Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ UN អំពាវ​នាវ​ដដែលៗ​ឱ្យអាមេរិក-អ៊ីរ៉ង់ ចរចាតាមផ្លូវ​ការទូត ចៀសវាង​ផ្ទុះសង្រ្គាម​ធំ

បានផុស

នៅ

សហ​រដ្ឋ​អាមេរិកលើក​ឡើង​ថា​ ខ្លួន​បាន​វាយប្រហារគោល​ដៅ​ប្រហែល ​១៤០ កន្លែង​​របស់​ភាគី​អ៊ីរ៉ង់​ ត្រឹមតែ​ថ្ងៃ​​សៅរ៍ ដើម្បីឆ្លើយតប​ទៅនឹងយោធាអ៊ីរ៉ង់​ដែលវាយ​ប្រហារ​នាវា​​ពាណិជ្ជកម្ម​​​មួយគ្រឿង​​ កំពុងធ្វើនាវាចរណ៍​ឆ្លងកាត់​តាមផ្លូវទឹក​អន្តរជាតិ​​ដែល​គេស្គាល់​ថា «ច្រក​ហ័រមូស​»​​។

ចំណែក​ទីក្រុងតេហេរ៉ង់វិញ ក៏បានបើក​ការវាយប្រហារឆ្លើយ​តប​វិញ​​ជាបន្តបន្ទាប់ដែរ​ ដោយ​​ផ្តោត​លើ​មូលដ្ឋានទ័ពអាមេរិក​មួយ​នៅហ្ស៊កដានីកាល​ពី​ថ្ងៃអាទិត្យ ខណៈ​ប្រទេស​អារ៉ាប់រួម បារ៉ែន អូម៉ង់ និងគុយវ៉ែត​អះ​អាង​ថា ពួកគេ​ត្រូវបាន​វាយប្រហារដោយ​មីស៊ីល និងដ្រូន​ពីអ៊ីរ៉ង់។

ប្រមុខ UN លោក António Guterres ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំ​វិញ​បញ្ហានេះ អគ្គ​លេខាធិការអង្គការសហប្រជាជាតិ(UN) លោក António Guterres ​សម្តែង​ការព្រួយ​បារម្ភយ៉ាង​ខ្លាំង​ ចំពោះ​ការកើន​ឡើង​នៃ​ជម្លោះ​យ៉ាងធ្ងន់ធ្ងរ ដោយ​ជំរុញឱ្យ​ភាគី​ទាំង​អស់​បញ្ចប់​ការវាយប្រហារ​បន្ទាន់​។ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​របស់​ UN នៅ​ថ្ងៃ​ទី​១២ ខែ​កក្ក​ដា ឆ្នាំ ២០២៦ ។

សេចក្តីថ្លែងការណ៍​មួយ ចេញ​ដោយអ្នកនាំពាក្យ​​របស់​​អង្គការ​សហ​ប្រជាជាតិ​ បាន​អំពាវ​នាវ​ដល់​ភាគី​ប្រយុទ្ធ​ទាំងអស់ឱ្យ​អត់ធ្មត់​ជា​អតិបរមា ចៀសវាង​សកម្មភាព​​​​បង្កើន​កម្តៅ​​បន្ថែមទៀតនិង​ចាត់វិធានការជាបន្ទាន់​ ដើម្បីបន្ថយភាពតានតឹង​ទាំងនេះ​​​។

ប្រមុខ​ UN បានបញ្ជាក់ជា​ថ្មីថា ការវិលត្រឡប់ទៅ​រកអរិភាពទ្រង់ទ្រាយ​ធំ​វិញ​នឹងមានផលវិបាកដ៏មហន្តរាយសម្រាប់​ប្រជាជន​នៅ​ក្នុងតំបន់ និង​លើសពីនេះ ក៏ដូចជា​ប៉ះ​ពាល់​សេដ្ឋកិច្ចពិភព​លោក។

គួរ​បញ្ជាក់​ថា ការ​កើនឡើងនៃការប្រយុទ្ធគ្នា និងការបញ្ចប់បទឈប់បាញ់​ដ៏ផុយ​ស្រួយដែល​បានចរចាកាលពីខែមុន ធ្វើឱ្យតម្លៃ​ថាមពលកើនឡើង ខណៈ​ការដឹកជញ្ជូន​ឆ្លងកាត់ច្រកសមុទ្រ​រវាងអ៊ីរ៉ង់ និងអូម៉ង់ បានជាប់​គាំងម្តងទៀត​។​

​បញ្ហា​នេះ​ធ្វើឱ្យនាវិកប្រហែល ៦ ០០០នាក់ នៅតែជាប់គាំងនៅលើ​នាវាជាច្រើន​គ្រឿង។ ប្រធានអង្គការសមុទ្រ​អន្តរជាតិ (IMO) របស់ UN បានអំពាវនាវឱ្យជៀស​វាងការឆ្លងកាត់ច្រកសមុទ្រទាំងអស់ បន្ត​រហូត​ដល់​មាន​លក្ខខណ្ឌសុវត្ថិភាព​​​ឡើង​វិញ​។

លោក Stéphane Dujarric អ្នក​នាំពាក្យអង្គការសហប្រជាជាតិ លើក​ឡើង​ថា៖ « អគ្គលេខាធិការ​ជំរុញឱ្យអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបន្ត​ការ​ចរចាជាបន្ទាន់ និងដោះស្រាយបញ្ហា​ដែលនៅសេសសល់តាមរយៈការទូត»៕

សម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម