Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ៖ កម្ពុជាគួរចាប់ផ្តើមឡើងវិញជាមួយរុស្ស៊ី ក្នុងការបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរស៊ីវិល ផលិតអគ្គិសនី

បានផុស

នៅ

ក្នុងបរិបទពិភពលោកមានការប្រកួតប្រជែង និងសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយធ្វើឱ្យតម្លៃប្រេង និងឧស្ម័នឡើងថ្លៃ, អ្នកវិភាគភូមិសាស្រ្តនយោបាយអន្តរជាតិ បណ្ឌិត ជ័យ តិច ផ្តល់អនុសាសន៍ថា រដ្ឋាភិបាលកម្ពុជា គួរប្រញាប់ចាប់ផ្តើមឡើងវិញជាមួយរុស្ស៊ី ក្នុងការបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរស៊ីវិល ផលិតអគ្គិសនី ដើម្បីធានានិរន្តភាពទៅថ្ងៃអនាគត។

ការលើកជាយោបល់នេះ ខណៈបញ្ហាសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា នឹងនៅបន្តប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងពិភពលោក ការដឹកជញ្ជូន ប្រេងឡើងថ្លៃ ជាពិសេសកម្ពុជាប៉ះពាល់តម្លៃប្រេង និងឧស្ម័ន ដែលកម្ពុជានាំចូល ១០០ភាគរយ សម្រាប់ផ្គត់ផ្តង់ក្នុងស្រុក។

បណ្ឌិត ជ័យ តិច
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបទសម្ភាសជាមួយកម្ពុជាថ្មី បណ្ឌិត ជ័យ តិច យល់ឃើញថា រដ្ឋាភិបាលកម្ពុជាគួរតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីឡើងវិញ ទាក់ទងការនាំចេញកសិផលកម្ពុជាទៅរុស្ស៊ី ដើម្បីប្តូរមកវិញជាប្រាក់ចំណូល ឬសព្វាវុធ ឬកិ​ច្ចសហប្រតិបត្តិការបង្កើតនូវរោងចក្រថាមពលនុយក្លេអ៊ែរស៊ីវិល។ លោកសង្កត់ធ្ងន់ថា៖« ថាមពលនេះមានលក្ខណៈសំខាន់ណាស់នៅប្រទេសជាច្រើនជុំវិញពិភពលោក សូម្បីតែវៀតណាមប្រទេសជិតខាងកម្ពុជាអាចផលិតប្រេងដោយខ្លួនឯង តែក៏បង្កើតរោងចក្រថាមពលនុយក្លេរអ៊ែរស៊ីវិល ដើម្បីផលិតជាអគ្គិសនី ប្រើប្រាស់ក្នុងប្រទេសគេ ដែលរួមកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី»។

លោកបន្តថា រដ្ឋាភិបាលកម្ពុជា ត្រូវដាក់ចេញនូវផែនការច្បាស់លាស់ពាក់ព័ន្ធផែនការរយៈពេលខ្លី មធ្យម និងវែង ដើម្បីទប់ទល់នឹងសម្ពាធអតិផរណា សម្ពាធនៃការឡើងថ្លៃថាមពល រួមទាំងធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ប្រេង ឧស្ម័ន ប្រកប​ដោយនិរន្តភាព បរិមាណ តម្លៃប្រកួតប្រជែង។

រោងចក្រផលិតថាមពលនុយក្លេអ៊ែរស៊ីវិល (រូបតំណាង)

គួរជម្រាបថា ក្នុងបរិបទនេះ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការជាច្រើន ដូចជាបញ្ចេញសាច់ប្រាក់ទប់ទល់ការឡើងថ្លៃប្រេង និងបង្វែរការប្រើប្រាស់ប្រេងទៅជាប្រើប្រាស់សម្ភារៈអគ្គិសនី ដូចជាឡានអគ្គិសនីជាដើម ។

នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុ​ន ម៉ាណែត ធ្លាប់លើកឡើងថា រដ្ឋាភិបាលបានដាក់ទិសដៅពង្រីកហេដ្ឋារចនាសម្ព័ន្ធឃ្លាំងស្តុកប្រេង និងឧស្ម័ន នៅក្រុងព្រះសីហនុ និងពន្លឿនកិច្ចខិតខំប្រឹងប្រែងផលិតថាមពលក្នុងស្រុក ដើម្បីធានាសន្តិសុខថាមពលជាតិ។

កម្ពុជា និងរុស្ស៊ី មិនទាន់មានគម្រោងសាងសង់ «រោងចក្រថាមពលនុយក្លេអ៊ែរ» (Nuclear Power Plant) សម្រាប់ផលិតអគ្គិសនីខ្នាតធំនៅឡើយទេ។ ប៉ុន្តែ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ «ថាមពលនុយក្លេអ៊ែរស៊ីវិល» និងការបង្កើតមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរ កាលពីខែឧសភា ឆ្នាំ២០១៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម