Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ អះអាងថា កិច្ចព្រមព្រៀងសន្តិភាព អាមេរិក-អ៊ីរ៉ង់ ចុះហត្ថលេខា រួចរាល់អស់ហើយ

បានផុស

នៅ

ក្រោយការប្រកាសជាសាធារណៈ ពីសំណាក់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងសន្តិភាពហើយនោះ ពេលនេះ ប្រមុខសេតវិមាន ដូណាល់ ត្រាំ អះអាងថា កិច្ចព្រមព្រៀងនោះ ត្រូវបានចុះហត្ថលេខារួចរាល់ហើយ ហើយខ្លឹមសារលម្អិត នឹងទម្លាយក្នុងពេលឆាប់ៗនេះ។

(រូប៖ Reuters)

អំឡុងកិច្ចពិភាក្សាជាមួយមេដឹកនាំបារាំង អេម៉ាណូអែល ម៉ាក្រុង នៅកិច្ចប្រជុំ G7 កាលពីថ្ងៃចន្ទ ទី១៥ ​ខែមិថុនា ឆ្នាំ២០២៦ លោកត្រាំ ថ្លែងថា កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាទាំងអស់ហើយ។ 

ទោះបីជាខ្លឹមសារពេញលេញ មិនទាន់ត្រូវបានបញ្ចេញក៏ដោយ ប៉ុន្តែមន្ត្រីរដ្ឋបាលជាន់ខ្ពស់ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបញ្ជាក់ពីសសរស្តម្ភសំខាន់ៗ មួយចំនួននៅក្នុងកិច្ចព្រមព្រៀងនេះ។ ក្នុងនោះមានដូចជា៖

(រូប៖ Reuters)

🛑ការចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រូនិក៖ អនុស្សរណៈនៃការយោគយល់គ្នា (MOU) បឋមនេះ ត្រូវបានចុះហត្ថលេខា ជាឌីជីថល ដោយលោកត្រាំ, អនុប្រធានាធិបតី ជេឌី វ៉ានស៍ និងប្រធានសភាអ៊ីរ៉ង់ ម៉ូហាំម៉ាត់ បាហ្គ័រ កាលីបាហ្វ។

🛑ការឈប់បាញ់គ្នារយៈពេល ៦០ថ្ងៃ៖ កិច្ចព្រមព្រៀងនេះ កំណត់រយៈពេល ៦០ថ្ងៃ ដើម្បីផ្អាកសកម្មភាពយោធា ដោយទុកពេលឲ្យប្រទេសទាំងពីរ ចរចាលើសន្ធិសញ្ញាសន្តិភាពអចិន្ត្រៃយ៍។

🛑ការបើកច្រកសមុទ្រ Hormuz ឡើងវិញ៖ ផ្លូវដឹកជញ្ជូនប្រេង ដ៏មមាញឹកបំផុតរបស់ពិភពលោកមួយនេះ នឹង «បើកដំណើរការឡើងវិញទាំងស្រុង» នៅថ្ងៃសុក្រ ជាមួយនឹងការដែលសហរដ្ឋអាមេរិក ដកការបិទខ្ទប់ផ្លូវទឹកលើកំពង់ផែនានា របស់អ៊ីរ៉ង់។

🛑បញ្ឈប់ការប្រយុទ្ធគ្នាក្នុងតំបន់៖ កិច្ចព្រមព្រៀងនេះ តម្រូវឲ្យបញ្ឈប់ប្រតិបត្តិការយោធា ជាបន្ទាន់ នៅគ្រប់សមរភូមិ ដោយរួមបញ្ចូលទាំងនៅលីបង់ ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅតែស្រពេចស្រពិល អំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហរ៉ង់ ជាពិ​សេស ការប្រគល់សារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួច និងការបញ្ចេញទ្រព្យសម្បត្តិបង្កក របស់អ៊ីរ៉ង់។

(រូប៖ Reuters)

សូមជម្រាបជាថ្មី អាមេរិក និងអ៊ីស្រាអែល បានចាប់ដៃគ្នា ធ្វើសង្គ្រាមទ្រង់ទ្រាយធំលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦។ ពេលនោះ កងទ័ពអាកាសអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារយ៉ាងគំហុក ទៅលើទីតាំងយោធា និងអគាររដ្ឋាភិបាលសំខាន់ៗជាច្រើន នៅក្នុងប្រទេសអ៊ីរ៉ង់។

អាមេរិក អះអាងថា ការទប់ស្កាត់អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺជាគោលដៅធំបំផុត ដែលនាំឲ្យខ្លួនសម្រេច បើកប្រតិបត្តិការយោធានេះ។ អាមេរិក និងអ៊ីស្រាអែល ចោទថា ទីក្រុងតេហេរ៉ង់ បាននិងកំពុងជំរុញដំណើរការ ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ ដើម្បីផលិតអាវុធនុយក្លេអ៊ែរ ដែលអាចបង្កការគំរាមកំហែងដល់សន្តិសុខពិភពលោក៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម