Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មានប្រាប់អន្តរជាតិថា សម្ដេចតេជោ បានលើកកម្ពស់សេរីភាពសារព័ត៌មាន ជំរុញពហុភាគីនិយម ការកសាងសមត្ថភាពវិជ្ជាជីវៈ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក នេត្រ ភក្ត្រា ប្រាប់អន្តរជាតិថាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាន ជំរុញពហុភាគីនិយម និងការកសាងសមត្ថភាពវិជ្ជាជីវៈសារព័ត៌មាន ព្រោះសម្ដេចតេជោ ​បាន​មើល​ឃើញ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​គ្រាន់​តែ​ជា​ឧបករណ៍​នៃ​ការ​ទំនាក់ទំនង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ឧបករណ៍​នៃ​ការ​កសាង​សន្តិភាព ការ​អប់រំ​សាធារណៈ និង​ភាព​ធន់​នឹង​លទ្ធិប្រជាធិបតេយ្យ។ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ប្រាប់អន្តរជាតិដូច្នេះ ក្នុងពេលបើកកិច្ចប្រជុំកំពូលផ្សព្វផ្សាយអាស៊ីលើកទី២០ រៀបចំឡើងនៅខេត្តសៀមរាប ដែលមានអ្នកចូលរួមមកពី២៦ប្រទេស។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ក៏បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតីតេជោ ហ៊ុន ម៉ាណែត កំពុងអនុវត្តទស្សនវិស័យរបស់សម្ដេចតេជោ ហ៊ុន សែន ប្រកបដោយភាពស្វាហាប់ជាថ្មី។ រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញកំណែទម្រង់ជាយុទ្ធសាស្ត្រ ផ្តោតលើការផ្លាស់ប្តូរឌីជីថល សុចរិតភាពវិជ្ជាជីវៈ និងសីលធម៌ប្រព័ន្ធផ្សព្វផ្សាយ ដែលធានាថា សារព័ត៌មានដែលជាអំណាចទី៤ នៅតែជាអ្នកការពារសេចក្តីពិត និងឯកភាពក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។

របាយការណ៍ស្ដីពីស្ថានភាពសេរីភាពអ្នកសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ ឱ្យថាគិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ អង្គភាពសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ១,៦២០អង្គភាព បានចុះបញ្ជិកានៅក្រសួងព័ត៌​មាន។

របាយការណ៍ដដែលបង្ហាញថា អ្នកសារព័ត៌មានចំនួន ៨១,៤% ក្នុងចំណោមអ្នកស្ទង់មតិសរុបចំនួន ៤៦៧នាក់ តំណាងអ្នកសារព័ត៌មានទូទាំង ប្រទេសដែលបានចូលរួម បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ក្នុងនោះ ៧២,២% បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អ ខណៈ ៩,២% បានឆ្លើយថា សេរីភាពសារព័ត៌មានមាន ស្ថានភាពល្អបំផុត។ ការស្ទង់មតិនេះ ត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌនៃការសិក្សាលើកទី២ ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាន ដោយបានអនុវត្តវិធីសាស្ត្រសិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្ត្រ និងដោយឈរលើទិន្នន័យគោល (baseline data) ឆ្នាំ២០២៤ របស់កម្ពុជាជាមូលដ្ឋានក្នុងការវាស់វែង។

នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី០៣ ខែឧសភា  សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងបន្ថែមទៀតថា រដ្ឋាភិបាលកម្ពុជាប្ដេជ្ញាបន្ដលើកស្ទួយ និងគោរពសេរីភាពសារព័ត៌មានដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីរបបសារព័ត៌មាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម