ព័ត៌មានជាតិ
លោក ពូទីន៖ កម្ពុជា គឺជាមិត្ត និងជាដៃគូដ៏យូរលង់របស់យើង
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានអះអាងថា កម្ពុជា គឺជាមិត្ត និងជាដៃគូដ៏យូរលង់របស់រុស្ស៊ី។ លោក ពូទីន បានអះអាងដូច្នេះនៅក្នុងជំនួបទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅក្រៅកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន នៅទីក្រុងកាហ្សាន កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៦។

យោងតាមការចុះផ្សាយរបស់ក្រសួងការបរទេសរុស្ស៊ីនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃសុក្រនេះ លោក វ្លាឌីមៀ ពូទីន បាកគូសបញ្ជាក់ទៅកាន់សម្តេចធិបតី ហ៊ុន ម៉ាណែត យ៉ាងដូច្នេះថា៖ «កម្ពុជា គឺជាមិត្ត និងដៃគូដ៏យូរលង់របស់យើង។ កាលពីខែឧសភាកន្លងទៅ យើងបានប្រារព្ធខួបលើកទី ៧០ នៃទំនាក់ទំនងការទូត»។

លោក ពូទីន ក៏បានអះអាងពីការជួយរបស់រុស្សីដល់ប្រទេសកម្ពុជាក្នុងការកសាងរដ្ឋ។ ដោយមានការជួយជ្រោមជ្រែងពីសហភាពសូវៀត មន្ទីរពេទ្យធំមួយ និងវិទ្យាស្ថានបច្ចេកវិទ្យាមួយត្រូវបានសាងសង់ឡើងនៅក្នុងប្រទេសកម្ពុជា ខណៈដែលហេដ្ឋារចនាសម្ព័ន្ធផ្នែកថាមពល កសិកម្ម ទូរគមនាគមន៍ ដែនសមុទ្រ និងដឹកជញ្ជូន ត្រូវបានដាក់ឱ្យដំណើរការ។ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងចំណោមនេះ នៅតែបន្តបម្រើដល់ប្រជាជនកម្ពុជាហូតដល់សព្វថ្ងៃនេះ។

បើតាមលោក ពូទីន សព្វថ្ងៃនេះ ទំនាក់ទំនងរុស្ស៊ី-កម្ពុជា បន្តអភិវឌ្ឍយ៉ាងរឹងមាំ។ កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីមានកំណើន២% ដ្បិតថាតិចតួចនៅឡើយមែន ប៉ុន្តែ រដ្ឋាភិបាលនៃប្រទេសទាំងពីររុស្ស៊ី-កម្ពុជា កំពុងខិតខំប្រឹងប្រែងដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ តំណាងក្រុមហ៊ុនធំៗរបស់រុស្ស៊ី រួមមាន AvtoVAZ, GAZ, KAMAZ, Miratorg និងក្រុមហ៊ុនដទៃទៀត បានទៅបំពេញទស្សនកិច្ចស្វែងយល់នៅក្នុងប្រទេសកម្ពុជា។ ចំណែក គណៈប្រតិភូកម្ពុជា ក៏បានចូលរួមក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិសាំងពេទ័រស្បួរ (St Petersburg) ដែលប្រារព្ធឡើងកាលពីថ្ងៃទី៣-៦ ខែមិថុនា។
ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យវប្បធម៌ និងកិច្ចការមនុស្សធម៌វិញ ក៏កំពុងទទួលបាននូវសន្ទុះផងដែរ។ កាលពីខែមីនា ទិវាវប្បធម៌រុស្ស៊ីត្រូវបានរៀបចំឡើងដោយជោគជ័យនៅក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោកប្រធានាធិបតីរុស្ស៊ី ក៏បានអះអាងថា រុស្ស៊ីបានបន្តជួយដល់ប្រទេសកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ប្រជាពលរដ្ឋកម្ពុជាជាង ៨,០០០ នាក់ បានទទួលការអប់រំកម្រិតឧត្តមសិក្សានៅក្នុងប្រទេសរុស្ស៊ីរួចមកហើយ។ បច្ចុប្បន្ន មាននិស្សិតកម្ពុជាប្រហែល១៦០ នាក់ កំពុងសិក្សានៅរុស្ស៊ី ហើយអាហារូបករណ៍ចំនួន៦៣ផ្សេងទៀត ក៏ត្រូវបានផ្តល់ជូនសម្រាប់ឆ្នាំសិក្សាបច្ចុប្បន្នផងដែរ។
លោក វ្លាឌីមៀ ពូទីន បានសង្កត់ធ្ងន់ថា៖ «យើងមានទំនាក់ទំនងដ៏យូរលង់មកហើយ! វិសាលភាពនៃកិច្ចសហប្រតិបត្តិការរបស់យើងកំពុងតែពង្រីក ហើយយើងមានការពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះនៅថ្ងៃនេះ»។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ទៅកាន់ប្រធានាធិបតីរុស្ស៊ីថា រុស្ស៊ីនៅតែជាដៃគូដ៏សំខាន់ និងគួរឱ្យទុកចិត្តសម្រាប់ប្រទេសរបស់កម្ពុជា។
សម្ដេចធិបតី បានគូសបញ្ជាក់ទៀតថា រយៈពេល៧ទសវត្សរ៍មកនេះ កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការរយៈពេលវែងជាមួយរុស្ស៊ី។ កម្ពុជា ចងចាំជានិច្ចចំពោះការគាំទ្រ និងជំនួយដែលសហភាពសូវៀតបានផ្តល់ជូនកម្ពុជាក្នុងអំឡុងពេលដ៏លំបាកបំផុតក្នុងប្រវត្តិសាស្ត្រ ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុលពត និងសង្គ្រាមស៊ីវិល។ កម្ពុជា ក៏សម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែករបស់រុស្ស៊ីក្នុងការអភិវឌ្ឍវិស័យសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
មិនតែប៉ុណ្ណោះ សម្ដេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានបញ្ជាក់ប្រាប់ទៅប្រធានាធិបតីរុស្ស៊ីថា កម្ពុជាទន្ទឹងរង់ចាំការពិភាក្សាជាមួយរុស្ស៊ី ដើម្បីលើកកម្ពស់ភាពជាដៃគូរ ក្នុងទំនាក់ទំនងទ្វេរភាគីឱ្យដល់កម្រិតខ្ពស់ថ្មីមួយទៀត៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


