Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមលេងធម៌ក្តៅ ចាប់​អ្នក​បង្ហោះព័ត៌មានមិនពិត ឬរូបភាពមិនសមរម្យ ពិន័យប្រាក់​រាប់សិបលាន​ដុង

បានផុស

នៅ

ប្រទេសវៀតណាម បានសម្រេចដាក់ចេញនូវវិធានការក្តៅ ដោយ​​ផាកពិន័យជាប្រាក់ចាប់ពី ២០លាន ទៅ ៣០លានដុង (ស្មើនឹងប្រមាណ ៧៩៤ ទៅ ១ ១៩០​ដុល្លារ) ចំពោះបុគ្គលណាដែលបានផ្តល់ ឬចែករំលែកព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត បំភ្លៃការពិត ឬព័ត៌មានបរិហារកេរ្តិ៍នៅលើបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ស្ថាប័ន អង្គភាព ឬកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលដទៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Nhan Dan កាលពីថ្ងៃអង្គារ ទី​៣០ ខែមិថុនា ឆ្នាំ​២០២៦។

(រូបថត៖ Trout tre News)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោសទណ្ឌពិន័យជាប្រាក់ក្នុងកម្រិតដដែលនេះ ក៏នឹងត្រូវអនុវត្តផងដែរ ចំពោះការល្មើសផ្សេងៗទៀត ដូចជា ការចែករំលែករូបភាពព្រឺព្រួចដែលបង្ហាញពីការសម្លាប់មនុស្ស អំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ ឬទិដ្ឋភាពគួរឱ្យរន្ធត់ផ្សេងៗ។ ក្រៅពីនេះ ការចែកចាយស្នាដៃសារព័ត៌មាន អក្សរសិល្ប៍ ឬសិល្បៈដែលមានរក្សាសិទ្ធិដោយគ្មានការអនុញ្ញាត ការផ្សព្វផ្សាយទំនិញឬសេវាកម្មដែលត្រូវបានហាមឃាត់ ការបង្ហោះផែនទីប្រទេសវៀតណាមដែលខុសពីអធិបតេយ្យភាពពិតប្រាកដរបស់ជាតិ ឬការចែករំលែកតំណភ្ជាប់ (Link) ទៅកាន់មាតិកាអនឡាញដែលច្បាប់វៀតណាមហាមឃាត់ ក៏ត្រូវរងការផាកពិន័យដូចគ្នាដែរ។

អ្វីដែលរឹតតែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ ស្ថិតក្រោមបទប្បញ្ញត្តិថ្មីដដែលនេះ ការផាកពិន័យជាប្រាក់ចាប់ពី ៣០លាន ទៅ ៥០លានដុង (ស្មើនឹងប្រមាណ ១ ១៩០ ទៅ ១ ៩៨៤ដុល្លារអាមេរិក) នឹងត្រូវប្រកាសអនុវត្ត ចំពោះការចែករំលែកមាតិកាទាំងឡាយណា ដែលបំភ្លៃប្រវត្តិសាស្ត្រ បដិសេធសមិទ្ធផលបដិវត្តន៍ បំផ្លិចបំផ្លាញសាមគ្គីភាពជាតិ ប្រមាថដល់សាសនា ឬញុះញង់ឱ្យមានការរើសអើងពូជសាសន៍និងយេនឌ័រ ប្រសិនបើសកម្មភាពទាំងនោះ មិនទាន់ឈានដល់កម្រិតត្រូវរងការចោទប្រកាន់ជាបទល្មើសព្រហ្មទណ្ឌ។

របាយការណ៍ដដែល បានបន្ថែមថា ទំហំទឹកប្រាក់ពិន័យដ៏ច្រើននេះ ក៏នឹងត្រូវយកមក​អនុវត្ត​ ចំពោះសកម្មភាពទម្លាយអាថ៌កំបាំងរដ្ឋ អាថ៌កំបាំងឯកជនភាពបុគ្គល ឬព័ត៌មានសម្ងាត់ដទៃទៀត ដែលមិនទាន់ឈានដល់ការកាត់ទោសព្រហ្មទណ្ឌ រួមទាំងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមសាធារណជន ធ្វើឱ្យរំខានដល់សកម្មភាពសេដ្ឋកិច្ចសង្គម រារាំងដល់ប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ឬមន្ត្រីរាជការ ឬរំលោភលើសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ស្ថាប័ន និងបុគ្គលនានាផងដែរ។ គោលនយោបាយ និងវិធានការតឹងរ៉ឹងទាំងអស់នេះ ត្រូវបានដាក់បញ្ចូលទៅក្នុងអនុក្រឹត្យរបស់រដ្ឋាភិបាលវៀតណាម ដែលចាប់ផ្តើមចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នេះតទៅ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម