ព័ត៌មានជាតិ
អ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
អ្នកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចថាការបង្កើតពាណិជ្ជកម្មសេរីរវាងកម្ពុជា និងតំបន់អឺរ៉ាស៊ីគឺជាឱកាសដ៏វិជ្ជមាននៃទំនាក់ទំនងការបរទេស ពាណិជ្ជកម្មរបស់កម្ពុជា តែក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ រួមទាំងការឃ្លាំងមើលពីលោកខាងលិច។ អ្នកវិភាគជំរុញ ការបង្ហាញតម្លាភាពនៃទំនាក់ទំនង បង្កើតប្រព័ន្ធភស្តុភារកម្មដែលមានចម្រុះបែប ព្រមទាំងការប្រើប្រាស់យន្តការការទូតដែលមិនជ្រើសរើសជម្លោះភូមិសាស្ត្រនយោបាយ។

I. តើអ្វីជាអឺរ៉ាស៊ី?
សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (Eurasian Economic Union – EAEU) គឺជាប្លុកសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិមួយដែលបង្កើតឡើងនៅឆ្នាំ២០១៥ ដើម្បីជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម សេរីភាពនៃការហូរចូលទុន ទំនិញ សេវាកម្ម និងកម្លាំងពលកម្ម រវាងបណ្ដាប្រទេសសមាជិកតំបន់អឺរ៉ុបខាងកើត និងអាស៊ីកណ្ដាល ដែលមានប្រទេសជាសមាជិកពេញសិទ្ធិចំនួន៥ដែលធ្លាប់ជាអតីតសហភាពសូវៀត គឺ រុស្ស៊ី កាហ្សាក់ស្ថាន បេឡារូស អាមេនី និងកៀហ្ស៊ីស្ថាន។ EAEU កំពុងពង្រឹងទំនាក់ទំនងតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្ដាប្រទេសមួយចំនួនទៀតដូចជា វៀតណាម សិង្ហបុរី និងអ៊ីរ៉ង់ជាដើម។
អ្នកស្រាវជ្រាវសង្គម សេដ្ឋកិច្ច លោកបណ្ឌិត ជ័យ តិច បានឱ្យដឹងថា កាលពីឆ្នាំ២០១៦ កម្ពុជាក៏ធ្លាប់ចុះ MOU ជាមួយEAEU នេះដើម្បីបង្កើតក្រុមការងារជំរុញពាណិជ្ជកម្ម និងការវិនិយោគ និងសមិទ្ធិលទ្ធកម្មក្នុងការបង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាផងដែរ។ តែមកទល់ពេលនេះមិនទាន់មានការវិវត្តន៍យ៉ាងណាទេ។

II. ផលប្រយោជន៍នៃការបង្កើតពាណិជ្ជកម្មសេរីជាមួយ EARU
ក្នុងជំនួបជាមួយប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ាស៊ី លោក នួរឡាន យ៉ឺមេកបាយ៉េវ អំឡុងពេលអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន កាលពីថ្ងៃទី១៨ ខែមិថុនា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យមានការសិក្សាពីលទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងភាគីទាំងពីរផងដែរ។
សម្ដេចក៏បានបញ្ជាក់បែបនេះម្ដងទៀត ដោយស្នើសុំឱ្យមានការគាំទ្រពីរុស្ស៊ី ក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ផងដែរ។
សម្រាប់អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ លោកបណ្ឌិត ញិល រដ្ឋា បានឱ្យដឹងថាការបង្កើតទំនាក់ទំនងពាណិជ្ជកម្មសេរីជាមួយតំបន់នេះនឹងផ្ដល់ប្រយោជន៍ចំនួន៣ដល់កម្ពុជា គឺការធ្វើពិពិធកម្មទីផ្សារ ដែលអាចឱ្យកម្ពុជាកាត់បន្ថយការពឹងផ្អែកខ្លាំងលើទីផ្សារអឺរ៉ុប និងអាមេរិក ខណៈកម្ពុជាក៏អាចទាក់ទាញអ្នកវិនិយោគ និងបច្ចេកវិទ្យាពីបណ្ដាប្រទេសនៅតំបន់នេះមកក្នុងប្រទេសផងដែរ។ ចំណុចមួយទៀតដែលលោកបណ្ឌិត ញិល រដ្ឋា មើលឃើញនោះគឺការធានាដល់សន្តិសុខថាមពល និងវត្ថុធាតុដើម ព្រោះប្រទេសរុស្ស៊ី និងកាហ្សាស្ថាន ដែលជាសមាជិកនៃតំបន់នេះគឺជាប្រភពផ្គត់ផ្គង់ប្រេង ហ្គាស និងជីកសិកម្មដ៏ធំបំផុតក្នុងពិភពលោក។

លោកបណ្ឌិត ជ័យ តិច ក៏យល់ប្រហាក់ប្រហែលគ្នានេះផងដែរជាពិសេសគឺឧស្សាហកម្មថាមពលដែលប្រទេសក្នុងតំបន់នេះមានសក្ដានុពល។
លោកថា៖ «ខ្ញុំមើលឃើញជាពិសេសថារុស្ស៊ីដែលជាប្រទេសមានសក្ដានុពលពាក់ព័ន្ធនឹងឧស្សាហកម្មថាមពលដូចជាការខួងប្រេង ផលិតកម្មប្រេង ឧស្ម័ន ហើយក៏ដូចជាផលិតផលសព្វាវុធដែលរុស្ស៊ីជាមហាអំណាចទី២លើលោក ហើយជាប្រទេសដែលមានបទពិសោធន៍ក្រាស់ក្រែលផលិតចេញនូវឧស្ម័នក្នុងលោកផងដែរ។ ក៏ដូចជាការកសាងនូវរោងចក្រថាមពលនុយក្លេអ៊ែរស៊ីវិលដើម្បីវិស័យថាមពលរបស់យើងប្រកបដោយភាពធន់ និងកុំឱ្យរងនូវសម្ពាធពីភូមិសាស្ត្រនយោបាយពីសង្គ្រាមដែលកើតឡើងជាពិសេសដូចករណីចុងក្រោយនៅតំបន់មជ្ឈិមបូព៌ា ដែលប៉ះពាល់ដល់វិស័យថាមពល អតិផរណា ប៉ះពាល់ដល់សេដ្ឋកិច្ចនិងការប្រកួតប្រជែងរបស់កម្ពុជា»។
III. បញ្ហាប្រឈម និងដំណោះស្រាយ
បើទោះបីជាមានភាពវិជ្ជមានក្ដីតែសម្រាប់អ្នកតាមដានក៏បានបង្ហាញនូវការបារម្ភមួយចំនួនផងដែរទាក់ទងនឹងការឃ្លាំមើល ឬសម្ពាធការទូតខ្លះពីលោកខាងលិច បញ្ហាទាក់ទងនឹងប្រព័ន្ធទូទាត់ប្រាក់ និងប្រព័ន្ធភស្តុភារកម្ម ដឹកជញ្ជូនជាដើម។
លោកបណ្ឌិត ញិល រដ្ឋា បានឱ្យដឹងថារុស្ស៊ីដែលជាអ្នកដឹកនាំឈានមុខគេរបស់តំបន់នេះកំពុងតែប្រឈមមុខនឹងទណ្ឌកម្មពីលោកខាងលិច ដូច្នេះការបង្កើតពាណិជ្ជកម្មសេរីជាមួយតំបន់នេះក្នុងពេលបច្ចុប្បន្នក៏អាចរងការឃ្លាំមើល ឬសម្ពាធការទូតខ្លះពីលោកខាងលិចដែរតែលោកថាភាគរយតិចប៉ុណ្ណោះ។
លោកបណ្ឌិតថា៖ «ការបង្កើត FTA ជាមួយ EAEU មិនខុសច្បាប់អន្តរជាតិ ឬរំលោភលើទណ្ឌកម្មរបស់លោកខាងលិចឡើយ។ EAEU គឺជាអង្គការសេដ្ឋកិច្ចតំបន់ (ដូច ASEAN ដែរ) មិនមែនជាបុគ្គល ឬអង្គភាពដែលរងទណ្ឌកម្មផ្ទាល់នោះទេ។ ប្រទេសជិតខាងយើងដូចជា វៀតណាម ក៏មាន FTA ជាមួយ EAEU តាំងពីឆ្នាំ ២០១៦ ហើយសិង្ហបុរីក៏បានចុះហត្ថលេខារួចហើយដែរ ប៉ុន្តែពួកគេនៅតែអាចរក្សាពាណិជ្ជកម្មល្អជាមួយអាមេរិក និងអឺរ៉ុបបាន។ [..] ការដើរតួនាទីការទូតរបស់កម្ពុជាបច្ចុប្បន្ន គឺផ្អែកលើ “ច្បាប់អន្តរជាតិ និងពហុភាគីនិយម“។ ការដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញការសិក្សានេះ គឺធ្វើឡើងក្នុងនាមជាប្រមុខរដ្ឋបាលសេដ្ឋកិច្ច ដែលស្វែងរកផលប្រយោជន៍ជាតិជាធំ ដោយមិនជ្រើសរើសខាងក្នុងជម្លោះភូមិសាស្ត្រនយោបាយឡើយ»។
ទោះជាយ៉ាងណាលោកក៏មើលឃើញបញ្ហាមួយចំនួនដែលអាចកើតមានក្នុងពេលបង្កើតបានកិច្ចព្រមព្រៀងសេរីជាមួយអឺរ៉ាស៊ីនោះដែរគឺ ប្រព័ន្ធទូទាត់ប្រាក់ព្រោះតំបន់នេះបានកាត់ផ្ដាច់ប្រព័ន្ធ SWIFT ដោយមិនអាចទូទាត់ជាលុយដុល្លារបាន ខណៈចម្ងាយដឹកជញ្ជូនពីកម្ពុជាទៅតំបន់អឺរ៉ាស៊ីគឺមានចម្ងាយឆ្ងាយ និងចំណាយខ្ពស់ថែមទៀត។
លោកបណ្ឌិតបានឱ្យជាយោបល់ថា កម្ពុជាគូរគិតគូរពីការប្រើប្រាស់រូបិយប័ណ្ណជាតិដើម្បីទូទាត់ទំនិញផ្ទាល់ ឬទូទាត់តាមរយៈធនាគារនៃប្រទេសទី៣ដូចជា ចិន ឬកាហ្សាក់ស្ថាន។ ដោយឡែកចំពោះបញ្ហាទាក់ទងនឹងប្រព័ន្ធភស្តុភារកម្មវិញលោកថា ការប្រើប្រាស់ច្រករបៀងដឹកជញ្ជូនពហុទម្រង់ដោយប្រើប្រាស់ផ្លូវសមុទ្រ និងផ្លូវរត់ភ្លើងឆ្លងកាត់ប្រទេសចិនដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន។

សម្រាប់លោកបណ្ឌិត ជ័យ តិច វិញបានឱ្យជាយោបល់បន្ថែមថាក្រៅពីការបញ្ជូនទំនិញទៅលក់កម្ពុជាក៏គួរតែព្យាយាមបង្កើតឱ្យមានការបញ្ជូននិស្សិតទៅសិក្សានៅប្រទេសក្នុងតំបន់នេះទាក់ទងនឹងបច្ចេកវិទ្យាយោធា យន្តហោះចម្បាំង និងប្រព័ន្ធផ្កាយរណបជាដើម។
បន្ថែមលើនេះការបង្កើតពាណិជ្ជកម្មសេរីនេះក៏អាចឱ្យកម្ពុជាទិញនូវសម្ភារៈយោធាពីរុស្ស៊ី ក៏ដូចជាទាក់ទាញអ្នកវិនិយោគពីរុស្ស៊ីដើម្បីធ្វើរោងចក្រផលិតសម្ភារៈយោធានៅកម្ពុជា និងវិនិយោគលើប្រេងផងដែរ ជាពិសេសគឺលទ្ធភាពនៃការកសាងរោងចក្រថាមពលនុយក្លេអ៊ែរស៊ីវិលសម្រាប់សន្តិសុខថាមពលរបស់កម្ពុជាផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


