ព័ត៌មានអន្ដរជាតិ
គុយបា ប្រកាសផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ច ជួយប្រជាជនខ្វះខាតខ្លាំង លែងខ្វល់សម្ពាធធំពីអាមេរិក
ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានថ្លែងនៅក្នុងសុន្ទរកថាមួយ ទៅកាន់ថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្ត ដែលត្រូវបានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ថា សេដ្ឋកិច្ចរបស់ប្រទេស គុយបា ត្រូវការ «ការផ្លាស់ប្តូរជាបន្ទាន់» ដើម្បីជម្នះវិបត្តិដ៏ធំមួយ ដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារតែការបិទខ្ទប់ប្រេងពីសំណាក់សហរដ្ឋអាមេរិក។

យោងតាមការចេញផ្សាយពីសារព័ត៌មាន the guardian លោក Diaz-Canel បានប្រាប់ការិយាល័យនយោបាយ របស់គណបក្សថា «ស្ថានភាពនេះ ទាមទារឲ្យមានការផ្លាស់ប្តូរបន្ទាន់ និងចាំបាច់បំផុត»។ នេះជាការទទួលស្គាល់ដោយត្រង់ៗមិនធ្លាប់មានរបស់លោក ចំពោះតម្រូវការក្នុងការកែទម្រង់គំរូសេដ្ឋកិច្ចរបស់ប្រទេសកុម្មុយនីស្តដែលស្ថិតនៅក្បែរអាមេរិកបំផុតនោះ។
លោក ក៏បានលើកឡើងពីប្រទេសចិន និងវៀតណាម ថា ជាគំរូដែលអាចទៅរួច ក្នុងការបើកចំហសេដ្ឋកិច្ចរបស់គុយបាទៅកាន់ពិភពលោក ដើម្បីបង្កើតទ្រព្យសម្បត្តិសេដ្ឋកិច្ច និងបែងចែកវាដោយសមធម៌។
លោក Diaz-Canel បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំមួយដែលត្រូវបានរៀបចំឡើង ដើម្បីពន្លឿនកំណែទម្រង់ សំដៅជំរុញវិស័យឯកជនដែលកំពុងរីកចម្រើន និងទាក់ទាញទុនបន្ថែមពីប្រជាជនគុយបារាប់លាននាក់ ដែលបានភៀសខ្លួនពីវិបត្តិនេះទៅរស់នៅបរទេស។
មេដឹកនាំគុយបា ថែមទាំងសង្កត់ធ្ងន់ថា កំណែទម្រង់មួយចំនួន នឹងមិនមានការឯកភាពគ្នាទាំងស្រុងនោះទេ ប៉ុន្តែមិនអាចពន្យារពេលបានឡើយ។ នៅពេលដែលជីវភាពរស់នៅរបស់ប្រជាជនកាន់តែពិបាកខ្លាំងបែបនេះ គណបក្សកុម្មុយនីស្ត និងរដ្ឋាភិបាល មានទំនួលខុសត្រូវក្នុងរឿង ផ្លាស់ប្តូរអ្វីដែលត្រូវផ្លាស់ប្តូរ ជាជាងការព្យាយាមដោះស្រាយដោះសារដើម្បីបិទបាំងវិបត្តិនេះ។
ការបិទខ្ទប់ប្រេងដែលត្រូវបានដាក់ចេញដោយប្រធានាធិបតី ដូណាល់ ត្រាំ កាលពីខែមករា បានធ្វើឲ្យសេដ្ឋកិច្ចរបស់គុយបា ដែលទន់ខ្សោយស្រាប់ទៅហើយនោះ ឈានទៅរកភាពដួលរលំ ដោយមានការកាត់ផ្តាច់ចរន្តអគ្គិសនីជារឿយៗ ជួនកាលមានរយៈពេលជាង ៣០ម៉ោង និងមានការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ ទឹកស្អាត ក៏ដូចជាឱសថផងដែរ។ ក្នុងពេលដែលជំហររបស់ទីក្រុងឡាហាវ៉ាន (Havana) គឺតែងតែបន្ទោសបញ្ហាទុក្ខលំបាករបស់ខ្លួនទៅលើការហ៊ុមព័ទ្ធពាណិជ្ជកម្មរបស់អាមេរិកជាង ៦ទសវត្សរ៍ និងការបិទខ្ទប់នោះ លោក Diaz-Canel បានទទួលស្គាល់ថា មាន ឧបសគ្គដែលមិនមែនមកពីខាងក្រៅ ហើយក៏មិនមែនមកពីការបិទខ្ទប់នោះដែរ។
មិនតែប៉ុណ្ណោះ លោកក៏បានចង្អុលបង្ហាញពី ភាពយឺតយ៉ាវ ប្រព័ន្ធរដ្ឋបាលការិយាធិបតេយ្យ និងបទប្បញ្ញត្តិទាំងឡាយណាដែលរារាំងដល់អ្នកចង់ផលិត ក៏ដូចជា ការសម្រេចចិត្តទាំងឡាយដែលបានពន្យារពេលកន្លងមក។ កំណែទម្រង់ទាំងនេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការប៉ុនប៉ងយ៉ាងអស់សង្ឃឹមនៅនាទីចុងក្រោយ ដើម្បីទប់ស្កាត់ការដួលរលំសេដ្ឋកិច្ច។
ទោះជាយ៉ាងណាក៏ដោយ វានៅមិនទាន់ច្បាស់នៅឡើយទេថា តើកំណែទម្រង់ទាំងនេះនឹងអាចធ្វើឲ្យលោកត្រាំ ពេញចិត្តដែរឬទេ ព្រោះលោកកំពុងតែជំរុញឲ្យមានការផ្លាស់ប្តូរទាំងថ្នាក់ដឹកនាំរបស់គុយបា ក៏ដូចជាគំរូសេដ្ឋកិច្ចរបស់ប្រទេសនេះផងដែរ។
គួរបញ្ជាក់ដែរថា ក្រោយការកាត់ផ្តាច់ប្រេងពីវ៉េណេស៊ុយអេឡា ក្នុងខែមករា ឆ្នាំ២០២៦ លោក ត្រាំ បានដាក់ចេញបទបញ្ជាប្រតិបត្តិយ៉ាងតឹងរ៉ឹង ដោយព្រមានដាក់ទណ្ឌកម្ម និងដកពន្ធធ្ងន់ធ្ងរលើប្រទេសណាហ៊ានលក់ ឬដឹកជញ្ជូនប្រេងឲ្យគុយបា (សូម្បីតែម៉ិកស៊ិក ក៏ត្រូវបង្ខំចិត្តផ្អាកដឹកប្រេងឲ្យគុយបាដែរ)។ ការណ៍នេះ បានធ្វើឲ្យប្រព័ន្ធអគ្គិសនីជាតិរលំទាំងស្រុង រោងចក្រនិងមន្ទីរពេទ្យគ្មានភ្លើងប្រើ ខ្វះខាតទឹកស្អាត ស្បៀងអាហារ និងថ្នាំសង្កូវ រហូតរុញឲ្យបក្សកុម្មុយនីស្តគុយបាគ្មានជម្រើសក្រៅពីប្រកាសធ្វើកំណែទម្រង់បើកចំហទីផ្សារសេរីបែបនាទីចុងក្រោយនេះឯង៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


