Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង បើកដៃឲ្យ អ៊ុយក្រែនបង្កើតរោងចក្រផលិតមីស៊ីលយុទ្ធសាស្ត្រខ្លួនឯង

បានផុស

នៅ

ប្រធានាធិបតីបារាំង លោក  អេម៉ានុអែល ម៉ាក្រុង បានប្រកាសថា បារាំងនឹងអនុញ្ញាតឲ្យអ៊ុយក្រែនផលិតគ្រាប់​មីស៊ីល Cruise , គ្រាប់បែកឆ្លាតវៃ, និងមីស៊ីលស្ទាក់ចាប់របស់ប្រព័ន្ធការពារអាកាសដែលជាបច្ចេកវិទ្យាបារាំង ក្រោយទីក្រុងកៀវ បានបញ្ជាទិញប្រព័ន្ធការពារអាកាសជំនាន់ថ្មីរបស់បារាំង-អ៊ីតាលី និងយន្តហោះចម្បាំង Rafale។

លោក ម៉ាក្រុង និង លោក ហ្សេលេនស្គី(រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតា​មទីភ្នាក់ងារ Reuters ចុះផ្សាយកាលពីថ្ងៃ ទី១៤ ខែកក្កដា, នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំមេដឹកនាំប្រហែល ២៥ ប្រទេសក្នុងទីក្រុងប៉ារីស លោក ម៉ាក្រុង បានថ្លែងថា «កាលពីរសៀលថ្ងៃនេះ ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី និងខ្ញុំបានព្រមព្រៀងគ្នាលើផែនទីបង្ហាញផ្លូវរវាងប្រទេសទាំងពីរ ដើម្បីអនុវត្តនូវអ្វីដែលបានព្រមព្រៀងគ្នាជាគោលការណ៍កាលពីខែវិច្ឆិកាមុន ទាក់ទងនឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីរបស់យើង»។

សេចក្តីប្រកាសរបស់លោក ម៉ាក្រុង បានកត់សម្គាល់ជាលើកដំបូងដែលបារាំងបានយល់ព្រមផ្តល់អាជ្ញាប័ណ្ណផលិតកម្មដល់អ៊ុយក្រែន ដែលជាចំណាត់ការមួយអាចឲ្យអ៊ុយក្រែន បង្កើនស្តុកអាវុធរបស់ខ្លួន ចំពេលដែលរុស្ស៊ីកំពុងបង្កើនការវាយប្រហារយ៉ាងខ្លាំងក្លាលើប្រទេសនេះ។

សង្វាក់ផលិតកម្មនេះនឹងផ្តោតសំខាន់លើគ្រាប់បែកនាំផ្លូវច្បាស់លាស់ពីអាកាសទៅដីប្រភេទ AASM, គ្រាប់មីស៊ីលស្ទាក់ចាប់ការពារអាកាស Aster និងគ្រាប់មីស៊ីល cruise រយៈចម្ងាយឆ្ងាយបាញ់ចេញពីអាកាសប្រភេទ SCALP (ដែលអង់គ្លេសក៏ផលិតប្រភេទនេះផងដែរ)។

លោក ម៉ាក្រុង បានបន្តថា ប្រព័ន្ធរ៉ាដាក៏កំពុងត្រូវបានប្រគល់ជូនអ៊ុយក្រែនផងដែរ។ ជាក់ស្ដែង លោក ហ្សេលេនស្គី ក៏បានបញ្ជាទិញប្រព័ន្ធការពារអាកាស SAMP-T ជំនាន់ថ្មី ដែលនឹងត្រូវប្រគល់ជូនបន្ទាប់ពីការចែកចាយកំណែចាស់ និងការផ្គត់ផ្គង់គ្រាប់មីស៊ីលមួយចំនួនធំរួចរាល់។

លើសពីនេះ លោក ម៉ាក្រុង បានបញ្ជាក់ថា យន្តហោះចម្បាំងប្រភេទ Rafale ចំនួន ១៦ គ្រឿង នឹងត្រូវប្រគល់ជូនអ៊ុយក្រែន ដោយរំពឹងថានឹងអាចហោះហើរប្រតិបត្តិការនៅលើលំហអាកាសអ៊ុយក្រែន ត្រឹមឆ្នាំ២០២៨ ដល់ ២០២៩។

ទន្ទឹមនឹងនេះដែរ លោក Macron បានលើកឡើងថា ក្រុមសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនបានយល់ព្រមចាប់ផ្តើមការធ្វើសមយុទ្ធយោធានៅក្នុងបណ្តាប្រទេសជិតខាងអ៊ុយក្រែន ដែលនេះជាផ្នែកមួយនៃផែនការសម្រាប់បង្កើតកងកម្លាំងពហុជាតិសាសន៍ ដែលនឹងត្រូវពង្រាយភ្លាមៗនៅពេលមានការឈប់បាញ់ជាមួយរុស្ស៊ី។

គួរបញ្ចាក់ថា ការអនុញ្ញាតឲ្យអ៊ុយក្រែនផលិតមីស៊ីល Cruise ប្រភេទ SCALP និងគ្រាប់បែកនាំផ្លូវ AASM ដោយខ្លួនឯង គឺជាការឆ្លើយតបចំចំណុចទាល់ច្រកនៃកិច្ចប្រជុំ។ វានឹងជួយឲ្យអ៊ុយក្រែនអាចបង្កើតសង្វាក់ផ្គត់ផ្គង់អាវុធផ្ទាល់ខ្លួននៅលើទឹកដីខ្លួនឯង ដោយមិនបាច់អង្គុយរង់ចាំការដឹកជញ្ជូន និងការអនុម័តច្បាប់ដ៏យឺតយ៉ាវពីបណ្តាប្រទេសអឺរ៉ុបឡើយ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម