Connect with us

ព័ត៌មានជាតិ

អាជ្ញាធរចុះបង្ក្រាបទីតាំងផលិតធ្យូងជាង ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាតក្នុងចំនួនពីរ ដើម្បីទប់ស្កាត់ការកាប់ព្រៃឈើ

បានផុស

នៅ

អាជ្ញាធរមានសមត្ថកិច្ច បានចុះបង្ក្រាបទីតាំងផលិតធ្យូងជាង ១០០ ឡ ដែលគ្មានច្បាប់អនុញ្ញាត ក្នុងខេត្តរតនគិរី និងខេត្តក្រចេះ​ ដោយអះអាងថា ឡធ្យូងដែលគ្មានច្បាប់អនុញ្ញាត គឺជាកត្តាចម្បងមួយដែលនាំឱ្យមានសកម្មភាពជំរុញឱ្យមានការដាក់សម្ពាធលើព្រៃឈើ និងការប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


រដ្ឋបាលខេត្តរតនគិរី តាមរយៈគណៈបញ្ជាការកងឯកភាពស្រុកកូនមុំ និងសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានចុះបង្ក្រាបឡធ្យូងជិត ១០០ឡដែលគ្មានច្បាប់អនុញ្ញាត ក្បែរតំបន់ការពារធម្មជាតិ មានទីតាំងជាប់នឹងព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ស្ថិតនៅភូមិបី ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

ចំណែកនៅខេត្តក្រចេះ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តនេះ បានចុះបង្ក្រាប ឡធ្យូង១ទីតាំង មាន២ឡធ្យូង ស្ថិតនៅត្រង់ចំណុច ទួលចំបក់ស្ថិតក្នុង ភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើង ចាប់ពីថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦ ដោយកម្លាំងមន្រី្តឧទ្យានុរក្ស សហការជាមួយកម្លាំងល្បាតរបស់សហគមន៍មូលដ្ឋាន និងប្រជាការពារភូមិ ។​

ជាមួយការចុះបង្ក្រាបនេពេលនេះអាជ្ញារធរ នឹងបន្តទប់ស្កាត់មិនឱ្យមានឡធ្យូងខុសច្បាប់កើតឡើងផងដែរ។ ក្រសួងបរិស្ថាន ក៏ស្នើឱ្យមានការចូលរួមបន្តសហការចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតអាទិភាពទៅលើសសរស្តម្ភ៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព។

ក្រសួងបរិស្ថាន ថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ រួមជាមួយប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ដែលបានចូលរួមសហការ ជំរុញចលនាពន្លកបៃតង បន្តអនុវត្តច្បាប់យ៉ាងតឹងរឹងក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ក៏ដូចជាជំរុញការដាំស្តារ និងពង្រីកគម្របបៃតងក្នុងសហគមន៍ ដើម្បីបរិស្ថានស្រស់ស្អាត និងបង្កើនសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ចំពោះភាព «បៃតង» ក្រសួងបរិស្ថានបានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបានធ្វើការតាមដានការទន្ទ្រានដីព្រៃឈើក្នុងតំបន់ការពារធម្មជាតិ តាមរយៈរូបភាពផ្កាយរណប និងដ្រូន។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ «ពន្លកបៃតង» ក្នុងគោលបំណងចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីជំរុញចលនាដាំដើមឈើ សំដៅពង្រីកគម្របបៃតង។

កន្លងមកនេះក្រសួងបរិស្ថាន បានសាងសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន ៥កន្លែង និងជំរុញការបណ្តុះកូនឈើនៅតាមមន្ទីរបរិស្ថានរាជធានីខេត្ត ទូទាំងប្រទេស ដើម្បីបណ្តុះកូនឈើសម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហកទៅដាំបង្កើនគម្របបៃតងនៅតាមមញលដ្ឋាននិងដាំស្តារព្រៃនៅតាមសហគមន៍។ នៅឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បន្តចែកកូនឈើចម្រុះ ជូនប្រជាពលរដ្ឋ តាមរយៈពិព័រណ៍ «ពន្លកបៃតង» ចំនួន៥លានដើម ក្នុងនោះមានកូនត្នោតចំនួនជាង១លានដើម ចាប់ពីថ្ងៃទី១០-១២ ខែកក្កដា ឆ្នាំ២០២៦ ខាងមុននេះ នៅបរិវេណមុខទីស្តីការក្រសួងបរិស្ថាន៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម