ព័ត៌មានអន្ដរជាតិ
វៀតណាម ចាប់ដៃហុងកុង និងជប៉ុន បោះទុនធំ បង្កើតមជ្ឈមណ្ឌលជួសជុលយន្តហោះខ្នាតយក្ស
ក្រុមហ៊ុនសម្ព័ន្ធអន្តរជាតិធំៗ បានឈានដល់ការចុះកិច្ចព្រមព្រៀងរួមគ្នាមួយ ក្នុងការសាងសង់មជ្ឈមណ្ឌលថែទាំ និងជួសជុលយន្តហោះខ្នាតយក្ស ដែលមានទំហំទឹកប្រាក់រហូតដល់ ៣៦០លានដុល្លារ នៅលើទឹកដីប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។

មជ្ឈមណ្ឌលនេះ នឹងត្រូវសាងសង់ឡើង នៅក្នុងព្រលានយន្តហោះអន្តរជាតិ Van Don ស្ថិតក្នុងខេត្តក្វាងនីញ (Quang Ninh) ប្រទេសវៀតណាម។ ព្រឹត្តិការណ៍នេះ បានក្លាយជាប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់វៀតណាម ដោយសារតែអាកាសយានដ្ឋាន Van Don គឺជាព្រលានយន្តហោះឯកជនដំបូងគេបង្អស់នៅក្នុងស្រុក ដែលមានសមត្ថភាពទាក់ទាញការវិនិយោគបង្កើតមជ្ឈមណ្ឌលជួសជុលយន្តហោះកម្រិតអន្តរជាតិបែបនេះ។
គម្រោងដើមទុនធំមួយនេះ កើតចេញពីការចាប់ដៃគ្នារវាងក្រុមហ៊ុនយក្សមកពីបីប្រទេសផ្សេងគ្នា។ ភាគីខាងប្រទេសវៀតណាម គឺក្រុមហ៊ុន Sun Group ដែលជាសម្ព័ន្ធក្រុមហ៊ុនអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធដ៏ល្បីល្បាញ ហើយក៏ជាអ្នកអភិវឌ្ឍន៍ព្រលានយន្តហោះ Van Don ផ្ទាល់តែម្តង។ ចំណែកឯភាគីហុងកុង គឺក្រុមហ៊ុន HAECO ដែលជាបុត្រសម្ព័ន្ធផ្នែកវិស្វកម្មអាកាសចរណ៍របស់ក្រុមហ៊ុន Swire Pacific រីឯភាគីខាងប្រទេសជប៉ុនវិញ គឺមានការចូលរួមពីក្រុមហ៊ុនអាកាសចរណ៍លំដាប់ជាតិ Japan Airlines (JAL) សហការជាមួយក្រុមហ៊ុនពាណិជ្ជកម្មខ្នាតយក្ស Toyota Tsusho Corporation។
បើផ្អែកលើប្លង់មេនៃគម្រោង មជ្ឈមណ្ឌលនេះ នឹងត្រូវសាងសង់នៅលើផ្ទៃដីធំល្វឹងល្វើយរហូតដល់ទៅជាង ២០ហិចតា នៅក្នុងតំបន់ព្រលានយន្តហោះ។ សម្រាប់ដំណាក់កាលដំបូង គេនឹងផ្តោតលើការសាងសង់រោងជាងជួសជុលដ៏ធំមួយ ដែលមានសមត្ថភាពអាចដាក់យន្តហោះខ្នាតធំ ចំនួន ៤គ្រឿង និងយន្តហោះខ្នាតតូច ចំនួន ២គ្រឿងចូលជួសជុលក្នុងពេលតែមួយ។ បើមិនមានអ្វីប្រែប្រួលទេ មជ្ឈមណ្ឌលនេះ នឹងចាប់ផ្តើមបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០២៨ ខាងមុខ បន្ទាប់ពីទទួលបានការអនុម័តច្បាប់ពីរដ្ឋាភិបាល។ គម្រោងនេះ មិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចនោះទេ ប៉ុន្តែវាក៏នឹងបង្កើតឱកាសការងារដល់ប្រជាជនក្នុងស្រុកប្រមាណ ១ ០០០នាក់ រួមទាំងការនាំចូលអ្នកជំនាញអាកាសចរណ៍បរទេសប្រហែល ២០០នាក់ផងដែរ។ អ្វីដែលពិសេសនោះ គឺហេដ្ឋារចនាសម្ព័ន្ធទាំងមូល នឹងត្រូវរៀបចំឡើងតាមស្តង់ដារបៃតង ដោយមានប្រព័ន្ធគ្រប់គ្រងថាមពលវៃឆ្លាត ការប្រើប្រាស់អំពូល LED និងឧបករណ៍បម្រើការលើដី ដែលដើរដោយថាមពលអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន។
ការបង្កើតមជ្ឈមណ្ឌលជួសជុលយន្តហោះនេះ គឺជាយុទ្ធសាស្ត្រដ៏ឈ្លាសវៃមួយ ព្រោះទីផ្សារថែទាំយន្តហោះនៅក្នុងប្រទេសវៀតណាម ត្រូវបានគេព្យាករថានឹងមានតម្លៃហក់ឡើងដល់ ៧,៤ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០។ កន្លងមក សេវាកម្មជួសជុលក្នុងស្រុករបស់វៀតណាម មិនទាន់អាចឆ្លើយតបនឹងការកើនឡើងយ៉ាងគំហុគនៃចំនួនយន្តហោះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅឡើយទេ។ ដូច្នេះ ការលេចចេញនូវមជ្ឈមណ្ឌលកម្រិតអន្តរជាតិនេះ នឹងជួយកាត់បន្ថយការនាំយន្តហោះទៅជួសជុលនៅបរទេសរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលជួយកាត់បន្ថយការចំណាយផង និងជួយរុញច្រានឱ្យប្រទេសវៀតណាមមានឈ្មោះបោះសំឡេងកាន់តែខ្លាំង នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់វិស័យអាកាសចរណ៍ពិភពលោកផងដែរ៕


ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


