Connect with us

ព័ត៌មានជាតិ

កម្ពុជាតវ៉ាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា បាន​​ចេញ​ប្រកាសព័ត៌មាន ដោយ​ធ្វើការតវ៉ាជាផ្លូវការ​ចំពោះការ​បន្តរំលោភបំពាន​​របស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងតំបន់ស្ថិតក្នុងឃុំអំពិល ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ

ចាប់ពីដើមខែមិថុនា ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធ​ថៃបាន​ធ្វើសកម្មភាព​​កាប់ឆ្ការព្រៃ និងរាយបន្លាលួសនៅតំបន់បង្គោលព្រំដែនលេខ ២៦ ដោយ​បានបន្តរុល​ចូល​មកក្នុងទឹកដី​កម្ពុជា​​បន្ថែមទៀត។

សកម្មភាពខាងលើនេះ រំលោភបំពានលើមាត្រា ៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ រវាង​រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការ​វាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងចំណុចទី១ (វិធានការ កាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួម​នៃកិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់គណៈកម្មាធិការព្រំដែន ទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគី​ទាំងពីរ​បាន​ឯកភាព​ប្រគល់ជូនគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តការងារវាស់វែង និង​បោះបង្គោលព្រំដែន ឱ្យបានឆាប់បំផុត ស្របតាម កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​រវាងប្រទេសទាំងពីរ។

រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែព្រំដែន ឬការទាមទារ​ទឹកដី​ជា​ឯកតោ​​ភាគីរបស់ប្រទេសថៃឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើ នឹងមិនប៉ះពាល់​ដល់​សិទ្ធិស្រប​ច្បាប់ ឬជំហររបស់​ព្រះរាជាណាចក្​រកម្ពុជាទាក់ទង​នឹងខ្សែបន្ទាត់​ព្រំដែន​អន្តរជាតិ​របស​ខ្លួនឡើយ។

រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់សកម្មភាពបែបនេះ និងគោរពការប្តេជ្ញាចិត្តរបស់ ខ្លួន ក្នុងការបន្ធូរបន្ថយស្ថានការណ៍ លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក សម្របសម្រួលដល់​ការ​ដោះស្រាយ ជំម្លោះដោយសន្តិវិធី និងស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនង​ភាពជា​អ្នកជិត​ខាងល្អតាម បណ្តោយព្រំដែនកម្ពុជា-ថៃ។

កម្ពុជាប្តេជ្ញាចិត្តដោះស្រាយរាល់ជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំង​អស់ តាមរយៈមធ្យោបាយ​សន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀង​ទ្វេភាគី​ដែល​មាន​ស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា បន្ទាត់ព្រំដែន​មិនត្រូវផ្លាស់ប្តូរ​ដោយ​ប្រើកម្លាំង​នោះឡើយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម