Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក វាយអ៊ីរ៉ង់ ឥតឈប់ ខណៈលោក ត្រាំ បោះពាក្យគំរាម ថែមទៀត

បានផុស

នៅ

សហរដ្ឋអាមេរិក នៅតែវាយប្រហារអ៊ីរ៉ង់ ឥតឈប់ ដោយវាយហើយវាយទៀត ឈានចូលថ្ងៃទី៥ ខណៈពេលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ថែមទាំងបោះពាក្យគំរាមទៀតថា៖ «អ៊ីរ៉ង់ គួរតែធ្វើខ្លួនឲ្យបានត្រឹមត្រូវជាងនេះ»។

ការវាយប្រហាររបស់អាមេរិក លើអ៊ីរ៉ង់ (រូប៖ Reuters)

បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) នៅតែអះអាង ការវាយប្រហាររបស់ខ្លួន គឺដើម្បីសងសឹក ដែលអ៊ីរ៉ង់ វាយប្រហារលើកប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុងច្រកសមុទ្រ Hormuz ដោយអាមេរិក នឹងបំផ្លាញសមត្ថភាពរបស់ទីក្រុងតេហេរ៉ង់ លែងឲ្យធ្វើរឿងបែបនោះបានទៀត។

តាមការផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ CENTCOM នៅតែបន្តកំណត់គោលដៅលើមជ្ឈមណ្ឌលដែនសមុទ្រសំខាន់ៗ រួមមានទីក្រុងកំពង់ផែដ៏ធំ Bandar Abbas, រោងចក្រចម្រាញ់ប្រេងដ៏ចំណាស់ជាងគេបំផុតនៅមជ្ឈិមបូព៌ាក្នុងទីក្រុង Abadan, ទីក្រុង Mahshahr ក៏ដូចជាកោះ Qeshm, កោះ Kish និងកោះ Abu Musa ផងដែរ។

ប្រតិបត្តិការវាយប្រហាររបស់អាមេរិក លើអ៊ីរ៉ង់ (រូប៖ Reuters)

ទន្ទឹមនឹងការវាយប្រហារនោះ លោកត្រាំ បានប្រាប់អ្នកសារព័ត៌មានថា អ៊ីរ៉ង់ គួរតែធ្វើខ្លួនឲ្យបានត្រឹមត្រូវជាងនេះ។ លោកមិនចូលចិត្តដាក់ឱសានវាទទេ ហើយទីក្រុងតេហេរ៉ង់ ក៏ដឹងច្បាស់ដែរអំពីរឿងនេះ។

រឿងនេះដែរ កើតឡើងបន្ទាប់ពី អ៊ីរ៉ង់ប្រកាសថា មានជនស៊ីវិលជាង ៣០នាក់ស្លាប់ ក្នុងការវាយប្រហារ នារយៈពេលប៉ុន្មានថ្ងៃមកនេះ ខណៈ ជាង ២៦០នាក់ទៀតរបួស ទូទាំងប្រទេស។

មិនត្រឹមប៉ុណ្ណឹង លោក ត្រាំ ​បាន​ព្រមានចំៗថា បើទីក្រុងតេហេរ៉ង់ មិនព្រមវិលត្រឡប់មកកាន់តុចរចាទេនោះ ក្រុង​វ៉ាស៊ីនតោន​នឹងចាប់ផ្តើមកំណត់គោលដៅ វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗហើយ រួមមាន រោងចក្រអគ្គិសនី និងស្ពាននានា ចាប់ពីសប្តាហ៍ក្រោយតទៅ។

លោក ដូណាល់ ត្រាំ (រូប៖ Reuters)

តាមការអះអាងរបស់ត្រាំ, លោកកំពុងប្រើប្រាស់ «អំណាចយោធា» ជាមធ្យោបាយតែមួយគត់ ដើម្បីបង្ខំឲ្យអ៊ីរ៉ង់ ព្រមចរចា ដោយលើកឡើងថា៖ «យើងកំពុងវាយប្រហារពួកគេយ៉ាងចាស់ដៃ នៅយប់នេះ និងយប់បន្ទាប់ទៀត។ ហើយសប្តាហ៍ក្រោយ វានឹងក្លាយជារឿងអាក្រក់បំផុតសម្រាប់ពួកគេ ព្រោះយើងនឹងកម្ទេចរោងចក្រអគ្គិសនី និងស្ពានទាំងអស់របស់ពួកគេ»។

ទោះយ៉ាងណា ថ្វីដ្បិត​លោកធ្លាប់មានគំនិត​ ចង់ទារថ្លៃសេវា សម្រាប់ការឆ្លងកាត់ច្រកសមុទ្រ Hormuz ក៏ដោយ ប៉ុន្តែឥឡូវនេះលោកបានប្តូរចិត្តវិញ ដោយចង់ឲ្យច្រកយុទ្ធសាស្រ្តនេះ នៅតែជាផ្លូវដឹកជញ្ជូនសេរី សម្រាប់ពិភពលោកដដែល៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម