Connect with us

ព័ត៌មានជាតិ

ប្រធានាធិបតី​រុស្ស៊ី​ជំរុញ​បង្កើន​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ឡើង​វិញ​ក្រោយ​ធ្លាក់​ចុះ​យ៉ាង​គំហុក​បន្ទាប់​ពី​មាន​សង្គ្រាម​ជាមួយអ៊ុយក្រែន​

បានផុស

នៅ

ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន បាន​អញ្ជើញ​តំណាង​ធុរកិច្ច​កម្ពុជា​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​​សេដ្ឋកិច្ច​រុស្ស៊ី​ចំនួន​២នៅ​​ខែ​កញ្ញា និង​តុលា ឆ្នាំ​២០២៦​ខាង​មុខ​ ដោយ​សង្ឃឹម​ថា​ទំនាក់ទំនង​ពាណិជ្ជកម្ម​អាច​កើន​ឡើង​បំពេញ​តាម​សក្ដានុពល​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ​​។ ការ​ជំរុញ​នេះ​ត្រូវ​បាន​មើល​ឃើញ​ថា​ ស្រប​ពេល​ដែល​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​បន្ទាប់​​រុស្ស៊ី​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ុយក្រែន​កាល​ពី​ឆ្នាំ​២០២២​មក​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា​ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នៅ​ក្រៅ​កិច្ច​ប្រជុំ​រំឮក​ខួប​អនុស្សាវរីយ៍​៣៥​ អាស៊ាន​ រុស្ស៊ី នៅ​ទីក្រុង​កាហ្សាន ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២៦ ​លោក​ ពូទីន បាន​លើក​ឡើង​ថា​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​រុស្ស៊ី​កើន​តែ​២%​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០២៥ ដែល​មិន​ទាន់​អាច​បំពេញ​នូវ​សក្ដានុពល​ពេញ​លេញ​នៅ​ឡើយ​។ ​លោក​បាន​អញ្ជើញ​អ្នក​រក​ស៊ី​កម្ពុជា​ដើម្បី​ចូល​រួម​វេទិកា​សេដ្ឋកិច្ច​ភាគ​ខាង​កើត​នៅ​ខែ​កញ្ញា និង​សប្ដាហ៍​ថាមពល​រុស្ស៊ី​នៅ​ខែ​តុលា​ខាង​មុខ​។

លោក​ថា៖ «សព្វថ្ងៃ​នេះ​ទំនាក់ទំនង​រវាង​រុស្ស៊ី និង​កម្ពុជា​បាន​បន្ត​រីក​ចម្រើន​។ នៅ​ចុង​ឆ្នាំ​មុន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​បាន​កើន​ឡើង​២​%​។ ពិត​ណាស់​នេះ​គឺ​ជា​តួលេខ​តូច​មួយ​ ដែល​មិន​បំពេញ​តាម​សក្ដានុពល​ដែល​យើង​មាន​នោះ​ទេ​»។


ក្នុង​ជំនួប​ដែល​​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា​នោះ​ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​​បញ្ជាក់​ថា​ភាព​ជា​ដៃ​គូរ​រវាង​កម្ពុជា និង​រុស្ស៊ី នឹង​មិន​ផ្លាស់ប្ដូរ​ទេ​ទោះ​បី​ភូមិសាស្ត្រ​នយោបាយ​មាន​ការ​ប្រែ​ប្រួល​ក្ដី​។

សម្ដេច​ថា៖ «ខ្ញុំ​សូម​កោត​សរសើរ​ចំពោះ​ការ​ចូលរួម​របស់​រុស្ស៊ី​ជា​បន្តបន្ទាប់​ចំពោះ​ការ​អភិវឌ្ឍន៍​សង្គម​ សេដ្ឋកិច្ច​របស់​​កម្ពុជា​ជា​ច្រើន​ឆ្នាំ​មក​នេះ។ ទោះ​បី​ជា​មាន​ការ​ផ្លាស់​ប្ដូរ​ភូមិសាស្ត្រ​នយោបាយ​ក៏​ដោយ​ ក៏​កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​​នៅ​តែ​មិន​ប្ដូរ​ដោយ​ផ្អែក​លើ​ការ​ជឿ​ទុក​ចិត្ត​នយោបាយ​ ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ ការ​គោរព និង​ផល​ប្រយោជន៍​រួម​»


ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-រុស្ស៊ី​នៅ​ប៉ុន្មាន​ឆ្មាំ​ចុង​ក្រោយ​នេះ​បាន​ធ្លាក់​ជា​គំហុក​ពី​ ២៣៩លានដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០២១ មក​នៅ​ត្រឹម​ ៥៥លានដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០២៤​ និង​កើន​ឡើង​ត្រឹម​២%​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០២៥​។ យោង​តាម​គេហទំព័រ​ទិសដៅ​រុស្ស៊ី​ទៅ​កាន់​អាស៊ី​ ការ​ធ្លាក់​ចុះ​ទំហំ​ពាណិជ្ជកម្ម​នេះ​គឺ​ដោយ​សារ​ប្រទេស​រុស្ស៊ី​ត្រូវ​ជាប់​ទណ្ឌកម្ម​ពី​លោក​ខាង​លិច ហើយ​ទំនិញ​​ពី​កម្ពុជា​មាន​ការ​ពិបាក​ទៅ​ដល់​រុស្ស៊ី​ ខណៈ​ដែល​អ្នក​រក​ស៊ី​រុស្ស៊ី​ភាគច្រើន​ផ្ដោត​លើ​ទី​ផ្សារ​ចិន​និង​វៀតណាម​ច្រើន​ជាង​កម្ពុជា​។​​

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​ លោក​បណ្ឌិត ញិល រដ្ឋា បាន​ឱ្យ​កម្ពុជា​ថ្មី​ដឹង​តាម​សារអេឡិចត្រូនិក​តេឡេក្រាម​ថា​ កម្ពុជា​និង​រុស្ស៊ី​អាច​បង្កើន​ទំហំពាណិជ្ជកម្ម​នឹង​គ្នា​ឡើង​វិញ​បាន ​បើ​ទោះ​បី​ក្នុង​បរិបទ​ដែល​រុស្ស៊ី​កំពុង​រង​ទណ្ឌកម្ម​ពី​លោក​ខាង​លិច​ក្ដី។ លោក​ថា​ទណ្ឌកម្ម​មិនមែន​ជា​របាំង​ទាំង​ស្រុង​ទេ​ ហើយ​អាស៊ាន​និង​កម្ពុជា​ក៏​មិន​បាន​ចូលរួម​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​ដូច​លោក​ខាង​លិច​ដែរ​។ លោក​បន្ថែម​ថា​ ទណ្ឌកម្ម​លោក​ខាង​លិច​ផ្ដោត​លើ​វិស័យ​ហិរញ្ញវត្ថុ​ បច្ចេកវិទ្យា​ទ្វេដង និង​ថាម​ពល​ប៉ុណ្ណោះ​មិន​បាន​ដាក់​លើ​ផលិតផល​កសិកម្ម អាហារ ឱសថ និង​ទំនិញ​ប្រើប្រាស់​ទូទៅ​ឡើយ​។

​​​​លោក​បន្ថែមថា​៖ «បញ្ជា​ធំ​បំផុត​មិនមែន​ ទណ្ឌកម្ម ទេ​ ប៉ុន្ដែ​ជា​ ការ​ភ័យ​ខ្លាច​របស់​ធនាគារ ក្រុមហ៊ុន​ដឹង​ជញ្ជូន និង​អ្នក​រកស៊ី​ខ្មែរ ដែល​ខ្លាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​លោក​ខាង​លិច​។ បើ​ដោះស្រាយ​បញ្ហា​ជំនឿ​ចិត្ត​នេះ​បាន ​ពាណិជ្ជកម្ម​អាច​កើន​ឡើង​»


លោកបណ្ឌិត​បាន​ផ្ដល់​មធ្យោបាយ​ចំនួន​៥​ដែល​អាច​បង្កើន​ទំហំពាណិជ្ជកម្ម​រវាង​រុស្ស៊ី​ និង​កម្ពុជា ឡើង​វិញ​បាន​គឺ​ ១. ត្រូវ​ពង្រឹង​ពាណិជ្ជកម្ម​លើ​វិស័យ​ដែល​មិន​ប៉ះពាល់​ដល់​ទណ្ឌកម្ម​រួម​មាន​កសិកម្ម វាយនភណ្ឌ និង​ស្បែក​ជើង ឧសថ និង​ឧបករណ៍​វេជ្ជសាស្ត្រ។ ២. ការ​ប្រើប្រាស់ ប្រព័ន្ធ SPFS របស់​រុស្ស៊ី ​យន្ត​ការ​ទូទាត់​ជំនួស​បញ្ចៀស​ការ​ដោះដូរ​លុយ​ជា​ប្រាក់​ដុល្លារ ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ចិន​ជា​ផ្លូវ​កាត់។ ៣. ​ប្រើប្រាស់​ចំណង​ប្រវត្តិសាស្ត្រ និង​ទំនាក់ទំនង​មនុស្ស​ដែល​អតីត​និស្សិត​ពី​សូវៀត និង​រុស្ស៊ី​អាច​ដើរតួ​ជា​ស្ពាន​វប្បធម៌ និង​ធុរកិច្ច រៀបចំ​បេសកកម្ម​ពាណិជ្ជកម្ម​ទៅ​កាន់​វេទិកា​សេដ្ឋកិច្ច​រុស្ស៊ី​។ ៤. បង្កើត​ភាព​ជា​ដៃ​គូរ​សាធារណៈ​ឯកជន​រវាង​កម្ពុជា និង​រុស្ស៊ី រដ្ឋាភិបាល​គួរបង្កើត​ មូលនិធិ​ពាណិជ្ជកម្ម​កម្ពុជា​-រុស្ស៊ី កាត់​បន្ថយ​ហានិភ័យ​ដល់​វិស័យ​ឯក​ជន ផ្ដល់​ការ​ធានារ៉ា់ប់រង​ពាណិជ្ជកម្ម​តាមរយៈ​ធនាគារ​រដ្ឋ​ និង​ទី​៥​គឺ​ការ​ប្រើប្រាស់​អាស៊ាន​ជា​ខែល​ការ​ពារ លើ​ការ​ជំរុញ​ចរចា​ពាណិជ្ជកម្មសេរី​រវាង​អាស៊ាន និង​សហភាព​សេដ្ឋកិច្ច​អ៊ឺរ៉ាស៊ីឱ្យ​បាន​លឿន ហើយ​កម្ពុជា​អាច​ដើរតួ​ជា​ប្រទេស​សម្របសម្រួល​សម្រាប់​ប្រទេស​អាស៊ាន​ដទៃ​ទៀត​ក្នុង​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី។

ប្រទេស​រុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​លើ​ប្រទេស​អ៊ុយក្រែន​ដែល​ជា​អតីត​បងប្អូនគ្នា​ក្នុង​សហភាព​សូវៀត​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ និង​ត្រូវ​បាន​អន្តរជាតិ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​នេះ​។ កម្ពុជា​គឺ​ជា​ប្រទេស​មួយ​ដែល​ចូលរួម​ជា​រដ្ឋ​សហស្ថាបនិក​ និង​បាន​បោះឆ្នោត​គាំទ្រ​សេចក្ដី​សម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ UNGA កាល​ពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២២ ថ្កោលទោស​រុស្ស៊ី​ក្នុង​សង្គ្រាម​អ៊ុយក្រែន​។

យ៉ាងណា​ក្ដី​សម្ដេច​តេជោ ហ៊ុន សែន ដែល​កាល​នោះ​ជា​នាយករដ្ឋមន្ត្រី​ បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា​មិត្ត​រុស្ស៊ី​នឹង​យល់ពី​កម្ពុជា​ព្រោះ​កម្ពុជា​ឱ្យ​តម្លៃ​លើ​ច្បាប់​អន្តរជាតិ​មិន​គាំទ្រ​ការ​ប្រើប្រាស់​កម្លាំង​ ការ​ត្រៀម​ដើម្បី​ប្រើ​កម្លាំង ឬ​គំរាម​កំហែង​ការ​ប្រើប្រាស់​កម្លាំង​ប្រឆាំង​ប្រទេស​ណា​មួយ​ឡើយ​៕


អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម