Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហេសបូឡា៖ ការ​ទម្លាក់អាវុធ ប្រៀបដូច​ការ​នាំ​លីបង់ទៅ​រក «សេចក្ដី​វិនាស»

បានផុស

នៅ

មេដឹកនាំ​​ក្រុមហេសបូឡា (Hezbollah) លោក Naim Qassem បានចេញមុខប្រកាសយ៉ាងដាច់អហង្ការថា រាល់ការ​បង្ខំឱ្យក្រុមរបស់លោកទម្លាក់អាវុធ គឺប្រៀបដូចជាការរុញច្រានប្រទេសលីបង់ ទៅរក «សេចក្ដី​វិនាសសាបសូន្យ» យ៉ាងដូច្នោះដែរ។

លោក Naim Qassem (រូបថត៖ Anadolu)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន The New Region នៅក្នុងការថ្លែងសារតាមកញ្ចក់ទូរទស្សន៍ កាលពី​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៦ លោក Qassem បានសង្កត់ធ្ងន់ថា ការដកហូតអាវុធពីហេសបូឡា នឹងធ្វើឱ្យលីបង់បាត់បង់សមត្ថភាពការពារខ្លួន ហើយលោកចោទប្រកាន់អ៊ីស្រាអែលថា មានគំនិតចង់វាយលុកទន្ទ្រានកាន់កាប់ទឹកដីលីបង់ជាបណ្តើរៗ។

ការប្រកាសមិនព្រមប្រគល់អាវុធនេះ ធ្វើឡើង ចំពេលដែលសហរដ្ឋអាមេរិក កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើរដ្ឋាភិបាលទីក្រុងបេរូត ឱ្យគោរពតាមការសន្យា ក្នុងការលុបបំបាត់ឥទ្ធិពល និងដកហូតអាវុធពីក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់មួយនេះ។ យ៉ាង​ណាមិញ មេដឹកនាំហេសបូឡា បានតវ៉ាថា អាវុធទាំងអស់ នឹងបន្តស្ថិតនៅក្នុងដៃរបស់ពួកគេ រហូតទាល់តែរដ្ឋលីបង់ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារប្រទេស ហើយលោកបានព្រមានថា ហេសបូឡា នឹងតតាំងជាមួយអ្នកណា ដែលហ៊ានមកប៉ះពាល់ក្រុមរបស់លោក ដូចអ្វីដែលពួកគេកំពុងតទល់ជាមួយអ៊ីស្រាអែលដែរ។

ទាក់ទងនឹងបទឈប់បាញ់ លោក Qassem បានរំឮកថា កាលពីចុងឆ្នាំ ២០២៤ លីបង់ធ្លាប់បានព្រមព្រៀង ដោយប្រយោល ដើម្បីបញ្ចប់ការវាយប្រហារពីអ៊ីស្រាអែល ប៉ុន្តែការវាយប្រហារ នៅតែបន្តកើតមានជាហូរហែ ដោយសារតែអាជ្ញាធរលីបង់ទន់ខ្សោយ មិនអាចបង្ខំឱ្យមានការគោរពកិច្ចព្រមព្រៀងបាន។ ទោះបីជាថ្មីៗនេះ មានការព្រមព្រៀងពន្យារពេលបទឈប់បាញ់រយៈពេល ៤៥ថ្ងៃបន្ថែមទៀត តាមរយៈការចរចា ដែលមានអាមេរិកជាអ្នកសម្របសម្រួល នៅទីក្រុងវ៉ាស៊ីនតោន ក៏ដោយ ក៏ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅ​លើក្រុមហេសបូឡា នៅតែបន្តកើតមានស្ទើរតែរាល់ថ្ងៃ។

ដ្បិត​ស្ថានការណ៍កំពុងតានតឹងខ្លាំង លោក Qassem បានសម្តែងការរំពឹងទុកខ្ពស់លើកិច្ចព្រមព្រៀងសន្តិភាពដ៏ធំមួយ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលកំពុងមានសញ្ញាវិជ្ជមាន ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ លោកសង្ឃឹមថា បើកិច្ចព្រមព្រៀងនោះលេចចេញជារូបរាងមែន ប្រទេសលីបង់ ក៏នឹងត្រូវបានរាប់បញ្ចូល ក្នុងការទទួលបានសន្តិភាព និងការបញ្ឈប់រាល់អរិភាពទាំងស្រុងផងដែរ។ ប៉ុន្តែភ្លាមៗនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហូ បានចេញមកបញ្ជាក់វិញថា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោក ដូណាល់ ត្រាំ បានគាំទ្រសិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងគ្រប់ទិសទី រួមទាំងនៅលីបង់ផងដែរ ដែលនេះហាក់ដូចជាការបើកភ្លើងខៀវឱ្យអ៊ីស្រាអែល បន្តវាយប្រហារទៅលើក្រុមហេសបូឡា ដដែល។

សង្គ្រាមដ៏រ៉ាំរ៉ៃនេះ បានបង្កឱ្យមានការខូចខាត និងបាត់បង់ជីវិតមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់។ យោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលលីបង់ ចាប់តាំងពីការវាយប្រហារគ្នាជាថ្មី បានផ្ទុះឡើងយ៉ាងខ្លាំងក្លា កាលពីដើមខែមីនា មក មនុស្សចំនួន ៣ ១៥១នាក់ ត្រូវបានសម្លាប់ និងជាង ៩ ៥០០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងយុទ្ធនាការយោធាដ៏ស្រួចស្រាវរវាងអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងខ្សែបណ្តាញរបស់ប្រទេសអ៊ីរ៉ង់នៅក្នុងតំបន់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម