ជីវិតកម្សាន្ដ
ក្រោយគេរំលឹករឿង «ឆ្អឹងអណ្ដែត» ធ្វើឱ្យតួឯកភាពយន្តខ្មែរដ៏ល្បី ទេព រិន្ទដារ៉ូ នឹករលឹកដល់អ្នកដឹកនាំរឿង
រំលឹកដល់ខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញអំឡុងទសវត្សរ៍ឆ្នាំ១៩៩០-១៩៩១ គឺរឿង «ឆ្អឹងអណ្តែត» ទស្សនិកជនអ្នកគាំទ្រជាច្រើននៅតែចងចាំមិនភ្លេចចំពោះស្នាដៃផលិតរបស់ផលិតករជើងចាស់ លោក ម៉ៅ អាយុទ្ធ ដែលជាកវីនិពន្ធ និងជាបុគ្គលឆ្នើមមួយរូបក្នុងវិស័យភាពយន្តកម្ពុជា។

បើទោះបីជារយៈពេលជាង ៣ទសវត្សរ៍ បានកន្លងផុតទៅក៏ដោយ ក្តីនឹករលឹកចំពោះខ្សែភាពយន្តដ៏ល្បីមួយនេះ នៅតែមានសម្រាប់មហាជនអ្នកគាំទ្រ ខណៈថ្មីៗនេះ រឿង «ឆ្អឹងអណ្តែត» ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមនាំគ្នាបង្ហោះ និងចែករំលែកជាថ្មី ដែលបានជំរុញឱ្យតារាសម្តែងជើងចាស់ល្បីឈ្មោះបោះសំឡេង លោក ទេព រិន្ទដារ៉ូ បង្ហាញពីអារម្មណ៍នឹករលឹកចំពោះផលិតករ ម៉ៅ អាយុទ្ធ ដែលធ្លាប់ដឹកនាំការសម្តែងរបស់លោកនៅក្នុងស្នាដៃដ៏ល្បីនេះ។
ខ្សែភាពយន្ត «ឆ្អឹងអណ្តែត» គឺមានការចូលរួមសម្តែងដោយលោក ទេព រិន្ទដារ៉ូ និងកំពូលតារាសម្តែងស្រី អ្នកនាង អម្ពរ ទេវី ហើយភាពយន្តមួយនេះ បានទទួលការគាំទ្រយ៉ាងខ្លាំង និងទទួលបានភាពល្បីល្បាញទាំងនៅក្នុង និងក្រៅប្រទេសនាពេលនោះ។
ក្រោយឃើញមានការបង្ហោះរំលឹកពីស្នាដៃចាស់ឡើងវិញ លោក ទេព រិន្ទដារ៉ូ ក៏បានចែករំលែកបន្តដោយភ្ជាប់ជាមួយសារខ្លីមួយថា “ឆ្អឹងអណ្តែត ដែលបានបញ្ចាំងបានទៅដល់ ៣ខែ នៅរោងភាពយន្តវិមានទិព្វ នឹកដល់លោកពូ ម៉ៅ អាយុទ្ធ”។
ជាមួយគ្នានេះ អ្នកគាំទ្រជាច្រើនក៏បានបង្ហាញអារម្មណ៍នឹករលឹកដល់ស្នាដៃភាពយន្តមួយនេះផងដែរ ដោយលើកឡើងថា រឿង «ឆ្អឹងអណ្តែត» មានទាំងបទចម្រៀងពីរោះ និងការសម្តែងដ៏ប៉ិនប្រសប់របស់តារាជើងចាស់ជាច្រើន ដែលបានធ្វើឱ្យស្នាដៃមួយនេះ ក្លាយជាអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់អ្នកស្រលាញ់វិស័យភាពយន្តខ្មែរ។

គួររំលឹកថា លោក ម៉ៅ អាយុទ្ធ ជាកវីនិពន្ធ(ចម្រៀង-កំណាព្យ) អ្នកនិពន្ធ (រឿង-ល្ខោន) ហើយក៏ជាផលិតករភាពយន្តជើងចាស់ដ៏លេចធ្លោមួយរូបរបស់កម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យភាពយន្ត និងសិល្បៈវប្បធម៌ជាតិអស់រយៈពេលជាច្រើនទសវត្សរ៍។ តួយ៉ាង មហាជនខ្មែរ បានស្គាល់លោកច្បាស់តាមរយៈស្នាដៃនិពន្ធ និងដឹកនាំរឿង នេសាទក្រពើ, ហ្លួងព្រះសេ្តចកន, អណ្តាតដុះឆ្កឹង, សម្តីចុងក្រោយ រីឯកំណាព្យដែលទាក់ទាញចំណាំអារម្មណ៍មហាជនខ្លាំង គឺមានចំណងជើងថា «លុយ» ។
លោកបានចាប់ផ្តើមការងារផ្នែកនិពន្ធ និងសារព័ត៌មានតាំងពីវ័យក្មេង។ ក្នុងអាជីពសិល្បៈ លោកបាននិពន្ធ និងផលិតខ្សែភាពយន្តជាច្រើន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនទាំងក្នុង និងក្រៅប្រទេស។
ក្រៅពីការងារសិល្បៈ លោកក៏ធ្លាប់កាន់តំណែងជាអ្នកដឹកនាំស្ថាប័នព័ត៌មាន (ទទក) និងជារដ្ឋលេខាធិការក្រសួងព័ត៌មានផងដែរ។ លោកត្រូវបានគេស្គាល់ថា ជាបុគ្គលដែលមានទេពកោសល្យខ្ពស់ និងមានការប្តេជ្ញាចិត្តក្នុងការថែរក្សា និងលើកស្ទួយវប្បធម៌ជាតិខ្មែរ។ ជាពិសេស លោក ម៉ៅ អាយុទ្ធ បានរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍវិស័យភាពយន្តកម្ពុជាឡើងវិញ បន្ទាប់ពីប្រទេសបានឆ្លងកាត់សង្គ្រាម និងវិបត្តិជាច្រើន។ ស្នាដៃរបស់លោកត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ និងការចងចាំរបស់ប្រជាជនខ្មែរ។

លោក ម៉ៅ អាយុទ្ធ បានទទួលមរណភាពនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយសារជំងឺកូវីដ។ ការបាត់បង់រូបលោក ត្រូវបានមហាជន និងអ្នកសិល្បៈជាច្រើនចាត់ទុកថា ជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃមួយរូបរបស់កម្ពុជា៕ ដោយ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


