ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ចាប់ផ្ដើមទទួលចុះឈ្មោះបេក្ខភាពប្រធានាធិបតី ក្រោយសោកនាដកម្មធ្លាក់ឧទ្ធម្ភាគចក្រស្លាប់លោក Raisi
ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍បានចាប់ផ្ដើមបើកការចុះឈ្មោះរយៈពេល ៥ ថ្ងៃសម្រាប់បេក្ខភាពដែលចង់ឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាថ្ងៃទី២៨ ខែមិថុនាខាងមុខ ដើម្បីមកជំនួសតំណេងលោក Ebrahim Raisi ដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រកាលពីចុងសប្ដាហ៍មុន ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី៣០ ខែឧសភាកន្លងទៅ ។

យោងតាមច្បាប់របស់អ៊ីរ៉ង់ពាក់ព័ន្ធនឹងការចុះឈ្មោះជាបេក្ខភាពប្រធានាធិបតី តម្រូវឲ្យពលរដ្ឋទាំងនោះមានសញ្ជាតិអ៊ីរ៉ង់តែមួយគត់ ហើយមានអាយុចន្លោះពី ៤០ ទៅ ៧៥ ឆ្នាំ និងយ៉ាងហោចណាស់បញ្ចប់ថ្នាក់អនុបណ្ឌិត ខណៈក្នុងចំណោមអ្នកដែលបានចុះឈ្មោះកាលពីថ្ងៃព្រហស្បតិ៍ ក៏មានលោក Saeed Jalili អតីតអ្នកចរចានុយក្លេអ៊ែរអ៊ីរ៉ង់ ដែលលោកក៏ធ្លាប់ឈរឈ្មោះបោះឆ្នោតចំនួន ២ លើកផងដែរកាលពីឆ្នាំ ២០១៣ និងឆ្នាំ ២០២១ ។
ទោះយ៉ាងណា បច្ចុប្បន្នគេមើលឃើញថា លោក Mohammad Mokhber ដែលកំពុងកាន់ការជាប្រធានាធិបតីស្តីទីរបស់អ៊ីរ៉ង់ជាបេក្ខភាពលេចធ្លោមួយរូបដែលអាចនឹងឡើងអង្គុយកៅអីជាប្រធានាធិបតីផ្លូវការតែម្ដង ដោយសារតែលោកក៏ជាមនុស្សជំនិតរបស់មេដឹកនាំជាន់ខ្ពស់គឺលោក Ayatollah Ali Khamenei ផងដែរ ។
ទន្ទឹមនោះ ក្រោយបិទបញ្ចប់ការចុះឈ្មោះរយៈពេល ៥ ថ្ងៃ ពោលនៅថ្ងៃទី៤ ខែមិថុនាហើយនោះ ក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីអ៊ីរ៉ង់រំពឹងនឹងចេញបញ្ជីឈ្មោះបេក្ខភាពចុងក្រោយក្នុងរយៈពេល ១០ ថ្ងៃ ហើយនឹងអនុញ្ញាតឲ្យបេក្ខភាពឈ្មោះឈរបោះឆ្នោតចាប់ផ្ដើមធ្វើយុទ្ធនាការឃោសនាគោលនយោបាយរៀងៗខ្លួនរយៈពេល ២ សប្ដាហ៍ មុនការបោះឆ្នោតសកលនៅថ្ងៃទី២៨ ខែមិថុនា ។

ការបោះឆ្នោតនេះកើតឡើង នៅពេលដែលប្រទេសអ៊ីរ៉ង់កំពុងជួបបញ្ហាផ្ទៃក្នុង បន្ទាប់ពីហេតុការណ៍ដ៏គួរឲ្យសោកសង្រេងធ្លាក់ឧទ្ធម្ភាគចក្រស្លាប់លោកប្រធានាធិបតី Ebrahim Raisi កាលពីថ្ងៃទី១៩ ខែឧសភា ក៏ដូចជាភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងតេហេរ៉ង់ និងសហរដ្ឋអាមេរិក រួមទាំងការតវ៉ាជុំវិញមរណភាពរបស់នាង Mahsa Amini ក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិសកាលពីឆ្នាំ ២០២២ កន្លងទៅ ។
គួរបញ្ជាក់ថា លោក Ebrahim Raisi គឺជាប្រធានាធិបតីអ៊ីរ៉ង់ទី ២ ហើយដែលទទួលមរណភាពក្នុងអំឡុងពេលកំពុងកាន់តំណែង ក្រោយហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ខណៈប្រធានាធិបតីអ៊ីរ៉ង់ដំបូងគេដែលស្លាប់បាត់បង់ជីវិតដូចគ្នាទាំងដែលកំពុងកាន់អំណាចគឺលោក Mohammad Ali Rajai ។ មេដឹកនាំរូបបានឃ្លាតរូបកាយកាលពីឆ្នាំ ១៩៨១ ក្នុងសោកនាដកម្មបំផ្ទុះគ្រាប់បែកក្នុងភាពវឹកវរមួយ បន្ទាប់ពីបដិវត្តឥស្លាម ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អ៊ីរ៉ង់ មិនទាន់ចេញលទ្ធផលស៊ើបអង្កេតករណីធ្លាក់ឧទ្ធម្ភាគចក្រប្រធានាធិបតី ព្រោះនៅសង្ស័យ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


