ព័ត៌មានជាតិ
ជនជាតិខ្មែរមិនចោលសម្លកកូរ មេដឹកនាំខ្មែរឲ្យជប់លៀងសម្លកកូរ ទទួលភ្ញៀវបរទេស
“កកូរ” ជាសម្លប្រពៃណីមានឱជារសឆ្ងាញ់ និងសម្បុរដោយជីវជាតិសម្រាប់សុខភាព ដ្បិតមានត្រីសាច់និងបន្លែស្រស់ៗច្រើនមុខផ្សំស្លរួមគ្នា។ សម្លនេះមានគ្រឿងផ្សំច្រើនបន្តិច ពិសេសគឺបន្លែ អាចដាក់បានតាមចំណង់ចំណូលចិត្ត។
ប៉ុន្តែជាទូទៅបន្លែដែលគេនិយមប្រើសម្រាប់សម្លនេះ ច្រើនជារុក្ខជាតិដុះក្បែរៗផ្ទះ ឬក្នុងទីចម្ការដូចជាត្រប់, ល្ពៅ, ល្ហុង, សណ្តែកកួរ, ស្លឹកម្រះ, ផ្ទី, ស្លឹកបាស, ត្រួយល្ពៅ, ននោង, ស្លឹកម្រុម, ត្រួយដំឡូងមី, ផ្លែត្នោតខ្លី ប្រមាត់ដី និងផ្កាអង្គាដី ជាដើម។

ចំពោះត្រី អាចមានច្រើនប្រភេទដែលប្រើបាន តែជាញឹកញាប់ច្រើនជាប្រភេទត្រីធំគ្មានស្រការ តែសម្បូរខ្លាញ់ដូចជាត្រីឆ្លាំង, ត្រីពោរ, ត្រីឈ្វាត, ត្រីទ្រនេល, ត្រីប្រា។ ប៉ុន្តែគេអាចប្រើសាច់ជ្រូកបីជាន់ជំនួសក៏បានដែរ។
ចំណែកគ្រឿងស្លមាន សម្បកក្រូចសើច, គល់ស្លឹកគ្រៃ, ខ្ទឹមស, ខ្ជាយ, ល្មៀត, រំដេង, ប្រហុក, ខ្លាញ់ជ្រូក, អង្ករលីង (កិនឲ្យម៉ដ្ត), ស្ករ, អំបិល, ទឹកត្រី (មិនប្រើក៏បាន)។

ចំពោះរបៀបស្ល ដំបូងគេបុកគ្រឿងចូលគ្នាឲ្យម៉ដ្ត រួចយកទៅលីងជាមួយខ្លាញ់។ បន្ទាប់មកដាក់ប្រហុកចិញ្ច្រាំ និងអង្ករលីងចូល ហើយកូរឲ្យសព្វ រហូតសាយក្លិនឈ្ងុយ ទើបដាក់ត្រី (ហាន់ជាកង់ៗ) ឬសាច់ជ្រូកចិញ្ច្រាំចូល។ រង់ចាំដល់ត្រីឆ្អិនល្មម ទើបបង់បន្លែ និងគ្រឿងគ្រៅ (អំបិល, ស្ករ) ចូល រួចកូរជាមួយគ្រឿងឲ្យចូលជាតិឆ្អិនល្មម ហើយថែមទឹកចូលជាការស្រេច។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតផ្នែកសុខាភិបាលមកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រកាលពីឆ្នាំ២០១៩ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យតាមបណ្ដាស្ថាប័នរដ្ឋទាំងអស់ គួររៀបចំម្ហូបអាហារដែលជាអត្តសញ្ញាណរបស់ខ្មែរ សម្រាប់ទទួលភ្ញៀវបរទេស ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។
សម្តេចបានលើកពីសម្លកកូរ ដែលជាម្ហូបអត្ដសញ្ញាណខ្មែរទទួលជប់លៀងភ្ញៀវបរទេសជាថ្នាក់រដ្ឋមន្ដ្រី ថ្នាក់ឧបនាយករដ្ឋមន្ដ្រី ថ្នាក់ក្រសួងនានាដើម្បីឲ្យភ្ញៀវបានសាក និងស្គាល់រសជាតិម្ហូបរបស់ខ្មែរ។
ប្រមុខរដ្ឋាភិបាលក៏បានសរសើរដល់ប្រទេសឡាវ ដែលតែងតែបង្ហាញអាហារអត្តសញ្ញាណ «បាយដំណើប» សម្រាប់ទទួលភ្ញៀវរួមទាំងសម្តេចផងដែរ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


