Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស បង្វែរយុទ្ធសាស្ត្រការពារជាតិ ពី​កា​រផលិត​នាវាចម្បាំងធំៗ មកផ្តោត​លើ​ផលិតកម្ម​ ​«​ដ្រូន»​

បានផុស

នៅ

នៅថ្ងៃទី៣០ ខែមិថុនានេះ អង់គ្លេសនឹងប្រកាសដាក់ឲ្យប្រើប្រាស់ផែនការវិនិយោគការពារជាតិរបស់ខ្លួន (DIP) ក្រោយមានការយឺតយ៉ាវជាច្រើនលើក។ ផែនការនេះផ្តល់អាទិភាពលើការវិនិយោគទំហំ ៥ ពាន់លានផោន (ប្រហែល ៦.៦២ ប៊ីលានដុល្លារ) ទៅលើដ្រូន និងផ្តោតលើប្រព័ន្ធស្វ័យប្រវត្តិនានា ដើម្បីព្យាយាមធ្វើទំនើបកម្ម និងពង្រឹងកងកម្លាំងប្រដាប់អាវុធដែលកំពុងខ្សត់ខ្សោយ ក្នុងអំឡុងពេលដែលការគំរាមកំហែងសកលកំពុងកើនឡើង។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយពី Reuters, ផែនការមេនេះបានប្រឈមនឹងការជជែកវែកញែកដេញដោលគ្នាយ៉ាងខ្លាំង នៅនាទីចុងក្រោយ បន្ទាប់ពីអតីតរដ្ឋមន្ត្រីការពារជាតិ លោក John Healey បានលាលែងពីតំណែងកាលពីដើមខែនេះ ព្រមទាំងបានរិះគន់យ៉ាងធ្ងន់ធ្ងរលើនាយករដ្ឋមន្ត្រី លោក Keir Starmer ចំពោះការមិនអាចស្វែងរកកញ្ចប់ថវិកាចាំបាច់ ដើម្បីរក្សាការពារសុវត្ថិភាពប្រទេសជាតិពីការគំរាមកំហែងនានា។

ចាប់តាំងពីពេលនោះមក លោក Starmer ក៏បានប្រកាសថា លោកនឹងចុះចេញពីតំណែងផងដែរ ដោយអ្នកជំនួសតំណែងរបស់លោកនឹងត្រូវឡើងកាន់អំណាចក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដែលធ្វើឲ្យផែនការនេះ ក្លាយជាការប្រកាសគោលនយោបាយចុងក្រោយបង្អស់មួយរបស់លោក ក្នុងនាមជានាយករដ្ឋមន្ត្រី។

យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ផែនការរបស់លោក Starmer នឹងផ្តោតសំខាន់លើដ្រូនវាយប្រហារ ប្រព័ន្ធស្វ័យប្រវត្តិ ព្រមទាំងនាវា និងនាវាមុជទឹកដែលគ្មានមនុស្សបើក ដោយផ្តល់អាទិភាពលើបច្ចេកវិទ្យាជាជាងនាវាចម្បាំងធំៗ ដើម្បីឆ្លុះបញ្ចាំងពីតថភាពនៃសង្គ្រាមសម័យទំនើប ដូចដែលបានឃើញនៅក្នុងប្រទេសអ៊ុយក្រែន។

លោកបានសន្យាថានឹងបង្កើនការចំណាយលើវិស័យការពារជាតិឲ្យដល់ ៣ ភាគរយនៃផលិតផលជាតិសរុប (GDP) នៅក្នុងអាណត្តិសភាបន្ទាប់ បើធៀបនឹង ២.៦ ភាគរយដែលរំពឹងថា នឹងឈានដល់នៅឆ្នាំក្រោយ បន្ទាប់ពីការពិនិត្យឡើងវិញលើវិស័យការពារជាតិកាលពីឆ្នាំ ២០២៥ បានបង្ហាញថា អង់គ្លេសចាំបាច់ត្រូវបង្វែរទិសដៅទៅរកការត្រៀមលក្ខណៈប្រយុទ្ធក្នុងសង្គ្រាម។

ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំការពារជាតិបានលើកឡើងថា នៅតែមានឱនភាពថវិកាចំនួន ២៨ ពាន់លានផោន (ប្រហែល ៣៧ ប៊ីលានដុល្លារ) បន្ថែមទៀតសម្រាប់រយៈពេល ៤ ឆ្នាំខាងមុខ ហើយសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលមិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែលផែនការ DIP នេះនឹងជួយបំពេញការខ្វះខាតនេះឡើយ ដែលជាចំណុចមួយកំពុងត្រូវបានតាមដានយ៉ាងដិតដល់ពីសំណាក់អ្នកនៅក្នុងឧស្សាហកម្មនេះ។

ដោយឡែក កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលបានប្រកាសរួចហើយថា ខ្លួននឹងលុបចោលផែនការជំនួសនាវាបំផ្លាញ ដែលមានអាយុកាលចាស់ៗ ហើយជំនួសមកវិញនូវការបញ្ជាទិញនាវាចម្បាំងរួម យ៉ាងហោចណាស់ចំនួន ៦ គ្រឿង ដើម្បីបម្រើជាមជ្ឈមណ្ឌលបញ្ជាសម្រាប់ប្រព័ន្ធគ្មានមនុស្សបើក ខណៈដែលរដ្ឋមន្ត្រីការពារជាតិថ្មីអង់គ្លេស លោក Dan Jarvis ក៏បានប្រកាសពីការផ្តល់ទូកល្បឿនលឿនថ្មីសម្រាប់កងកុម្មង់ដូផងដែរ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម