ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ជជែកតាមទូរសព្ទជាមួយលោក ពូទីន ពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន មុនកិច្ចប្រជុំអង្គការណាតូ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជជែកតាមទូរសព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន មុនពេលដែលកិច្ចប្រជុំអង្គការណាតូ ត្រៀមរៀបចំឡើងនៅក្នុងប្រទេសតួកគី នាពេលឆាប់ៗខាងមុខ។

តាមសារព័ត៌មាន Bloomberg ចុះផ្សាយថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងកិច្ចសន្ទនាដែលអូសបន្លាយពេលរហូតដល់ទៅ ៨៥នាទីនោះ មេដឹកនាំទាំងពីរ បានជជែកគ្នាយ៉ាងច្រើនពីផ្លូវចរចា ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ជាពិសេសគឺស្របពេលដែលលោក ត្រាំ ត្រូវត្រៀមខ្លួនចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) ក្នុងប្រទេសតួកគី នាពេលដ៏ខ្លីខាងមុខ។ ក្នុងនោះ លោក ត្រាំ បានបញ្ជាក់ជាថ្មីពីបំណងចង់ជួយជំរុញឲ្យមានការបញ្ឈប់ការវាយប្រហារគ្នា និងស្វែងរកដំណោះស្រាយដោយសន្តិវិធីឲ្យបានឆាប់រហ័ស ខណៈដែលខាងភាគីរុស្ស៊ី ក៏យល់ស្របលើការចរចាដែរ តែត្រូវផ្អែកលើលក្ខខណ្ឌស្នូលរបស់ក្រុងមូស្គូ។
មិនមែនជជែកតែជាមួយមេដឹកនាំរុស្ស៊ីនោះទេ នៅថ្ងៃដដែលនោះ លោក ដូណាល់ ត្រាំ ក៏បានបន្តខ្សែទូរសព្ទទៅជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ផងដែរ។ លោក ហ្សេលេនស្គី បានផ្ញើសារអបអរសាទរខួបលើកទី២៥០ នៃថ្ងៃបុណ្យឯករាជ្យអាមេរិកដូចលោក ពូទីន ដែរ ហើយនិងបានពិភាក្សាជាមួយលោក ត្រាំ ពីស្ថានភាពដ៏តានតឹងនៅខ្សែបន្ទាត់ជួរមុខ រួមទាំងកិច្ចប្រឹងប្រែងផ្នែកការទូតផ្សេងៗ។
បច្ចុប្បន្ន ក្រុមបេសកជនពិសេសរបស់លោក ត្រាំ រួមមានលោក Steve Witkoff និងកូនប្រសាររបស់លោក គឺលោក Jared Kushner កំពុងតែដើរតួជាអ្នកសម្របសម្រួលយ៉ាងសកម្ម ហើយពួកគេក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ដើម្បីបន្តកិច្ចពិភាក្សាស្វែងរកសន្តិភាពនេះ។
ការចរចាដ៏មមាញឹកតាមទូរសព្ទនេះ ធ្វើឡើងចំពេលដែលស្ថានការណ៍សង្គ្រាមជាក់ស្តែងនៅលើសមរភូមិកំពុងតែឡើងកម្តៅខ្លាំង។ មួយខែមុននេះ លោក ត្រាំ និងលោក ពូទីន ក៏ទើបតែបានជជែកគ្នាម្តងរួចមកហើយចំថ្ងៃខួបកំណើតអាយុ ៨០ឆ្នាំរបស់លោក ត្រាំ ប៉ុន្តែមកទល់ពេលនេះ កិច្ចប្រឹងប្រែងសន្តិភាពដែលដោះស្រាយដោយអាមេរិក ហាក់ដូចជាមានការគាំងស្ទះបន្តិច ដោយសារតែមានផ្ទុះសង្គ្រាមមួយទៀតជាមួយប្រទេសអ៊ីរ៉ង់។ ស្របពេលជាមួយគ្នានេះ រុស្ស៊ីទើបតែបានបើកការវាយប្រហារតាមអាកាសយ៉ាងចាស់ដៃបំផុតមួយប្រចាំឆ្នាំ ទៅលើទីក្រុងកៀវ និងតំបន់ជាច្រើនទៀត ដែលបណ្តាលឲ្យមនុស្សបាត់បង់ជីវិតអស់រាប់សិបនាក់។ ចំណែកឯខាងភាគីអ៊ុយក្រែនវិញ ក៏មិនថយដៃដែរ ដោយបានពង្រីកវិសាលភាពនៃការវាយប្រហារដោយដ្រូន និងមីស៊ីលចូលទៅជ្រៅក្នុងទឹកដីរុស្ស៊ី ថែមទាំងបានបាញ់កម្ទេចរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីជាបន្តបន្ទាប់ រហូតធ្វើឲ្យប្រទេសរុស្ស៊ីជួបវិបត្តិខ្វះខាតប្រេងឥន្ធនៈថែមទៀតផង។
ក្រៅពីស្ថានការណ៍វាយប្រហារគ្នាហើយនោះ មេដឹកនាំរុស្ស៊ី-អ៊ុយក្រែន ក៏បានឈ្លោះគ្នារឿងព័ត៌មានលើសមរភូមិផងដែរ។ កាលពីចុងសប្តាហ៍មុន លោក ពូទីន បានប្រកាសក្តែងៗថា កងទ័ពរុស្ស៊ី ដណ្តើមបានទីក្រុងយុទ្ធសាស្ត្រដឹកជញ្ជូនដ៏សំខាន់មួយ ឈ្មោះថា Kostiantynivka នៅភាគខាងកើតតំបន់ Donetsk បានហើយ។ ប៉ុន្តែភ្លាមៗនោះ លោក ហ្សេលេនស្គី បានចេញមុខច្រានចោលទាំងស្រុង ដោយហៅការប្រកាសរបស់រុស្ស៊ីថាជា «រឿងភូតកុហក» ដើម្បីតែចង់បានចំណាប់អារម្មណ៍ពីសារព័ត៌មានតែប៉ុណ្ណោះ ហើយលោកបានអះអាងថា ទីក្រុងដែលរងការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរមួយនេះ នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពអ៊ុយក្រែនដដែល។
បញ្ហាទាំងអស់នេះ នឹងត្រូវលើកយកទៅជជែកគ្នាយ៉ាងក្តៅគគុក នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៧កក្កដា។ លោក ដូណាល់ ត្រាំ នឹងត្រូវជួបមេដឹកនាំណាតូដទៃទៀត ខណៈដែលលោកតែងតែដាក់សម្ពាធឲ្យប្រទេសជាសមាជិកអឺរ៉ុបចំណាយលុយការពារខ្លួនឯងឲ្យបានច្រើនជាងមុន ហើយថែមទាំងបានបង្គាប់ឲ្យកាត់បន្ថយចំនួនកងទ័ពអាមេរិកនៅអឺរ៉ុបទៀតផង ដែលទង្វើនេះ បានធ្វើឲ្យប្រទេសជាសម្ព័ន្ធមិត្តទាំងឡាយស្រឡាំងកាំង និងបារម្ភជាខ្លាំងពីសន្តិសុខរបស់ពួកគេ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


