Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប ត្រៀម​គាំទ្រដល់​តុលាការ​ ICC បន្ទាប់ពីអាមេរិក​ផ្លាស់ប្តូរជំហរ​ដោយ​សារប្រយោជន៍​នយោបាយ

បានផុស

នៅ

សហភាព​អឺរ៉ុប បាន​បញ្ជាក់ជាថ្មីនូវ​ការគាំទ្រយ៉ាងមុតមាំ​របស់ខ្លួន​ ចំ​ពោះតុលា​ការព្រហ្មទណ្ឌអន្តរជាតិ(ICC) បន្ទាប់​ពីរដ្ឋបាល​សហរដ្ឋអាមេរិកបាន​ចាប់ផ្តើមគំនិតផ្តួចផ្តើមមួយ​ក្នុង​គោលបំណង​លុប​បំបាត់លើ​ការគំរាមកំហែងផ្នែក​នយោ​បាយ​ ​ដោយតុលាការដែល​​មានមូលដ្ឋាន​នៅទីក្រុងឡាអេ ប្រទេសហូឡង់​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ Anadolu នៅ​ថ្ងៃ​ទី​១៤ ខែ​កក្ក​ដា ឆ្នាំ ២០២៦ ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាន​ចាប់ផ្តើមយុទ្ធនាការ​​ ដើម្បីរុះរើតុលាការ ICC ដោយអះអាងថា តុលាការនេះ​ជ្រៀត​ជ្រែក​ជាមួយប្រតិបត្តិ​ការយោធា ការអនុវត្តច្បាប់​ និងបង្កហានិភ័យដល់អធិបតេយ្យភាពរបស់​អាមេរិក។​

តុលា​ការព្រហ្មទណ្ឌអន្តរជាតិ(ICC) ទីក្រុងឡាអេ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំពាក្យគណៈកម្មការ​សហភាពអឺរ៉ុប លោក Anouar El Anouni និយាយថា ជំហរ​របស់ប្លុក​លើតុលាការ​នៅតែមិនផ្លាស់ប្តូរ ដោយសង្កត់​ធ្ងន់​លើការប្តេជ្ញាចិត្តរបស់ខ្លួន​ ចំពោះយុត្តិធម៌​ព្រហ្មទណ្ឌ​អន្តរជាតិ និង​ការប្រយុទ្ធប្រឆាំង​នឹងនិទណ្ឌភាព។

លោក El Anouni ប្រាប់សន្និសីទសារព័ត៌មាន​ប្រចាំថ្ងៃ​ថា៖ « ជំហរ​របស់យើងនៅតែមិនផ្លាស់​ប្តូរ និងច្បាស់លាស់។ យើង​ក្នុងនាមជាសហភាពអឺរ៉ុប យើង​ឈរយ៉ាងរឹងមាំក្នុងការគាំទ្រ​របស់យើង​ ចំពោះតុលាការព្រហ្មទណ្ឌអន្តរជាតិ។ យើងក្នុងនាម​ជាសហភាពអឺរ៉ុប យើង​គោរពឯករាជ្យភាព និងភាព​មិនលំអៀងរបស់តុលាការ។ យើងប្តេជ្ញា​ចិត្តយ៉ាងមុតមាំ​ ចំពោះយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ និងការប្រយុទ្ធ​ប្រឆាំងនឹងនិទណ្ឌភាព»។

លោកបន្ថែមថា ការប៉ុនប៉ងណាមួយ​ ដើម្បី​ធ្វើឱ្យខូចដល់តុលាការ​គឺ​មិនអាចទទួលយក​បានទេ! ការវាយប្រហារ ឬការគំរាមកំហែង​ប្រឆាំង​នឹងតុលាការ មន្ត្រីជាប់ឆ្នោត បុគ្គលិក ឬក្រុម​ដែល​សហការជាមួយ​តុលាការ គឺមិនអាចទទួលយកបាន»។

អ្នកនាំពាក្យរូបនេះ​ក៏បានបដិសេធការលើកឡើង​ថា តុលាការ ICC បានបង្កការគំរាមកំហែង​ដល់អធិបតេយ្យភាព​ជាតិ។​

លោក​លើក​ឡើង​ថា​៖ « ហើយសូម​រម្លឹក​ផងដែរថា តុលាការ ICC មិនកំណត់គោលដៅ​លើរដ្ឋអធិបតេយ្យទេ ហើយ​វាក៏​មិនបង្កើតជាការគំរាមកំហែងដល់អធិបតេយ្យភាពរបស់​នរណា​ម្នាក់​ដែរ… តុលាការ ICC អនុវត្ត​យុត្តាធិការ​លើ​បុគ្គលប្រព្រឹត្តបទឧក្រិដ្ឋ​ធ្ងន់ធ្ងរបំផុត​ដែលជាកង្វល់របស់សហគមន៍អន្តរជាតិ»។

អ្នកនាំពាក្យម្នាក់ទៀត​របស់គណៈកម្មការអឺរ៉ុប គឺ​ លោកស្រី Siobhan McGarry និយាយថា គណៈកម្មការប្រតិបត្តិសហភាពអឺរ៉ុប​នៅតែប្តេជ្ញាការពារឯករាជ្យភាព​របស់តុលាការ និងធានាថាអាចបន្តការងារ​​នេះ​បាន​។

លោក​ស្រី​ McGarry ថា៖ « គណៈកម្មការនេះ​ នៅតែប្តេជ្ញាចិត្តយ៉ាង​មុតមាំក្នុងការគាំទ្រតុលាការឧក្រិដ្ឋកម្មអន្តរជាតិ​ជាមូលដ្ឋានគ្រឹះនៃ​ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ និងដើម្បីការពារឯករាជ្យភាព និងដំណើរការត្រឹមត្រូវ»។

គួរ​បញ្ជាក់​ថា តុលាការ ICC បង្កើតឡើងក្រោមលក្ខន្តិកៈ​ទីក្រុងរ៉ូម​ឆ្នាំ ១៩៩៨ ក្នុង​គោល​បំណង​ស៊ើបអង្កេត និងកាត់ទោសបុគ្គល​ណា​ ត្រូវ​បាន​ចោទប្រកាន់ពី​អំពើ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មឈ្លានពាន​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម