Connect with us

ព័ត៌មានអន្ដរជាតិ

លីបង់ និងអ៊ីស្រាអែល សម្រេច​ជំហានដំបូង ដើម្បីបញ្ចប់ជម្លោះនៅតំបន់ព្រំដែន

បានផុស

នៅ

បន្ទាប់ពីការចរចាដ៏តឹងតែងរយៈពេលពីរថ្ងៃនៅទីក្រុងរ៉ូម ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក ភាគីលីបង់ និងអ៊ីស្រាអែល បានឯកភាពគ្នាជាជំហានដំបូងឆ្ពោះទៅរកការបង្កើតតំបន់សាកល្បងមួយចំនួន នៅភាគខាងត្បូងប្រទេសលីបង់។ នេះ​បើយោងតាម​សារព័ត៌មាន AP ចុះផ្សាយ​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៦។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងតំបន់ទាំងនេះ កងទ័ពអ៊ីស្រាអែលនឹងដកចេញ ហើយប្រគល់សិទ្ធិគ្រប់គ្រងទៅឱ្យកងទ័ពលីបង់វិញ។ ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា កិច្ចពិភាក្សានេះ មានលទ្ធផលល្អ ដោយភាគីទាំងពីរបានយល់ព្រមលើទម្រង់ និងគោលការណ៍ណែនាំសម្រាប់តំបន់សាកល្បង ដែលនឹងត្រូវ​អនុវត្តក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែរហូតមកដល់ពេលនេះ ទាំងលីបង់ និងអ៊ីស្រាអែល នៅមិនទាន់មានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយទាក់ទងនឹងលទ្ធផលនេះនៅឡើយទេ។

រឿងរ៉ាវនៃជម្លោះនេះ បានចាប់ផ្តើមឡើងបន្ទាប់ពីអ៊ីស្រាអែល និងអាមេរិកបានបើកប្រតិបត្តិការសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ ដែលបណ្តាលឱ្យក្រុមសកម្ម​ប្រយុទ្ធ​ហេសបូឡានៅលីបង់បាញ់រ៉ុក្កែតចូលទៅក្នុងទឹកដីអ៊ីស្រាអែល ដើម្បីឆ្លើយតប។ សកម្មភាពនេះ បាននាំឱ្យអ៊ីស្រាអែលឈ្លានពានចូលទៅក្នុងប្រទេសលីបង់ និងកាន់កាប់តំបន់ភាគខាងត្បូងជាច្រើន។ កាលពីចុងខែមិថុនា ប្រទេសទាំងពីរ បានប្រកាសពីកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីដកកងទ័ពអ៊ីស្រាអែលចេញពីភាគខាងត្បូងលីបង់ ជាថ្នូរនឹងការដកហូតអាវុធរបស់ក្រុមហេសបូឡា និងការឈានទៅរកកិច្ចព្រមព្រៀងសន្តិភាព នាពេលអនាគត។ យ៉ាងណាមិញ ការអនុវត្តជាក់ស្តែងមានភាពយឺតយ៉ាវ ដោយសារមានការខ្វែងគំនិតគ្នាលើទីតាំងនៃតំបន់សាកល្បង ដែលត្រូវបានគេដឹងថាមានដូចជាទីក្រុង Froun, Ghandouriyeh និង Zawtar ជាដើម។

ប្រធានាធិបតីលីបង់ លោក Joseph Aoun ដែលគ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី២១ ខែកក្កដា បានបញ្ជាឱ្យគណៈប្រតិភូលីបង់ទាមទារឱ្យមានការដកកងទ័ពអ៊ីស្រាអែលជាបន្ទាន់ ពីតំបន់សាកល្បងទាំងនោះ មុននឹងបន្តការពិភាក្សាផ្សេងៗទៀត។ ក្នុងពេលជាមួយគ្នានេះ ស្ថានការណ៍នៅតែស្មុគស្មាញដដែល ដោយសារក្រុមហេសបូឡា បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ថា ពួកគេនឹងមិនគោរពតាមកិច្ចព្រមព្រៀងនេះ ហើយគ្មានគម្រោងទម្លាក់​អាវុធនោះទេ។ ស្របពេលដែលភាគីលីបង់ព្យាយាមចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល ដើម្បីកាត់បន្ថយឥទ្ធិពលពីអ៊ីរ៉ង់ ក្រុមហេសបូឡា និងអ៊ីរ៉ង់ បែរជាព្យាយាមផ្សារភ្ជាប់ជម្លោះនៅលីបង់នេះ ទៅនឹងការចរចាដ៏ធំរវាងអាមេរិក និងអ៊ីរ៉ង់ទៅវិញ។

ជុំវិញបញ្ហានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងបំណងចង់ឱ្យអ៊ីស្រាអែលដកកងទ័ពចេញពីលីបង់ និងតំបន់ខ្លះនៃប្រទេសស៊ីរី ដើម្បីឱ្យស្ថានការណ៍ក្នុងតំបន់មានភាពស្ងប់ស្ងាត់។ លោក ត្រាំ ក៏បានស្នើជាថ្មីម្តងទៀតឱ្យប្រធានាធិបតីស៊ីរី លោក Ahmad al-Sharaa បញ្ជូនកងកម្លាំងចូលទៅដោះស្រាយជាមួយក្រុមហេសបូឡា ដោយលោកជឿថា វាអាចមានប្រសិទ្ធភាពជាងការប្រើកម្លាំងរបស់អ៊ីស្រាអែល។ ទោះជាយ៉ាងណាក៏ដោយ លោក al-Sharaa បានប្រកាសជាសាធារណៈថា លោកចង់ឱ្យស៊ីរីនៅក្រៅជម្លោះតំបន់នេះ និងគ្មានបំណងចង់ធ្វើអន្តរាគមន៍យោធានៅក្នុងប្រទេសលីបង់នោះ​ឡើយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម