ព័ត៌មានជាតិ
សម្ដេចតេជោ ថាពានសមាជិកភាពកិត្តិយសជើងឯកដែលថ្វាយជូនសម្ដេចម៉ែគឺជាការទទួលស្គាល់ស្នាព្រះហស្តព្រះអង្គដល់ការលើកកម្ពស់យេនឌ័រ
ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតក្រាបបង្គំទូលថ្វាយអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដែលព្រះអង្គត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”។

នៅក្នុងសារលិខិតនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ការទទួលបានពានរង្វាន់ដ៏ឧត្តុង្គឧត្តមនេះ គឺជាការទទួលស្គាល់នូវព្រះរាជស្នាព្រះហស្ត និងព្រះរាជហឫទ័យទុកដាក់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី ដែលតែងតែលះបង់ព្រះកាយពល ព្រះបញ្ញាញាណ និងព្រះរាជទ្រព្យផ្ទាល់ព្រះអង្គ ដើម្បីជ្រោមជ្រែងដល់ការអភិវឌ្ឍ ការលើកកម្ពស់សមភាពយេនឌ័រ ការបង្កើនសកម្មភាពរបស់ស្ត្រី និងក្មេងស្រីនៅក្នុងសង្គម ព្រមទាំងការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសិល្បៈ»។ សម្តេចតេជោ បន្ថែមថា ព្រះអង្គតែងតែឧបត្ថម្ភគាំទ្រដោយស្មោះចំពោះចលនកាយឫទ្ធិនារីទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។
ព្រះរាជពិធីថ្វាយពានរង្វាន់ដ៏មានអត្ថន័យនេះ បានធ្វើឡើងក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ OB-PS ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខើមិថុនា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ ក្នុងព្រះរាជពិធីនេះ សម្តេចព្រះមហាក្សត្រីព្រះបរមរាជានុញ្ញាតឱ្យ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកជំទាវទី១ នៃកម្ពុជា ធ្វើជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ដើម្បីទទួលជំនួសព្រះអង្គ។

ដោយឡែក នៅលើបណ្តាញសង្គមហ្វេសប៊ុក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានសម្តែងនូវក្តីរំភើប និងសេចក្តីដឹងព្រះគុណជាអនេក ដោយបានលំឱនកាយក្រាបថ្វាយបង្គំអបអរសាទរ និងថ្លែងអំណរព្រះគុណថ្វាយសម្តេចម៉ែ ចំពោះព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត ឱ្យរូបលោកជំទាវធ្វើជាព្រះរាជតំណាងទទួលពានរង្វាន់ដ៏មានតម្លៃនេះ នៅលើដែនដីអង្គរដ៏ពិសិដ្ឋនៃខេត្តសៀមរាប៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២៤ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


