Connect with us

ព័ត៌មានជាតិ

ទំនាក់ទំនងកម្ពុជា-រុស្ស៊ី៖ ពីមិត្តភាពប្រវត្តិសាស្ត្រទៅកាន់កិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងយុគសម័យថ្មី

បានផុស

នៅ

ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅ​កាន់សហព័ន្ធរុស្ស៊ី និងជំនួបទ្វេភាគីជាមួយឯកឧត្តម វ្លាឌីមៀ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី នៅទីក្រុង​កាហ្សាន នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ការទូតដ៏មានសារៈសំខាន់មួយក្នុង​ការបន្ត​ពង្រឹង​ទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ ជំនួបនេះប្រព្រឹត្តទៅក្នុងឱកាសកម្ពុជា​និងរុស្ស៊ីកំពុងរំឭកខួប ៧០ឆ្នាំ នៃទំនាក់​ទំនង​​ការទូត ហើយក៏ស្ថិតក្នុងបរិបទនៃកិច្ចប្រជុំកំពូលរំឭកខួប​៣៥ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ីផងដែរ។ ដូច្នេះ ជំនួបនេះមិនមែនជាជំនួបធម្មតាតាមពិធីការទេ ប៉ុន្តែជាជំនួបដែលមានអត្ថន័យ​ទាំងផ្នែក​ប្រវត្តិសាស្ត្រ នយោបាយ យុទ្ធសាស្ត្រ និងអនាគតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលគួរឱ្យកត់សម្គាល់ជាមុនគេ គឺជំនួបនេះបានបញ្ជាក់ឡើងវិញថា ទំនាក់ទំនងកម្ពុជា-រុស្ស៊ីមានមូលដ្ឋាន​រឹងមាំលើមិត្តភាពប្រពៃណី ទំនុកចិត្តខាងនយោបាយ ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៦ មក កម្ពុជា និងរុស្ស៊ីបានឆ្លងកាត់ដំណាក់កាល​ប្រវត្តិសាស្ត្រជាច្រើន ទាំងសម័យសង្គ្រាមត្រជាក់ សម័យវិបត្តិនយោបាយ និងសម័យកសាងប្រទេស​ឡើង​វិញ។ ទោះបីបរិបទអន្តរជាតិបានប្រែប្រួលយ៉ាងខ្លាំងក៏ដោយ មិត្តភាពរវាងប្រទេសទាំងពីរនៅ​តែរក្សា​បាន​នូវភាពធន់​និងសង្គតិភាព។ ការណ៍នេះបង្ហាញថា ទំនាក់ទំនងកម្ពុជា-រុស្ស៊ីមិនផ្អែកលើផលប្រយោជន៍​រយៈពេលខ្លី​ប៉ុណ្ណោះទេ ប៉ុន្តែផ្អែកលើការយល់គ្នាផ្នែកប្រវត្តិសាស្ត្រ និងការជឿទុកចិត្តដែលបានកសាង​ជាយូរមកហើយ។

ក្នុងជំនួបនេះ ការណ៍ដែលប្រធានាធិបតីរុស្ស៊ីបានចាត់ទុកកម្ពុជាជាមិត្ត​និងដៃគូយូរអង្វែង មានអត្ថន័យ​នយោបាយ​យ៉ាងសំខាន់។ ការណ៍នេះបង្ហាញថា រុស្ស៊ីបន្តផ្តល់តម្លៃចំពោះតួនាទីរបស់កម្ពុជាក្នុងតំបន់ និងក្នុង​ក្របខ័ណ្ឌ​អាស៊ាន។ ចំណែកកម្ពុជាវិញ ការដែលសម្តេចធិបតីបានរំលឹក និងថ្លែងអំណរគុណចំពោះការគាំទ្រ​របស់អតីត​សហភាព​សូវៀត និងសហព័ន្ធរុស្ស៊ីចំពោះកម្ពុជា ជាពិសេសក្នុងគ្រាលំបាកនៃប្រវត្តិសាស្ត្រជាតិ គឺជាការបង្ហាញពីវប្បធម៌ការទូតដែលមិនភ្លេចមិត្តចាស់ មិនភ្លេចគុណ និងមិនមើលរំលងតម្លៃ​នៃមិត្តភាព​ជាប្រវត្តិសាស្ត្រ។

ជាការវាយតម្លៃ ដំណើរទស្សនកិច្ចនេះក៏បានបង្ហាញពីគោលនយោបាយការបរទេសឯករាជ្យ សកម្ម និងមាន​តុល្យភាពរបស់កម្ពុជា។ ក្នុងបរិបទពិភពលោកដែលកំពុងប្រឈមនឹងការប្រកួត​ប្រជែងភូមិសាស្ត្រ​នយោបាយ​កាន់តែស្មុគស្មាញ កម្ពុជាត្រូវការពង្រីកទំនាក់ទំនងជាមួយដៃគូជាច្រើន ដើម្បីការពារផល​ប្រយោជន៍ជាតិ លើកកម្ពស់ការអភិវឌ្ឍ និងបង្កើនជម្រើសយុទ្ធសាស្ត្ររបស់ខ្លួន។ ការពង្រឹងទំនាក់ទំនង​ជាមួយរុស្ស៊ីមិនគួរត្រូវបានយល់ថា ជាការជ្រើសរើសភាគីណាមួយប្រឆាំងនឹងភាគីណាមួយនោះទេ។ ផ្ទុយទៅ​វិញ ទំនាក់ទំនងនេះគឺជាផ្នែកមួយនៃការអនុវត្តការទូតផ្កាចម្រុះពណ៌ ដែលផ្អែកលើអធិបតេយ្យ​ ឯករាជ្យ សន្តិភាព ការគោរពគ្នាទៅវិញទៅ និងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួម។

លើសពីនយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាវិស័យដែលគួរត្រូវបាន​ជំរុញឱ្យ​ខ្លាំងជាងមុន។ ទោះបីទំនាក់ទំនងនយោបាយរវាងកម្ពុជា និងរុស្ស៊ីមានភាពល្អប្រសើរ ប៉ុន្តែទំនាក់​ទំនង​សេដ្ឋកិច្ច​នៅតែមានទំហំមិនទាន់សមស្របនឹងសក្តានុពលពិតប្រាកដរបស់ប្រទេសទាំងពីរ។ កម្ពុជា​មាន​សក្តានុពលលើវិស័យកសិកម្ម ទេសចរណ៍ កម្លាំងពលកម្មវ័យក្មេង និងទីតាំងភូមិសាស្ត្រដែល​អាចភ្ជាប់​ទៅ​នឹងទីផ្សារក្នុងតំបន់។ រុស្ស៊ីវិញមានបទពិសោធន៍ និងសមត្ថភាពខ្ពស់លើវិស័យថាមពល បច្ចេកវិទ្យា ឧស្សាហកម្ម កសិឧស្សាហកម្ម និងការអប់រំបច្ចេកទេស។ ដូច្នេះ ប្រទេសទាំងពីរគួរប្រែក្លាយ​ទំនុកចិត្ត​ខាងនយោបាយទៅជាលទ្ធផលសេដ្ឋកិច្ចជាក់ស្តែង។

ក្នុងន័យនេះ សំណើរបស់សម្តេចធិបតីឱ្យរុស្ស៊ីគាំទ្រការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និង​សហភាព​សេដ្ឋកិច្ចអឺរ៉ាស៊ី គឺជាគំនិតផ្តួចផ្តើមដែលមានចក្ខុវិស័យវែងឆ្ងាយ។ ប្រសិនបើដំណើរការនេះ​អាច​ឈាន​ទៅមុខបាន វានឹងបើកឱកាសថ្មីសម្រាប់ផលិតផលកម្ពុជា ក្នុងការចូលទៅកាន់ទីផ្សារធំជាងមុន ពង្រីក​ការនាំចេញ បង្កើតការងារ និងបង្កើនភាពធន់សេដ្ឋកិច្ចរបស់កម្ពុជា។ ជាពិសេស ផលិតផល​កសិកម្មកម្ពុជា ដូចជា អង្ករ កៅស៊ូ ម្រេច ស្វាយ ចេក គ្រាប់ស្វាយចន្ទី និងផលិតផលកែច្នៃផ្សេងៗ អាចមាន​ឱកាស​កាន់តែ​ច្រើន ប្រសិនបើមានយន្តការពាណិជ្ជកម្ម ស្តង់ដារ ភស្តុភារ និងការតភ្ជាប់ទីផ្សារដែល​មាន​ប្រសិទ្ធភាព។

វិស័យថាមពលក៏ជាចំណុចសំខាន់មួយដែលគួរឱ្យរំពឹង។ កម្ពុជាកំពុងបន្តអភិវឌ្ឍសេដ្ឋកិច្ច និងជំរុញ​ឧស្សាហូប​នីយកម្ម ដែលធ្វើឱ្យតម្រូវការថាមពលកើនឡើងជាបន្តបន្ទាប់។ រុស្ស៊ីជាប្រទេសដែលមានបទ​ពិសោធន៍យូរអង្វែងលើវិស័យថាមពល និងបច្ចេកវិទ្យាពាក់ព័ន្ធ។ ដូច្នេះ កិច្ចសហប្រតិបត្តិការលើវិស័យ​នេះអាច​រួមចំណែកដល់សន្តិសុខថាមពល ការផ្ទេរចំណេះដឹង ការបណ្តុះបណ្តាលបច្ចេកទេស និងការសិក្សា​ជម្រើសថាមពលដែលសមស្របនឹងតម្រូវការអភិវឌ្ឍរបស់កម្ពុជា។

កិច្ចសហប្រតិបត្តិការយោធា និងការពារជាតិក៏ជាផ្នែកសំខាន់មួយនៃទំនាក់ទំនងទ្វេភាគី។ ប្រវត្តិសាស្ត្រ​បានបង្ហាញថា កម្ពុជាធ្លាប់ទទួលបានការបណ្តុះបណ្តាល និងការគាំទ្រផ្នែកបច្ចេកទេស​ពីអតីតសហភាព​សូវៀត និងរុស្ស៊ី។ ក្នុងបរិបទបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការយោធាគួរត្រូវបានមើលឃើញក្នុងន័យ​នៃការ​ពង្រឹង​សមត្ថភាពការពារជាតិ ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធន៍ និងការរួម​ចំណែក​ដល់សន្តិភាព និងស្ថិរភាព។ កិច្ចសហប្រតិបត្តិការនេះ​មិនមែនជាកិច្ចសហប្រតិបត្តិការ​ដើម្បីបង្ក​ការ​ប្រឈម ឬប្រឆាំងនឹង​ប្រទេសណាមួយនោះឡើយ ប៉ុន្តែជាការកសាងសមត្ថភាពស្វ័យការពារជាតិ និងការទូត​ការពារជាតិប្រកបដោយការទទួលខុសត្រូវ។

វិស័យអប់រំ និងបណ្តុះបណ្តាលគឺជាមូលដ្ឋានមួយដែលមានអត្ថន័យជ្រាលជ្រៅបំផុត​សម្រាប់ទំនាក់ទំនង​កម្ពុជា-រុស្ស៊ី។ និស្សិត មន្ត្រី អ្នកជំនាញ វិស្វករ វេជ្ជបណ្ឌិត និងបញ្ញវន្តកម្ពុជាជាច្រើនបានទទួលការបណ្តុះ​បណ្តាល​នៅអតីតសហភាពសូវៀត និងរុស្ស៊ី។ អតីតនិស្សិតនិងសិក្ខាកាម​ទាំងនេះបានក្លាយជាស្ពានមិត្តភាព​រវាងប្រទេសទាំ​ង​ពីរ និងជាធនធានសំខាន់សម្រាប់ការអភិវឌ្ឍកម្ពុជា។ ដូច្នេះ ការបន្តពង្រីកអាហារូបករណ៍ ការផ្លាស់ប្តូរនិស្សិត សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងអ្នកជំនាញបច្ចេកទេស គួរត្រូវបានចាត់​ទុកជាការវិនិយោគ​យូរអង្វែង​លើមិត្តភាពរវាងប្រជាជនទាំងពីរ។

ទន្ទឹមនឹងនេះ វិស័យកសិកម្មក៏អាចក្លាយជាមូលដ្ឋានថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង។ កម្ពុជា​មានសក្តានុពលផលិតកម្មកសិកម្ម ខណៈរុស្ស៊ីអាចផ្តល់ទីផ្សារ បច្ចេកវិទ្យា ជី កសិឧបករណ៍ និងបទពិសោធន៍​ក្នុងការបង្កើនផលិតភាព។ ប្រសិនបើភាគីទាំងពីរអាចបង្កើតយន្តការតភ្ជាប់កសិករ អ្នកវិនិយោគ និងទីផ្សារ​បាន​ល្អ វានឹងជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាកសិករ។

ជារួម ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់សហព័ន្ធរុស្ស៊ី និងជំនួបជាមួយ​ប្រធានាធិបតី វ្លាឌីមៀ ពូទីន គឺជាសញ្ញាវិជ្ជមានយ៉ាងច្បាស់សម្រាប់អនាគតនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ ជំនួប​នេះ​បានបញ្ជាក់​ឡើងវិញនូវមិត្តភាពប្រវត្តិសាស្ត្រ ពង្រឹងទំនុកចិត្តខាងនយោបាយ និងបើកឱកាសថ្មីៗ​សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន។ អ្វីដែលសំខាន់បំផុតនាពេលខាងមុខ គឺការប្រែ​ក្លាយឆន្ទៈនយោបាយទៅជាគម្រោង និងលទ្ធផលជាក់ស្តែង ដែលអាចផ្តល់អត្ថប្រយោជន៍​ពិតប្រាកដ​ដល់​ប្រជាជនទាំងពីរ។

ក្នុងឱកាសខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជានិងរុស្ស៊ីមានមូលដ្ឋានគ្រប់គ្រាន់ដើម្បីលើកកម្ពស់​ទំនាក់​ទំនង​ទៅកាន់​កម្រិតថ្មីមួយ ដែលមានភាពស៊ីជម្រៅ កាន់តែជាក់ស្តែង និងកាន់តែទូលំទូលាយ។ ក្តីរំពឹងដ៏​សំខាន់ គឺឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តរីកចម្រើនលើគ្រប់វិស័យ ជាពិសេសទំនុកចិត្តខាង​នយោ​បាយ កិច្ចសហប្រតិបត្តិការយោធា សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល អប់រំ កសិកម្ម ទេសចរណ៍ សុខាភិបាល វប្បធម៌ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ ប្រសិនបើទំនាក់ទំនងនេះត្រូវបាន​បន្តជំរុញដោយ​ចក្ខុវិស័យ​វែងឆ្ងាយ និងការអនុវត្តជាក់ស្តែង វានឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់កម្ពុជា និងរុស្ស៊ីប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងអាចរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងតុល្យភាពយុទ្ធសាស្ត្រ​នៅក្នុងតំបន់ និងពិភពលោកផងដែរ៕

ដោយបណ្ឌិត គិន ភា សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម