ព័ត៌មានអន្ដរជាតិ
លោក Starmer ប្រាប់ សេដ្ឋីអាមេរិក Elon Musk កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អង់គ្លេស
នាយករដ្ឋមន្ត្រីដែលរងសម្ពាធឲ្យលាលែងពីអំណាចរបស់អង់គ្លេស លោក Keir Starmer បានប្រាប់ លោក Elon Musk ឈប់ជ្រៀតជ្រែកចូលក្នុងកិច្ចការនយោបាយរបស់អង់គ្លេស ក្រោយមហាសេដ្ឋីបច្ចេកវិទ្យានិងម្ចាស់ម៉ាកយីហោរថយន្ត Tesla បានបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយ ជុំវិញសំណុំរឿងឃាតកម្មមួយដែលបានបង្កឲ្យមានការផ្ទុះកំហឹង និងការធ្វើបាតុកម្មជាសាធារណៈ ពាក់ព័ន្ធនឹងករណីមរណភាពរបស់និស្សិតប្រុសម្នាក់ឈ្មោះ Henry Nowak។

សារព័ត៌មាន Reuters ផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឲ្យដឹងថា នៅក្នុងការថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយក្រុមអភិបាលក្រុង លោក Keir Starmer បាននិយាយថា ប្រទេសជាតិចាំបាច់ត្រូវបង្ហាញពីអត្តសញ្ញាណរបស់ខ្លួនឲ្យបានច្បាស់លាស់ ក្នុងពេលដែល លោក Elon Musk ព្យាយាមជ្រៀតជ្រែកចូលក្នុងឆាកនយោបាយ និងញុះញង់ឲ្យមានការបែកបាក់ជាតិ។
មេដឹកនាំអង់គ្លេសរូបនេះបានសង្កត់ធ្ងន់ថា ប្រជាជនអង់គ្លេសគឺជាមនុស្សមានហេតុផល និងមានការយោគយល់ខ្ពស់ ព្រមទាំងបានអំពាវនាវឲ្យមានការឆ្លើយតបដោយភាពស្ងប់ស្ងាត់ចំពោះឧប្បត្តិហេតុរបស់និស្សិត Henry Nowak។
លោក Starmer ក៏បានលើកឡើងដែរថា ខ្លួនបានជួបពិភាក្សាផ្ទាល់ជាមួយក្រុមគ្រួសាររបស់ Henry Nowak នៅក្នុងទីក្រុងឡុងដ៍ ដើម្បីពិភាក្សាអំពីនីតិវិធីចាត់វិធានការលើការរំលោភបំពានរបស់ប៉ូលិសប្រចាំតំបន់ Hampshire។ លោកបានសម្តែងក្តីរំជួលចិត្តយ៉ាងខ្លាំងបន្ទាប់ពីជំនួបនោះ និងបានប្តេជ្ញានឹងចាត់រាល់វិធានការចាំបាច់ទាំងអស់ ដើម្បីកែតម្រូវកំហុសឆ្គងទាំងឡាយដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ។
បន្ទាប់មក អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលមិនបានតម្រង់គោលដៅលើការបង្ហោះជាក់លាក់ណាមួយរបស់លោក Elon Musk នោះទេ ប៉ុន្តែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះខ្លឹមសារជារួមដែលពាក់ព័ន្ធនឹងសំណុំរឿងនេះ។
លោក Musk បានបង្ហោះសារអំពីសំណុំរឿងយុវជន Henry Nowak អាយុ ១៨ ឆ្នាំ ត្រូវបានប៉ូលិសអង់គ្លេសដាក់ខ្នោះដៃ ក្នុងខណៈពេលដែលរូបគេកំពុងដេកដង្ហក់ជិតស្លាប់ ដោយសារមុខរបួសចាក់សម្លាប់ បន្ទាប់ពីឃាតកបានទម្លាក់កំហុសដោយកុហកថា ជាការវាយប្រហារបែបប្រកាន់ពូជសាសន៍។ ឃាតកនោះ គឺជាបុរសជនជាតិស៊ីក (Sikh) ត្រូវបានតុលាការកាត់ទោសកាលពីថ្ងៃចន្ទ។
នៅលើបណ្តាញសង្គម X លោក Musk បានបង្ហាញការយល់ឃើញថា ប៉ូលិសមានការរើសអើងប្រឆាំងនឹងជនជាតិស្បែកស និងបានចែករំលែកបន្ត នូវមតិរិះគន់របស់អ្នកប្រើប្រាស់ដទៃទៀតអំពីរបៀបចាត់ចែងលើឧប្បត្តិហេតុនេះ ។
ទោះជាយ៉ាងណាក៏ដោយ នេះក៏មិនមែនជាលើកទីមួយទេ ដែលលោក Musk ជាប់ពាក់ព័ន្ធនឹងជម្លោះវាយប្រហារពាក្យសម្តីនៅអង់គ្លេស។ កាលពីឆ្នាំមុន មហាសេដ្ឋីអាមេរិករូបនេះ បានរិះគន់រដ្ឋាភិបាលអង់គ្លេសជាសាធារណៈ ជុំវិញបញ្ហាក្រុមទំនើងបំពានលើកុមារ និងបានចេញមុខគាំទ្រសកម្មជនស្តាំនិយមជ្រុល Tommy Robinson ដែលកាលណោះ លោក Starmer ក៏បានចោទប្រកាន់លោក Elon Musk ថា បានផ្សព្វផ្សាយព័ត៌មានមិនពិតផងដែរ។
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


