Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម រកឃើញ​វិធី​កែច្នៃ​សំបក​សណ្តែកខៀវ ធ្វើជា​ថ្នាំ​ជួយ​អ្នកជំងឺ​ទឹកនោមផ្អែម

បានផុស

នៅ

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​វៀតណាម ទើបតែ​រកឃើញ​បច្ចេកវិទ្យា​ថ្មី​មួយ ដោយ​ពួកគាត់​បាន​យក​សំបក​សណ្តែកខៀវ​ដែល​យើង​ធ្លាប់តែ​បោះចោល ទៅ​​កែច្នៃ​ជា​ភាគល្អិត​តូចៗ​កម្រិត​ណាណូ (ឬ​ហៅថា Nanovitexin)។ សារធាតុ​ថ្មី​នេះ មាន​សមត្ថភាព​ខ្ពស់​ជាង​ការ​ចម្រាញ់​តាម​វិធី​ធម្មតា​ឆ្ងាយ​ណាស់ ហើយ​វា​នឹង​ក្លាយជា​ជំនួយការ​ដ៏​សំខាន់​ក្នុងការ​ការពារ និង​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម។ នេះ​បើយោងតាម​ការ​ចុះផ្សាយ​របស់ Viet Nam News នា​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាម​ទិន្នន័យ​ពី​សហព័ន្ធ​ជំងឺ​ទឹកនោមផ្អែម​អន្តរជាតិ មនុស្ស​ពេញវ័យ​លើសពី ១១ភាគរយ​នៅលើ​ពិភពលោក កំពុងតែ​រស់នៅ​ជាមួយ​ជំងឺ​ទឹកនោមផ្អែម។ ជំងឺ​ដែល​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​ «ឃាតក​លាក់មុខ» នេះ អាច​បង្ក​ជា​ផលវិបាក​ធ្ងន់ធ្ងរ​ជាច្រើន ព្រោះ​វា​ស៊ី​សរីរាង្គ​ក្នុង​ខ្លួន​យើង​បន្តិចម្តងៗ ដូចជា បេះដូង ថ្លើម និង​ភ្នែក​ ជាដើម។ សព្វថ្ងៃ​នេះ ថ្នាំ​ទឹកនោមផ្អែម​មាន​ច្រើន​ប្រភេទ​មែន ប៉ុន្តែ​វា​មាន​តម្លៃ​ថ្លៃ ហើយ​ពេល​លេប​ទៅ​ជួនកាល​ធ្វើឱ្យ​យើង​ធ្វើទុក្ខ​ក្នុង​ខ្លួន ឬ​ប៉ះពាល់​ក្រពះ​ពោះវៀន។ ហេតុនេះ​ហើយ ទើប​អ្នកវិទ្យាសាស្ត្រ​វៀតណាម​ព្យាយាម​រក​សារធាតុ​ធម្មជាតិ​ពី​រុក្ខជាតិ​មក​ជំនួស​វិញ។

តាមពិតទៅ នៅក្នុង​សំបក​សណ្តែកខៀវ​មាន​សារធាតុ​ម្យ៉ាង​ ដែល​អាច​ជួយ​បញ្ចុះ​ជាតិ​ស្ករ​បាន ប៉ុន្តែ​បើ​ចម្រាញ់​តាម​បែប​ធម្មតា គឺ​វា​មិន​ងាយ​រលាយ​ក្នុង​ទឹក​ឡើយ ធ្វើឱ្យ​រាងកាយ​យើង​ស្រូប​យក​ទៅ​ប្រើប្រាស់​បាន​តិចតួច​បំផុត ពោល​គឺ​បាន​​ប្រហែល ៤,៩ ទៅ ៥,៨ភាគរយ​ប៉ុណ្ណោះ។ ដើម្បី​ដោះស្រាយ​រឿង​នេះ អ្នកស្រាវជ្រាវ​បាន​ប្រើ​បច្ចេកវិទ្យា​ណាណូ បំបែក​សារធាតុ​ពី​សំបក​សណ្តែកខៀវ​នោះ ឱ្យ​ទៅជា​កម្ទេច​​តូចៗ​ល្អិត​បំផុត ដែល​មើល​នឹង​ភ្នែក​ទទេ​មិន​ឃើញ​ឡើយ។ ដោយសារតែ​វា​តូច​ខ្លាំង​បែបនេះ ទើប​វា​ងាយ​រលាយ និង​ជួយ​ឱ្យ​រាងកាយ​យើង​ស្រូប​យក​ទៅ​ប្រើប្រាស់​បាន​ពេញលេញ និង​លឿន​ទាន់ចិត្ត។

ប្រភេទ​ថ្នាំ​ណាណូ​ពី​សំបក​សណ្តែកខៀវ​នេះ មាន​គុណសម្បត្តិ​ពិសេស​ត្រង់ថា វា​ជួយ​ទប់ស្កាត់​មិន​ឱ្យ​ជាតិ​ម្សៅ​បំប្លែង​ជា​ជាតិ​ស្ករ​លឿន​ពេក ដែល​ជួយ​ឱ្យ​មនុស្ស​​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ល្អ ហើយ​ថែមទាំង​មិន​សូវ​ធ្វើទុក្ខ​ក្រពះ​ដូច​ថ្នាំ​គីមី​មុនៗ​ទេ។ ក្រៅពីជំងឺ​​ទឹកនោមផ្អែម សារធាតុ​នេះ​ក៏​អាច​យក​ទៅ​ធ្វើជា​អាហារ​បំប៉ន​ជួយ​លាង​ជាតិពុល​ក្នុង​ថ្លើម និង​ជំនួយ​ប្រព័ន្ធ​ប្រសាទ​បាន​ទៀត​ផង។ ឥឡូវនេះ គម្រោង​នេះ​ ទទួល​បាន​ការ​សរសើរ​យ៉ាង​ខ្លាំង ហើយ​គេ​កំពុងតែ​រៀបចំ​ប្តូរ​វា​ទៅជា​ផលិតផល​ឱសថ​ពាណិជ្ជកម្ម ដើម្បី​ដាក់​លក់​លើ​ទីផ្សារ​ជួយ​ដល់​សុខភាព​ប្រជាពលរដ្ឋ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម