Connect with us

ព័ត៌មានជាតិ

ខេត្តកោះកុង​បង្កើត​អនុគណៈកម្មការ​ ចំនួន៦​រៀបចំ​សង្ក្រាន្ត​អបអរសាទរ​បុណ្យ​ចូលឆ្នាំខ្មែរ​ឱ្យបាន​អធិក​អធម

បានផុស

នៅ

រដ្ឋបាលខេត្ត​កោះកុង​បានរៀបចំ​បង្កើត​អនុគណៈកម្មការ​ ចំនួន៦​ដើម្បី​រៀបចំ​កោះកុង​សង្ក្រាន្ត​អបអរ​សាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណីជាតិ​ខ្មែរឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦ គ.ស.២០២២​ ត្រៀម​រៀប​ចំនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ឱ្យបានអធិកអធមក្រោយ​ពីខកខានរៀបចំរយៈ​ពេល​២ឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុងកិច្ចប្រជុំ​ពិភាក្សាការងារ​ត្រៀមរៀបចំ​កោះកុងសង្ក្រាន្ត​ អបអរសាទរពិធីបុណ្យ​ចូលឆ្នាំថ្មី​ ប្រពៃ​ណី​ជាតិខ្មែរកាលពីថ្ងៃទី០៥មេសាលោក ស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានមាន​ប្រសាសន៍​ថាដើម្បីរៀបចំកោះកុងសង្ក្រាន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឱ្យ​កាន់​តែមានភាពអធិកអធម​ រដ្ឋបាលខេត្តកោះកុង​ បានរៀបចំបង្កើតសេចក្តីសម្រេច​ដែលមាន​សមាស​ភាព​អនុគណៈកម្មការ ចំនួន ០៦ ចំណុះឱ្យគណៈកម្មការ ក្នុងនោះរួមមាន អនុគណៈ​កម្ម​ការសន្តិសុខសណ្តាប់ធ្នាប់ អនុគណៈកម្មការរៀបចំតុបតែងកោះកុងសង្ក្រាន្ត អនុគណៈកម្មការ​ល្បែង​ប្រជាប្រិយ អនុគណៈកម្មការស្រង់ម្ហូបអាហារពិពណ៍ និងការប្រគំតន្ត្រី អនុគណៈកម្មការ​ទទួលបន្ទុកកិច្ចការចំណូល ចំណាយ ព្រមទាំងអនុគណៈកម្មការពិធីការផ្នែកសាសនា។

លោកស្រីអភិបាលខេត្តបានបន្តថា អនុគណៈកម្មការទាំងអស់ត្រូវអនុវត្តតាមតួនាទី និងភារកិច្ច ធ្វើ​យ៉ាងណាឱ្យកោះកុងសង្ក្រាន្ត ទទួលបានលទ្ធផលល្អប្រសើរ និងទាក់ទាញការចូល​រួមពីសំណាក់​បងប្អូនប្រជាពលរដ្ឋឱ្យបានច្រើនកុះករ ព្រមទាំងរក្សាបានគោលការណ៍​ណែនាំនានារបស់​រាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

លោកស្រីអភិបាលខេត្តបានបន្តទៀតថាក្នុងការចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំនេះរដ្ឋបាលខេត្តនបានត្រៀមរៀបចំនៅសួនច្បារមុខសាលាខេត្ត បរិវេណ​វត្ត​ទេពនិមិត្ត វត្តជោតញ្ញាណ និងឆ្នេរសមុទ្រប៉ាក់ខ្លង។

ចំណែក លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដែលទទួលបន្ទុក​អនុគណៈ​កម្មការល្បែងប្រជាប្រិយ សម្រាប់កោះកុងសង្ក្រាន្តបានលើកឡើងថា ក្នុងនាមជាសមាជិក​គណៈកម្មការ ត្រូវ កំណត់ប្រភេទល្បែងប្រជាប្រិយ ដែលត្រូវលេងកម្សាន្ត ប្រចាំថ្ងៃ  និងរៀប​ចំទីតាំង​សម្រាប់លេងល្បែងប្រជាប្រិយ នៅតាមទីតាំង ព្រមទាំងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជា​ពលរដ្ឋ អាជីវករ សិស្សានុសិស្ស និងមន្ត្រីរាជការ បានចូលរួមលេងល្បែងប្រជាប្រិយ ក្នុងអំឡុង​ពេល​កោះកុងសង្ក្រាន្ត ឱ្យបានច្រើនកុះករ។

ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្តបានណែនាំឱ្យរៀបចំក្រុមការងារវាយតម្លៃឱ្យបានសុក្រឹត្យ និងតម្លាភាពចំពោះការប្រកួតប្រជែង ល្បែងប្រជាប្រិយដណ្ដើមរង្វាន់ជ័យលាភី ដល់សាធារណជន ផ្សព្វផ្សាយអំពីកម្មវិធីនៃការប្រកួត និងការលេងល្បែងប្រជាប្រិយឱ្យបានទូលំទូលាយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម