Connect with us

នយោបាយ

រដ្ឋាភិបាលកម្ពុជា ចាត់ទុកសារព័ត៌មានជាដៃគូលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធយុត្តិធម៌

បានផុស

នៅ

ថ្ងៃទី៣ ខែឧសភានេះ គឺជាខួបលើកទី២៩ នៃទិវាសេរីភាពសារព័ត៌មានសកលលោក។ នៅថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា សារព័ត៌មាន គឺជាដៃគូរួមចំណែកប្រយុទ្ធប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។ បន្ថែមលើនេះ សារព័ត៌មាន ក៏ជួយចូលរួមចំណែកកែទម្រង់រដ្ឋបាលសាធារណៈ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ពិសេស ដើម្បីកសាងសង្គមមួយប្រកប​ដោយយុត្តិធម៌ និងសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារលិខិតអបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៣ នាព្រឹកថ្ងៃអង្គារនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តក្នុងការគោរពសិទ្ធិ និងសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន និងលើកកម្ពស់ភាពជាដៃគូរវាងរាជរដ្ឋាភិបាល ជាមួយស្ថាប័នសារព័ត៌មានដែលមិនអាចខ្វះបាន នៅក្នុងក្របខណ្ឌនៃប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស។ លើសពីនេះទៅទៀត សម្ដេចតេជោ ក៏បានជំរុញឲ្យសារព័ត៌មានបែបប្រពៃណី ខិតខំធ្វើឌីជីថលភាវូបនីយកម្មរបស់ខ្លួន ប្រកបដោយសក្ដានុពល រួមជាមួយនឹងការផ្ដល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនទំនុកចិត្តពីសាធារណៈជនទូទៅ។

ការលើកឡើងរបស់ប្រមុខដឹកនាំកម្ពុជានេះ នៅខណៈដែលសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានសម្តែងការព្រួយបារម្ភពីរិតត្បិតសិទ្ធិ សេរីភាពសារព័ត៌មាន និងការគំរាមកំហែងលើអ្នកសារព័ត៌មាននៅតែបន្តកើតមាននៅកម្ពុជា។  ជាក់ស្តែង ខេមបូចា បានរកឃើញថា នៅក្នុងត្រីមាសទី១ដើមឆ្នាំ២០២២នេះ អ្នកសារព័ត៌មានអនឡាញចំនួន៥នាក់ត្រូវបានឃាត់ខ្លួន ខណៈពួកគេចុះផ្សាយអំពីបញ្ហាវិវាទដីធ្លី។ ក្រៅពីនេះ អ្នកសារព័ត៌មានជាច្រើនត្រូវបានរារាំងមិនឲ្យចូលទៅយកព័ត៌មានអំពីកូដកម្មរបស់សហជីព និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើល និងបានបង្ខំឲ្យពួកគេលុបវីដេអូ និងរូបថតទាំងនោះចេញថែមទៀតផង។

មិនតែប៉ុណ្ណោះ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា ក៏បានរកឃើញផងដែរថា ​គិតត្រឹមខែមករា ដល់ខែមីនា ឆ្នាំ២០២២ មានការយាយីលើអ្នកសារព័ត៌មានចំនួន២៣នាក់ ក្នុងនោះ ៣នាក់ជាស្រ្តី ហើយ៥នាក់ត្រូវបានចាប់ខ្លួន។ រីឯ អ្នកសារព័ត៌មាន៤នាក់ ប្រឈមនឹងវិធានការផ្លូវច្បាប់ ខណៈ១១នាក់រងអំពើហិង្សា និងការយាយី និងអាជ្ញាប័ណ្ណនៃស្ថាប័នសារព័ត៌មានចំនួន៣ត្រូវបានលុបចោល។

ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានអះអាងថា ការអនុវត្តទោសទណ្ឌចំពោះអ្នកសារព័ត៌មានមួយចំនួននាពេលកន្លងមក គឺការអនុវត្តទៅតាមច្បាប់ដែលកំណត់។ លោកបានបញ្ជាក់នៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃចន្ទថា អ្នកសារព័ត៌មានដែលផ្សព្វផ្សាយព័ត៌មានប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ ស្ថេរភាពនយោបាយ នោះអ្នកសារព័ត៌មានត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ពោល គឺមិនមែនឲ្យតែក្លាយជាអ្នកសារព័ត៌មាន សុទ្ធតែអាចរួចផុតពីកាតព្វកិច្ចនៃការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌនោះទេ៕

អត្ថបទ៖ លន់ សេនី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម