Connect with us

ព័ត៌មានជាតិ

ប្រធានរដ្ឋសភាស្នើសិង្ហបុរីជួយបណ្តុះបណ្តាលបច្ចេកវិទ្យា និង AI ដល់មន្ត្រីរដ្ឋសភា

បានផុស

នៅ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីបំណងចង់ឃើញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយប្រទេសសិង្ហបុរី លើការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីធ្វើទំនើបកម្មរដ្ឋបាលរដ្ឋសភាកម្ពុជា ឱ្យដើរទាន់ការវិវត្តនៃបច្ចេកវិទ្យារបស់សកលលោកនាពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងឱកាសដែល សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អនុញ្ញាតឱ្យ លោក ប៉ាង ឈី វី (PANG Chee Wee) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពទើបតែងតាំងថ្មី នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅវិមានរដ្ឋសភា។

នៅក្នុងជំនួបនេះ សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា នៅក្នុងអាណត្តិនីតិកាលទី៧ នេះ រដ្ឋសភាកម្ពុជាបាននិងកំពុងអនុវត្តការងាររបស់ខ្លួនយ៉ាងសកម្ម លើការងារកំណែទម្រង់រចនាសម្ព័ន្ធផ្ទៃក្នុង ការអភិវឌ្ឍន៍នវានុវត្តន៍ និងការធ្វើទំនើបកម្មស្ថាប័ន ក្នុងគោលដៅយុទ្ធសាស្ត្រចម្បង គឺការធ្វើបរិវត្តកម្មឌីជីថល ដោយបំប្លែងរដ្ឋបាលរដ្ឋសភា ទៅជា «សភាឌីជីថល» ដើម្បីបង្កើនល្បឿន ប្រសិទ្ធភាព និងតម្លាភាព ក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណៈ ក៏ដូចជាការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។


ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រដ៏សំខាន់នេះ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់រដ្ឋាភិបាលសិង្ហបុរី តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី ជួយផ្តល់ការគាំទ្រ ជួយចែករំលែកបទពិសោធន៍ជោគជ័យល្អៗ ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសជាក់ស្តែង ជាពិសេសលើផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់បន្ថែមថា៖ «ការកសាងសភាឌីជីថល មិនមែនគ្រាន់តែជាការបំពាក់ឧបករណ៍បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែចំណុចគន្លឹះគឺការវិនិយោគលើធនធានមនុស្ស ឱ្យមានចំណេះដឹង និងជំនាញឌីជីថលពិតប្រាកដ។ ក្នុងន័យនេះ ការទទួលបានការគាំទ្រ និងការចែករំលែក   បទពិសោធន៍ពីប្រទេសសិង្ហបុរី នឹងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការជួយឱ្យរដ្ឋសភាកម្ពុជាសម្រេចបាននូវទស្សនវិស័យទំនើបកម្មមួយនេះ ប្រកបដោយផ្លែផ្កានិងនិរន្តរភាព»។

ជាការឆ្លើយតប លោក ប៉ាង ឈី វី ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរី បានសម្តែងការឯកភាពទាំងស្រុងចំពោះទស្សនវិស័យ និងគំនិតផ្តួចផ្តើមវែងឆ្ងាយរបស់សម្តេចប្រធានរដ្ឋសភា។ ឯកឧត្តមបានគូសបញ្ជាក់យ៉ាងច្បាស់ថា ភាគីសិង្ហបុរីតែងតែចាត់ទុក «ការអភិវឌ្ឍធនធានមនុស្ស» ជាស្នូល និងជាអាទិភាពខ្ពស់បំផុតនៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា។


ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។ លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់សិង្ហបុរីលើការបណ្តុះបណ្តាលធនធានមនុស្ស និងបច្ចេកវិទ្យានេះ គឺដើរស្របតាម «នយោបាយឈ្នះ-ឈ្នះ» ដែលស្តែងចេញពីការគិតគូរខ្ពស់ ក្នុងការនាំមកនូវផលប្រយោជន៍ និងការរីកចម្រើនទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជននៃប្រជាជាតិទាំងសងខាង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម