Connect with us

ព័ត៌មានជាតិ

កម្ពុជា-សិង្ហបុរី ពង្រឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច

បានផុស

នៅ

នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ កិច្ចពិភាក្សានេះ បានផ្តោតសំខាន់លើការផ្លាស់ប្តូរទស្សនៈ ស្តីពីទំនាក់ទំនងទ្វេភាគី ព្រមទាំងការពង្រឹង និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ចរវាងកម្ពុជា និងសិង្ហបុរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ក្នុងអំឡុងពេលនៃជំនួបពិភាក្សា រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានអបអរសាទរចំពោះ លោកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនេះលោករដ្ឋមន្ត្រី បានបង្ហាញនូវការពេញចិត្តចំពោះចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងសិង្ហបុរី ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៥ ហើយបាននិងកំពុងបន្តរីកចម្រើនយ៉ាងស៊ីជម្រៅលើវិស័យជាច្រើន រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ សន្តិសុខ អប់រំ ទេសចរណ៍ និងនវានុវត្តន៍ឌីជីថល។

ជាមួយគ្នានេះ លោកបានបង្ហាញនូវបំណងក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយ លោកឯកអគ្គរដ្ឋទូត ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអធិការកិច្ច។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្រ្តី និងបានបញ្ជាក់ពីការគាំទ្រចំពោះគំនិតផ្តួចផ្ដើមយុទ្ធសាស្ត្ររបស់ក្រសួង ព្រមទាំងបាន បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអធិការកិច្ច ជាពិសេសកិច្ចសហប្រតិបត្តិការរវាង ក្រសួងអធិការកិច្ច ជាមួយស្ថាប័នពាក់ព័ន្ធនៅប្រទេសសិង្ហបុរី និងបានលើកឡើងអំពីយន្តការអភិបាលកិច្ចក្នុងវិស័យសាធារណៈរបស់ប្រទេសសិង្ហបុរីផងដែរ។

បន្ថែមពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយោបល់លើបញ្ហាតំបន់ និងសកល ដែលជាក្តីបារម្ភរួមគ្នា និងវឌ្ឍនភាព ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ានផងដែរ។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងសិង្ហបុរី ក្នុងវិស័យអធិការកិច្ច ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម