Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ត្រូវការពេល ជាង ២ឆ្នាំ ទើបអាចផលិតប្រព័ន្ធចាប់មីស៊ីល Patriot បាន

បានផុស

នៅ

នៅខាងក្រៅកិច្ចប្រជុំកំពូលអង្គការណាតូ ក្នុងទីក្រុងកង់ការ៉ា ប្រទេសតួកគី កាលពីថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសបើកភ្លើងបៃតង ឲ្យអ៊ុយក្រែន ផលិតខែលការពារមីស៊ីល Patriot ដោយខ្លួនឯង ស្របពេល រុស្ស៊ី បង្កើនការវាយប្រហារខ្លាំងទៅៗ។

(រូប៖ Reuters)

តាមសម្តីលោកត្រាំ អ៊ុយក្រែន នឹងផលិតប្រព័ន្ធនេះ ដោយខ្លួនឯង ប៉ុន្តែអាមេរិក នឹងជួយផ្តល់បច្ចេកវិទ្យា ហើយបង្រៀនអ៊ុយក្រែន ពីរបៀបធ្វើមីស៊ីលនេះ។ 

យ៉ាងណា លោកមិនទាន់ជម្រាបជូន ក្រុមហ៊ុនការពារជាតិអាមេរិកធំៗដូចជា Lockheed Martin និង RTX Corporation (Raytheon) ដែលជាអ្នកបង្កើតប្រព័ន្ធនេះ នៅឡើយទេ ប៉ុន្តែលោកជឿជាក់ថា ក្រុមហ៊ុនទាំងនោះនឹងព្រម តាមការសម្រេចចិត្តនេះ។

(រូប៖ Reuters)

ទោះបែបនេះ គេដឹងថា ​ការផលិតគ្រាប់មីស៊ីល សម្រាប់ Patriot មិនអាចធ្វើឡើងក្នុងពេលឆាប់បានទេ ពោលគឺត្រូវចំណាយពេលជាង ២ ឆ្នាំ ឯណោះ សម្រាប់គ្រាប់មីស៊ីលនីមួយៗ។ ចំណែកឯការផលិតប្រព័ន្ធរ៉ាដា ដែលជាសមាសភាគដ៏សំខាន់របស់វា គឺត្រូវចំណាយពេលសរុប ៣៦ ខែ ស្មើនឹង ៣ ឆ្នាំ។

យោងតាម Business Insider, កត្តាទាំងនោះគឺបណ្តាលមកពី៖

ក្រុមហ៊ុនផលិត ត្រូវចំណាយពេលរហូតដល់ ២៤ ខែ ក្នុងការប្រមូលទិញគ្រឿងបន្លាស់ និងសមាសភាគទាំងអស់ ពីក្រុមហ៊ុនផ្គត់ផ្គង់។ ការបង្កើតមីស៊ីល Patriot មួយគ្រាប់ ត្រូវពឹងផ្អែកលើខ្សែសង្វាក់ផលិតកម្មនៃក្រុមហ៊ុនដៃគូជាង ៤០០ ក្រុមហ៊ុនផ្សេងគ្នា ខណៈម៉ូទ័ររ៉ុកកែតឥន្ធនៈរឹង សម្រាប់មីស៊ីល PAC-3 MSE ក៏ត្រូវការពេលវេលាផលិត និងរក្សាទុកឲ្យកករឹង យ៉ាងហោចណាស់ ៣០ ខែ ផងដែរ។

(រូប៖ Reuters)

ម្យ៉ាង អ៊ុយក្រែន ត្រូវរង់ចាំការផ្ទេរឯកសារដំណើរការបច្ចេកទេស ទំនាក់ទំនងអ្នកផ្គត់ផ្គង់ និងការបណ្តុះបណ្តាលអ្នកជំនាញពីទីប្រឹក្សាបរទេស។

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី កំពុងពិចារណាទាក់ទងជាមួយក្រុមហ៊ុនជប៉ុន Mitsubishi Heavy Industries ដែលជាអ្នកផលិតមីស៊ីល Patriot ក្រោមអាជ្ញាប័ណ្ណស្រាប់ ដើម្បីមកជួយជំរុញការផលិត។

ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែដំណើរការបង្កើតរោងចក្រ និងខ្សែច្រវាក់ផលិតកម្ម ក្នុងស្រុកត្រូវចំណាយពេលរាប់ឆ្នាំ អ្នកវិភាគយោធា កត់សម្គាល់ថា អ៊ុយក្រែន នឹងនៅតែបន្តពឹងផ្អែកលើការផ្គត់ផ្គង់គ្រាប់មីស៊ីល Patriot ពីដៃគូបរទេសដដែល ក្នុងរយៈពេលខ្លីខាងមុខនេះ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម