីពន្យារពេល​​លើ​ការជជែកដេញដោល​នៅក្នុងអង្គប្រជុំនាពេលខាងមុខ ជុំវិញការបិទខ្ទប់របស់អាមេរិក មកលើ​ប្រទេស​កោះ​គុយបា ដែលគ្រប់គ្រងដោយបក្សកុម្មុយនីស្តមួយនេះ។

រដ្ឋមន្ត្រីការបរទេស លោក Bruno Rodriguez (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហាវ៉ាណា រដ្ឋមន្ត្រីការបរទេស​គុយបា​ លោក Bruno Rodriguez បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ទណ្ឌកម្មរបស់អាមេរិកកំពុង «បង្កឲ្យមានមនុស្សស្លាប់» នៅក្នុងប្រទេស​គុយបា ចំពេលដែលសេដ្ឋកិច្ចជាតិកំពុងដួលរលំ ហើយការកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ ថ្នាំសង្កូវ និងអគ្គិសនីយ៉ាងធ្ងន់ធ្ងរ បានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រមាណ ៩ លាននាក់នៅលើ​ប្រទេស​កោះនេះ ស្ទើរតែមិនអាចទ្រាំទ្របាន។

យោងតាម Reuters , ការជជែកដេញដោលដែលត្រូវបានគ្រោងទុកសម្រាប់ថ្ងៃទី៧ ខែកក្កដា ខាងមុខនេះ ជាទូទៅគឺជាការបើកផ្លូវមុននឹងឈានទៅដល់ការបោះឆ្នោតរបស់បណ្តាប្រទេសជាសមាជិក UN នៅចុងឆ្នាំនេះ ដើម្បីអំពាវនាវឲ្យអាមេរិកបញ្ឈប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ខ្លួនប្រឆាំងនឹងគុយបា។

កន្លងមក អង្គការសហប្រជាជាតិ បានបោះឆ្នោតចំនួន ៣១ដងរួចមកហើយ រួមទាំងកាលពីខែវិច្ឆិកា ឆ្នាំ​២០២៥​ កន្លង​ទៅនេះ​ដែរ ដើម្បីស្នើឲ្យអាមេរិកបញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចដែលបានអូសបន្លាយពេលរាប់ទសវត្សរ៍មកនេះ។ លទ្ធផលនៃការបោះឆ្នោតទាំងនោះជាប្រវត្តិសាស្ត្រ គឺស្ទើរតែជាឯកច្ឆន្ទ ដោយជាទូទៅមានតែ​អាមេរិក និងអ៊ីស្រាអែលប៉ុណ្ណោះដែលបោះឆ្នោតប្រឆាំង។

ទោះជាយ៉ាងណាក៏ដោយ ការបោះឆ្នោតដែលមិនមានលក្ខណៈចាប់​បង្ខំ​ខាង​​ផ្លូវច្បាប់នៅក្នុងឆ្នាំនេះ បានក្លាយ​ជាចំណុចពិសេស និងសំខាន់បំផុតសម្រាប់គុយបា បន្ទាប់ពីរដ្ឋបាលត្រាំ បានដាក់ទណ្ឌកម្មបិទខ្ទប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈមកលើកោះនេះកាលពីខែមករា រួមទាំងទណ្ឌកម្មថ្មីៗផ្សេងទៀត ដែលបានបណ្តាលឲ្យមានការដកទុនវិនិយោគពីបរទេស និងធ្វើឲ្យវិស័យទេសចរណ៍របស់គុយបាត្រូវដួលរលំស្ទើរតែទាំងស្រុង។

ទោះជាយ៉ាងណា ក្រសួងការបរទេសអាមេរិក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញការចោទប្រកាន់របស់រដ្ឋមន្ត្រីការបរទេសគុយបាឡើយ។ ដោយឡែក ក្រុមអ្នកជំនាញរបស់ UN កាលពីពេលមុន ធ្លាប់បានហៅការបិទខ្ទប់ប្រេងឥន្ធនៈរបស់អាមេរិកដែលបានអនុវត្តកាលពីខែមករានោះថា ជាទង្វើខុសច្បាប់ និងជាការរំលោភលើសិទ្ធិមនុស្សរបស់ប្រជាជនគុយបាទាំងអស់៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម