ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់ស្រោចលើក្រុងកៀវ ១១ម៉ោងជាប់គ្នា ស្លាប់មនុស្សហោចណាស់ ២១នាក់
រុស្ស៊ី បានបើកការវាយប្រហារដោយប្រើដ្រូន និងមីស៊ីលបាញ់ស្រោចទៅលើទីក្រុងកៀវរបស់អ៊ុយក្រែន ឥតឈប់ឈរអស់រយៈពេលដល់ទៅ ១១ម៉ោងជាប់ៗគ្នា បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ២១នាក់ ស្លាប់ និងធ្វើឱ្យមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន PBS នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។

រុស្ស៊ី បានចេញមុខអះអាងថា វាជាការវាយបកសងសឹកវិញ បន្ទាប់ពីអ៊ុយក្រែន បានលួចទៅវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់ខ្លួន។
សម្លេងផ្ទុះអាវុធ និងមីស៊ីល បានលាន់ឮកក្រើកពេញផ្ទៃមេឃនៃរដ្ឋធានីអ៊ុយក្រែន។ មនុស្សម្នាជាង ៥ម៉ឺននាក់បានរត់ស្លន់ស្លោទៅពួននៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី បន្ទាប់ពីសម្លេងស៊ីរ៉ែនប្រកាសអាសន្នផ្លូវអាកាសបានបន្លឺឡើង។ ចំណែកឯក្រុមអ្នកជួយសង្គ្រោះវិញ បានចំណាយពេលពេញមួយថ្ងៃកាយគំនរបាក់បែកនៃអគារស្នាក់នៅ ដែលត្រូវភ្លើងឆាបឆេះ ដើម្បីស្វែងរកជនរងគ្រោះដែលកំពុងជាប់គាំង។ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា ការបាញ់ប្លោងនេះ ធ្វើឡើង ដើម្បីឆ្លើយតបនឹងការដែលអ៊ុយក្រែនប្រើអាវុធរយះចម្ងាយឆ្ងាយវាយប្រហារមកលើខ្លួនជាបន្តបន្ទាប់ ដែលធ្វើឱ្យរុស្ស៊ីខ្វះខាតប្រេងឥន្ធនៈយ៉ាងខ្លាំង និងកំពុងបង្កើតសម្ពាធយ៉ាងធ្ងន់ធ្ងរដល់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានរៀបរាប់ថា វាជា «យប់ដ៏រន្ធត់អាក្រក់បំផុត» សម្រាប់ទីក្រុងដែលមានប្រជាជនរស់នៅជិត ៣លាននាក់មួយនេះ។ ពន្លឺភ្លើងចេញពីការផ្ទុះដ្រូន និងមីស៊ីល បានជះពេញផ្ទៃមេឃពេលរាត្រី រួមជាមួយផ្សែងខ្មៅងងឹតដែលហុយទ្រលោមឡើងលើអាកាស។ ទីតាំងជាង ៣០កន្លែងនៅក្នុងទីក្រុង ត្រូវបានបំផ្លិចបំផ្លាញ រួមទាំងអគារស្នាក់នៅរបស់ប្រជាជនប្រហែល ២០ខ្នងផងដែរ។
នៅក្នុងការវាយប្រហារចុងក្រោយនេះ រុស្ស៊ី បានប្រើប្រាស់មីស៊ីលចំនួន ៧៤គ្រាប់ និងដ្រូនរហូតដល់ ៤៩៦គ្រឿង។ ទោះបីជាប្រព័ន្ធការពារផ្លូវអាកាសរបស់អ៊ុយក្រែនខ្លាំងជាងមុនក៏ដោយ ប៉ុន្តែពួកគេនៅតែពិបាកទប់ទល់នឹងមីស៊ីលបាលិស្ទិកណាស់។ ហេតុនេះហើយ ទើបមន្ត្រីអ៊ុយក្រែននៅតែបន្តអង្វរករប្រទេសជាមិត្តឱ្យជួយផ្តល់ប្រព័ន្ធការពារ Patriot បន្ថែមទៀត។ យ៉ាងណាមិញ កាលពីយប់មិញ ភាគីអ៊ុយក្រែន ក៏បានវាយបកវិញ ដោយដុតបំផ្លាញរោងចក្រចម្រាញ់ប្រេងដ៏ធំមួយរបស់រុស្ស៊ីនៅភាគខាងកើតទីក្រុងមូស្គូ និងកម្ទេចស្ពានរថភ្លើងយុទ្ធសាស្ត្រមួយកន្លែង ដើម្បីកាត់ផ្តាច់ផ្លូវដឹកជញ្ជូនអាវុធរបស់កងទ័ពរុស្ស៊ីផងដែរ។
សូមជម្រាបថា បច្ចុប្បន្ន សង្គ្រាមនេះ បានអូសបន្លាយអស់រយៈពេលជាង ៤ឆ្នាំទៅហើយ ចាប់តាំងពីរុស្ស៊ីបានលើកទ័ពចូលលុកលុយពេញទំហឹង។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អ៊ុយក្រែនហាក់ដូចជាមានប្រៀបជាងមុនបន្តិច ដោយសារការរីកចម្រើនខាងបច្ចេកវិទ្យាដ្រូន។ ការដែលអ៊ុយក្រែនវាយប្រហារចំខ្សែត្រៀមផ្គត់ផ្គង់នៅខាងក្រោយសមរភូមិ បានធ្វើឱ្យកងទ័ពរុស្ស៊ីបាត់បង់ឱកាស និងធ្វើឱ្យការរំកិលទៅមុខរបស់ពួកគេមានភាពយឺតយ៉ាវ និងខាតបង់យ៉ាងខ្លាំង។ ជាពិសេស ការវាយប្រហារលើការដឹកជញ្ជូនប្រេងទៅកាន់តំបន់គ្រីមៀ (Crimea) បានបង្កជាវិបត្តិប្រេងដ៏អាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងពីរុស្ស៊ីបានកាត់យកទឹកដីនេះកាលពីឆ្នាំ២០១៤។ ទោះបីជាអ៊ុយក្រែនព្យាយាមវាយប្រហារដើម្បីបង្ខំឱ្យលោក ពូទីន ព្រមចូលតុចរចាក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ អ្វីដែលក្រុងមូស្គូឆ្លើយតបវិញ គឺមានតែគ្រាប់មីស៊ីល និងការបំផ្លិចបំផ្លាញប៉ុណ្ណោះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


