ព័ត៌មានជាតិ
សម្តេចម៉ែ អបអរទិវា ៨មីនា រំឭកពីការតស៊ូរបស់នារីក្នុងការទាមទារសិទ្ធិស្មើគ្នារវាងបុរស និងស្ត្រីក្នុងសង្គម
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានចេញព្រះរាជសារអបអរសារទរចំពោះខួបលើកទី ១១៥ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៦ ទ្រង់សព្វព្រះរាជហឫទ័យអបអរសាទរនៃការរំឭកពីវីរភាពនៃការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើគ្នារវាងបុរស និងស្ត្រីក្នុងសង្គម។ នេះ បើតាមការបង្ហោះព្រះរាជសារពីក្រសួងកិច្ចការនារី នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦។

នៅក្នុងព្រះរាជសារ ទ្រង់មានព្រះបន្ទូល ថា៖ «ក្នុងការប្រារព្ធទិវាដ៏ប្រពៃនេះ ដូចជារៀងរាល់ឆ្នាំផងដែរ ខ្ញុំម្ចាស់ ខ្ញុំព្រះករុណា ខ្ញុំ សូមចូលរួម សម្តែងក្ដីអបអរសាទរនៃការរំឭកពីវីរភាពនៃការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងស្ត្រីនៅក្នុងសង្គម ដែលទាំងនេះគឺជាមូលដ្ឋាន និងជាយុទ្ធសាស្ត្រគន្លឹះមួយ នាំមកនូវការផ្ដល់កាលានុវត្តភាពពេញលេញដល់ស្រ្តី និងក្មេងស្រី ដើម្បីចូលរួម និងទទួលភាគ ផលដោយស្មើភាពពីកិច្ចអភិវឌ្ឍ»។
នៅឆ្នាំ ២០២៦នេះ ដើម្បីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រសួងកិច្ចការនារី បានជ្រើសរើសយកប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្តី និងគ្រួសារ»។ ប្រធានបទនេះ ធ្វើឡើងក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ក៏ដូចគូសបញ្ជាក់ ពីការរួមចំណែកយ៉ាងសកម្មរបស់ស្រ្តី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព។ ជាមួយគ្នានេះ ក៏អំពាវនាវឱ្យមានកិច្ចអន្តរាគមន៍ជាបន្ទាន់ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំងដែលមានផលប៉ះពាល់ជាអវិជ្ជមានដល់ស្រ្តី និងគ្រួសារ ដែលទាំងនេះជាបុរេលក្ខខណ្ឌ និងជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។

ចំពោះប្រធានបទខាងលើ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មានព្រះបន្ទូលថា ប្រធានបទក៏បានឆ្លើយតបផងដែរទៅនឹងក្របខណ្ឌសកល នៃរបៀបវារៈស្ដីពី «ស្ត្រី សន្តិភាព និងសន្តិសុខ» ដែលជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិ សុខអង្គការសហប្រជាជាតិ លេខ១៣២៥ លើការលើកកម្ពស់តួនាទីស្ត្រីនិងក្មេងស្រី ក្នុងការចូលរួមកសាង ថែរក្សា សន្តិភាព និងសន្តិសុខយូរអង្វែង ព្រមទាំងការស្ដារឡើងវិញក្រោយជម្លោះ។ ទ្រង់មានព្រះបន្ទូលថា សន្តិភាពនៅកម្ពុជា មិនមែនកើតឡើងដោយចៃដន្យនោះទេ ពោល គឺ កើតមានឡើងតាមរយៈការខិតខំរួមគ្នា និងការអនុវត្តយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ឥស្សរជន និងថ្នាក់ដឹកនាំកំពូលរបស់ជាតិ សុខសន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបាន និងពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើឱ្យប្រជារាស្ត្រ បានរស់នៅជាមួយភាពសុខដុមរមនា គ្រប់ជាតិសាសន៍ គ្មានការរើសអើង និងទទួលបានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិជំនឿ សាសនា និងទំនៀមទម្លាប់ ប្រពៃណីដោយសេរី និងទទួល បាននូវកិច្ចគាំពារសង្គមដ៏ទូលំទូលាយ និងស្មើភាពគ្នា។
ក្នុងឱកាសនេះ សម្តេចម៉ែ មានព្រះរាជបន្ទូលសរសើរ និងអរគុណ ដល់ស្រ្តី និងក្មេងស្រីទាំងអស់នៅទូទាំងប្រទេស ដែលបានកំពុងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការងារអភិវឌ្ឍន៍គ្រួសារ សេដ្ឋកិច្ចនិងសង្គមជាតិ សហគមន៍និងសង្គម ព្រមទាំងបានរួមចំណែកយ៉ាងអស្ចារ្យក្នុងវិស័យការពារជាតិជាដើម។ បន្ថែមពីនេះ ទ្រង់ក៏មានព្រះរាជបន្ទូលបសរសើរ និងគាំទ្រក្រសួងកិច្ចការនារី និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យរដ្ឋ និងឯកជនដែលបាន និងកំពុងបន្តខិតខំប្រឹងប្រែងជំរុញការអនុវត្តនូវបេសកកម្មដ៏ថ្លៃថ្លា ដើម្បីស្រ្តី និងក្មេងស្រីឱ្យបានទទួលនូវកាលានុវត្តភាព និងសក្តានុពលពេញលេញ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសមភាព សមធម៌ និង បរិយាបន្ន។
សូមជម្រាបថា បើតាមក្រសួងកិច្ចការនារី ប្រធានបទនៃ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក៏បានឆ្លុះបញ្ចាំងពីការកើនឡើងនូវអស្ថិរភាព និងជម្លោះប្រដាប់អាវុធ នៅក្នុងតំបន់ និងសកលលោក ក៏ដូចជាការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ ជំងឺរាតត្បាត និងលទ្ធិជ្រុលនិយម ដោយហិង្សាដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ ការរស់នៅប្រកបដោយសុវត្ថិភាព សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ របស់ពលរដ្ឋនិងសហគមន៍ ជាពិសេសស្ត្រី និងក្រុមងាយរងគ្រោះ។ បន្ថែមពីនេះ កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ក្នុងការបញ្ជូនកងរក្សាសន្តិភាពជាស្ត្រី ចំណាត់ថ្នាក់លេខ១៤ ក្នុង ចំណោម ១២០ប្រទេស និងលេខ២ ក្នុងអាស៊ាន ដែលស្រ្តីមាន២១% លើសពីគោលដៅអង្គការសហប្រជាជាតិផងដែរ។
គួររំឭកថា ក្នុងឱកាសទិវា ៨មីនា ជារៀងរាល់ឆ្នាំ កម្ពុជា រួមទាំងប្រទេសនានាទូទាំងសកលលោក បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនានេះ ដើម្បីរំឭកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា ក៏ដូច បង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


