Connect with us

ព័ត៌មានអន្ដរជាតិ

កត្តា​ធំៗ ដែលធ្វើឱ្យប្រជាប្រិយភាពលោក ណេតាន់យ៉ាហ៊ូ ធ្លាក់ចុះខ្លាំង មុនការបោះឆ្នោត

បានផុស

នៅ

នៅពេលដែលការបោះឆ្នោតនៅអ៊ីស្រាអែលកាន់តែខិតជិតចូលមកដល់ លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ កំពុងប្រឈមមុខនឹងព្យុះភ្លៀងនយោបាយ ដែលមិនធ្លាប់មានពីមុនមក។ ថ្វីដ្បិត​​លោកជាអ្នកនយោបាយ ដែលមានបទពិសោធន៍ខ្ពស់បំផុតមួយរូប ក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែលក៏ដោយ ក៏ការស្ទង់មតិថ្មីៗបង្ហាញថា ប្រជាប្រិយភាពរបស់លោកកំពុងធ្លាក់ចុះយ៉ាងគំហុក ដោយមានពលរដ្ឋអ៊ីស្រាអែលប្រមាណ ៦១% យល់ឃើញថា លោកមិនគួរឈរឈ្មោះបោះឆ្នោតបន្តទៀតនោះទេ។

លោក ណេតាន់យ៉ាហ៊ូ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការវិភាគពីស្ថាប័នស្រាវជ្រាវនយោបាយ Steptoe និងមជ្ឈមណ្ឌលសិក្សាគោលនយោបាយផ្សេងៗ កត្តាធំៗដែលនាំឱ្យមានការធ្លាក់ចុះនេះ គឺបណ្តាលមកពីបញ្ហាចម្រុះ ដែលកំពុងដក់ជាប់ក្នុងអារម្មណ៍អ្នកបោះឆ្នោត។

កត្តាទីមួយ ដែលប៉ះពាល់ខ្លាំងបំផុត គឺការបាត់បង់ទំនុកចិត្តលើសមត្ថភាពសន្តិសុខជាតិ។ ព្រឹត្តិការណ៍ថ្ងៃទី៧ ខែតុលា ឆ្នាំ​២០២៣ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ម៉ាកយីហោនយោបាយរបស់លោក ណេតាន់យ៉ាហ៊ូ ដែលធ្លាប់តែត្រូវបានគេស្គាល់ថាជាអ្នកការពារសន្តិសុខដ៏រឹងមាំ។ ការដែលលោក​មិនព្រមបង្កើតគណៈកម្មការស៊ើបអង្កេតផ្លូវការលើការបរាជ័យសន្តិសុខនោះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើន រួមទាំងអ្នកដែលធ្លាប់គាំទ្របក្ស Likud របស់លោកផ្ទាល់ មានការខកចិត្តយ៉ាងខ្លាំង។

កត្តាទីពីរ គឺភាពចម្រូងចម្រាសនៃសង្គ្រាមរ៉ាំរ៉ៃ និងវិបត្តិធនធានមនុស្ស។ យោងតាមការចុះផ្សាយរបស់ Chatham House គោលនយោបាយ «Super-Sparta» ឬការត្រៀមខ្លួនធ្វើសង្គ្រាមជានិច្ចរបស់លោក ណេតាន់យ៉ាហ៊ូ កំពុងប្រឈមនឹងដែនកំណត់នៃធនធានរបស់ជាតិ។ អ៊ីស្រាអែលកំពុងជួបវិបត្តិខ្វះខាតទាហាន ខណៈដែលបន្ទុកនៃសង្គ្រាម ត្រូវបានទម្លាក់ទៅលើក្រុមប្រជាជនមួយចំនួន ពិសេសគឺភាពមិនស្មើគ្នា ក្នុងការបំពេញកាតព្វកិច្ចយោធា រវាងពលរដ្ឋទូទៅ និងក្រុមជនជាតិយូដាជ្រុលនិយម ដែលទទួលបានការលើកលែង។ បញ្ហានេះ បានបង្កជាកំហឹង ក្នុងចំណោមសាធារណជន ដែលយល់ថា ពួកគេកំពុងរែកពន់បន្ទុកសង្គ្រាមតែម្នាក់ឯង។

លើសពីនេះ បញ្ហាតុលាការ និងអំពើពុករលួយ នៅតែជាស្រមោលអាក្រក់តាមលងបន្លាច​លោកជានិច្ច។ ការតស៊ូរបស់រដ្ឋាភិបាល ក្នុងការកែទម្រង់ប្រព័ន្ធតុលាការ ដែលធ្លាប់បង្កឱ្យមានការតវ៉ាយ៉ាងកក្រើកកាលពីអតីតកាល បានបន្តបែងចែកសង្គមអ៊ីស្រាអែលឱ្យកាន់តែឆ្ងាយពីគ្នា។ អ្នករិះគន់ជាច្រើន បានស្តីបន្ទោសលោក ណេតាន់យ៉ាហ៊ូ ថាបានប្រើប្រាស់វិបត្តិនយោបាយ ដើម្បីការពារអំណាចផ្ទាល់ខ្លួន ជំនួសឱ្យការដោះស្រាយបញ្ហាសង្គមជាតិ។

នៅកម្រិតអន្តរជាតិវិញ ទំនុកចិត្តលើលោក ណេតាន់យ៉ាហ៊ូ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ របាយការណ៍ពីមជ្ឈមណ្ឌលស្រាវជ្រាវ Pew Research Center បង្ហាញថា ប្រជាជននៅតាមបណ្តាប្រទេសជាច្រើន ជុំវិញពិភពលោក មានការជឿជាក់តិចតួចបំផុតចំពោះលោក។ ខណៈពេលដែលអ្នកគាំទ្រលោកនៅតែអះអាងថា លោកគឺជាអ្នកនយោបាយ ដែលមានសមត្ថភាពគ្រប់គ្រងទំនាក់ទំនងជាមួយមហាអំណាចអាមេរិក តែការស្ទង់មតិថ្មីៗបង្ហាញថា សូម្បីតែអ្នកបោះឆ្នោតនៅអ៊ីស្រាអែលមួយចំនួនធំ ក៏លែងជឿជាក់ថា គោលនយោបាយរបស់លោកនឹងផ្តល់សន្តិសុខរយៈពេលវែងដែរ។

ជារួម ការធ្លាក់ចុះនៃប្រជាប្រិយភាពរបស់លោក ណេតាន់យ៉ាហ៊ូ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាជាលទ្ធផលនៃការប្រមូលផ្តុំនៃវិបត្តិសន្តិសុខ ការបែកបាក់សង្គម និងការងឿងឆ្ងល់ពីអនាគតនៃប្រទេសជាតិ។ ការបោះឆ្នោត​នា​ថ្ងៃទី​២៧តុលា​ខាងមុខ នឹងក្លាយជាការសម្រេចចិត្តដ៏សំខាន់បំផុតមួយ សម្រាប់ប្រជាជនអ៊ីស្រាអែល ថាតើពួកគេនឹងបន្តតាមគន្លងមេដឹកនាំចាស់ ឬស្វែងរកផ្លូវដើរថ្មីសម្រាប់អនាគតរបស់ពួកគេ៕

អត្ថបទ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម