ព័ត៌មានជាតិ
កម្ពុជា ជម្រាបបណ្តាអង្គទូតពីទង្វើយោធាថៃបន្តពង្រឹងការកាន់កាប់ហួសខ្សែព្រំដែនដែលទាមទារឯកតោភាគី
លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញជូនប្រធាន និងតំណាងនៃបេសកកម្មការទូត និងអង្គការ អន្តរជាតិចំនួន៤២ នៅរាជធានីភ្នំពេញ អំពីការវិវត្តថ្មីៗទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយផ្តោតជាពិសេសទៅលើបញ្ហាការពង្រឹងការកាន់កាប់របស់កងកម្លាំងថៃនៅតំបន់ហួសពីខ្សែបន្ទាត់ព្រំដែនដែលថៃបានទាមទារដោយឯកតោភាគី។

បទបង្ហាញនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងការបរទេស ដោយមានការចលរួមពី លោក អ៉ិត សុត្ថា រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចូលរួមធ្វើបទបង្ហាញអំពីខ្សែបន្ទាត់ព្រំដែនដែលត្រូវបានទទួលស្គាល់ជាខ្សែព្រំដែនអន្តរជាតិ ដែលបានកំណត់ និងខណ្ឌសីមាព្រំដែនតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ និងបានប្រៀប ធៀបជាមួយខ្សែបន្ទាត់ព្រំដែនដែលបង្ហាញលើផែនទីដែលថៃគូសដោយឯកតោភាគី។
នាឱកាសនោះ លោកស្រី អ៊ាត សោភា បានរំលឹកអំពីវិធានការកាត់បន្ថយភាពតានតឹងដែលបានឯកភាពគ្នាដែលចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ លោកស្រីបានគូសបញ្ជាក់ថា វិធានការដ៏សំខាន់បំផុតមួយដែលបានឯកភាពគ្នាដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹង ស្តារទំនុកចិត្ត និងសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ គឺការបន្តដំណើរការឡើងវិញនៃការងារវាស់វែង និងខណ្ឌសីមាព្រំដែន របស់គណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់ ដោយផ្តល់អាទិភាពជាបន្ទាន់ដល់តំបន់ដែលប្រជាពលរដ្ឋរស់នៅ។ ការបន្តការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងអនុញ្ញាតឱ្យប្រជាជនរាប់ម៉ឺននាក់ដែលនៅសេសសល់អាចត្រឡប់ទៅកាន់លំនៅដ្ឋាន និងបន្តជីវភាពរស់នៅធម្មតារបស់ពួកគាត់វិញ ដូចដែលបាន ឯកភាពគ្នា។
យ៉ាងណាមិញលោកស្រី អ៊ាត សោភា បញ្ជាក់ថា៖«ប៉ុន្តែ ចាប់តាំងពីរដ្ឋាភិបាលថ្មីរបស់ថៃបង្កើតឡើងតាំងពីដើមឆ្នាំនេះមក មិនមានការបញ្ជាក់ថាថៃបានអនុវត្តវិធានការដើម្បីបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងឈប់បាញ់នោះទេ ព្រមទាំងបានបន្តធ្វើសកម្មភាពខុសច្បាប់នៅតំបន់ដែលខ្លួនកាន់កាប់ឥតឈប់ឈរ»។

លោកស្រី ក៏បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជាចំពោះម៉ាឡេស៊ី និងហ្វីលីពីន ដែលបានដឹកនាំ AOT ក្នុងនាមជាប្រធានអាស៊ានមុន និងប្រធានបច្ចុប្បន្ន។
លោកស្រីបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនគោក និងព្រំដែនសមុទ្រជាមួយថៃ តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ លោកស្រី ក៏បានសម្តែងនូវទំនុកចិត្តថា ការបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ និងកិច្ចពិភាក្សា ប្រកបដោយស្ថាបនា នឹងរួមចំណែកដល់ដំណោះស្រាយដ៏យុត្តិធម៌ យូរអង្វែង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកដើម្បីជំរុញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធទង្វើឈ្លានពាននេះ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានរាយបន្លាលួសនៅទីតាំងពីរដាច់ដោយឡែកពីគ្នាគឺ នៅតំបន់មុំបី ខេត្តព្រះវិហារ និងនៅតំបន់ជប់រុន ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជាតាមបណ្តោយព្រំដែន៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


