Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានលើកកម្ពស់និងធានាដោយច្បាប់

បានផុស

នៅ

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការតម្រូវឱ្យអ្នកសារព័ត៌មានទាំងអស់អនុវត្តវិជ្ជាជីវៈរបស់ខ្លួនដោយអនុលោមតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងច្បាប់និងលិខិតបទដ្ឋានជាធរមាន ដើម្បីការពារសុវត្ថិភាពក្នុងពេលបំពេញការងារ កុំឱ្យការអនុវត្តសេរីភាពប្រាសចាកក្រមសីលធម៌ ទៅរំលោភបំពានលើសិទ្ធិឯកជន កិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល ឬប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថ្លែងបែបនេះ ក្នុងឱកាសទិវាអន្តរជាតិបញ្ចប់វប្បធម៌និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន រៀបចំឡើងដោយការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និងអង្គការយូណេស្កូ (UNESCO) នារសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ក្នុងព្រឹត្តិការណ៍ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អ្នកសារព័ត៌មាន និងតំណាងសមាគម អង្គការ សង្គមស៊ីវិល ប្រមាណ៤០នាក់ លោកអ្នកនាំពាក្យបានគូសបញ្ជាក់ជូនអ្នកចូលរួមទាំងអស់ថា កម្ពុជាប្រឆាំងនិទណ្ឌភាព ហើយបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពសម្រាប់ការអនុវត្តសកម្មភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន។

លោកបានបន្ថែមថា ទាំងនេះជាកិច្ចខិតខំដែលមានសារៈសំខាន់ណាស់ ហើយជាអាទិភាពចំបងមួយរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីអាណត្តិមុនៗ បន្តរហូតដល់អាណត្តិទី៧នេះ ហើយស្របពេលដែលក្រសួងបានបន្តផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយភាពប្រឈមថ្មីៗ ដើម្បីធានាសុវត្ថិភាព និងការការពារដល់ប្រតិបត្តិករក្នុងវិស័យសារព័ត៌មាននៅកម្ពុជា។

ក្នុងឆ្នាំ២០២៥ ក្រសួងបានដោះស្រាយបណ្តឹងចំពោះអ្នកសារព័ត៌មានសរុបចំនួន២៣ករណី ពាក់ព័ន្ធនឹងការមិនប្រតិបត្តិតាមក្រមសីលធម៌ រំលោភលើឯកជនភាព សិទ្ធិបុគ្គល បំពានច្បាប់ប៉ះពាល់ដល់សន្តិសុខជាតិ។ លោកបានគូសបញ្ជាក់ថាការសម្របសម្រួលដោះស្រាយវិវាទដោយក្រសួងព័ត៌មានទាំងនេះបានផ្តល់យុត្តិធម៌ជូនអ្នកសារព័ត៌មាន និងភាគីក្នុងរឿង ព្រមទាំងការពារអ្នកកាសែតពីការប្រឈមនឹងវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ ក្រសួងក៏បានផ្តល់មេធាវីការពារក្តីជូនអ្នកសារព័ត៌មានផងដែរ សម្រាប់ករណីមួយចំនួនដែលបានឡើងដល់តុលាការ។

ជាមួយគ្នានេះ ការដាក់ចុះឱ្យអនុវត្តនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានផ្សេងៗ ត្រូវបានធ្វើឡើងដើម្បីធានាសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់សេរីភាពសារព័ត៌មាន ដោយភាពចម្រុះ គុណភាព និងបរិយាបន្នស្របតាមលក្ខខណ្ឌគុណវុឌ្ឍិ និងក្នុងក្របខណ្ឌច្បាប់ ដែលមានសារៈសំខាន់ចាំបាច់សម្រាប់ការលើកកម្ពស់សុវត្ថិភាពព័ត៌មានដល់អ្នកប្រើប្រាស់។

បើតាមអ្នកនាំពាក្យ ក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ មិនមានអ្នកសារព័ត៌មានណាម្នាក់ស្លាប់ក្នុងពេលបំពេញការងារស្របច្បាប់ ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ។ ប៉ុន្តែ គិតចាប់ពីឆ្នាំ២០២៤ ដល់ខែតុលាឆ្នាំ២០២៥ នេះ អតីតអ្នកសារព័ត៌មានសរុបចំនួន ១៤រូប បានទទួលមរណភាពដោយជរាពាធ គ្រោះថ្នាក់ចរាចរ, ហើយអ្នកសារព័ត៌មាន ១រូប បានទទួលមរណភាពក្នុងករណីគំនុំផ្ទាល់ខ្លួន ដែលករណីនេះត្រូវបានជំនុំជម្រះក្តីរួចហើយ។

តាមប្រសាសន៍របស់លោក ទេព អស្នារិទ្ធ នៅកម្ពុជាគិតត្រឹមខែតុលា ឆ្នាំ២០២៥ នេះ មានអ្នកសារព័ត៌មាន ចំនួន ៨ ៧៣២ នាក់ ក្នុងនោះប្រមាណ១៣% ជាស្ត្រី កំពុងអនុវត្តការងាររបស់ខ្លួនពេញលេញ ដោយភាពស្របច្បាប់ ខណៈអង្គភាពសារព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានចំនួន១ ៥៥២ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងបែបថ្មី។ លោកក៏បានរំលេចជូនអ្នកចូលរួមផងដែរ អំពីលំហសេរីភាពក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាននៅកម្ពុជា ដែលត្រូវបានវាយតម្លៃដោយផ្ទាល់ពីប្រតិបត្តិករក្នុងវិស័យនេះ តាមរយៈការស្ទង់មតិទូទាំងប្រទេសស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ ដោយលទ្ធផលបានបង្ហាញថាអ្នកសារព័ត៌មានចំនួនជាង ៨៦% បានអះអាងថាខ្លួនមានសេរីភាពពេញលេញ មានសុវត្ថិភាព គ្មានការយាយី និងធ្វើការក្នុងបរិយាកាសងាយស្រួលសម្រាប់ចុះយកព័ត៌មាន ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។

នៅក្នុងព្រឹត្តិការណ៍នោះដែរ លោកអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងការអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមចំណែកក្នុងវិស័យសារព័ត៌មាន និងបានថ្លែងលើកទឹកចិត្តដល់សមាគម សង្គមស៊ីវិល និងអំពាវនាវដល់ដៃគូ តួអង្គពាក់ព័ន្ធ ឱ្យចូលរួមលើកកម្ពស់ការអនុវត្តសេរីភាពសារព័ត៌មានក្នុងដែនក្របខណ្ឌច្បាប់ លិខិតបទដ្ឋានជាធរមាន និងដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម