Connect with us

ព័ត៌មានជាតិ

២ សប្ដាហ៍ អប់រំណែនាំពលរដ្ឋលើកោះស្តេចម្តង អំពីរបៀបទុកដាក់សំរាម

បានផុស

នៅ

អាជ្ញាធរស្រុកគិរីសាគរ និងអ្នកពាក់ព័ន្ធ ២សប្តាហ៍ម្តង តែងអប់រំផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ និង​អ្នកទេសចរកុំឱ្យចោល​សំរាម​តាមឆ្នេរ ឬទឹកសមុទ្រ គ្រាបញ្ហា​សំរាម​​ កំពុង​ត្រូវបាន​យកចិត្តទុក​ដាក់ដោះស្រាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​បង្កើន​ការ​យល់ដឹងពីរបៀបដាក់សំរាមត្រឹមត្រូវ លើកកម្ពស់សោភ័ណ្ឌភាពបរិស្ថាន និង​ផ្ទៃទឹក​សមុទ្រ​គ្មានកាក​សំណល់​សំរាម​ផ្សេងៗ ២សប្តាហ៍ម្តងក្នុង១ខែ ក្រោម​ការ​ដឹកនាំ​របស់​អាជ្ញាធរ​ស្រុកគិរី​សាគរ យុវជន​កាយរិទ្ធ​កម្ពុជា និង​ប្រជាសហ​គមន៍​នេសាទសម្រស់កោះស្តេច។

លោក ទួន ឪទី អភិបាល​រង​ស្រុក​គិរីសាគរ ឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះថា ក្នុង​គោលបំណង​របស់​អាជ្ញាធរ​ស្រុក គឺធ្វើយ៉ាងណាឱ្យពលរដ្ឋ ក៏ដូចជាអ្នកទេសចរ​ ដែល​មក​លេង​កម្សាន្ត​នៅ​លើ​រមណីយដ្ឋាន​កោះ​ស្តេច​ចេះ​ទុក​ដាក់​សំរាម ​ប្រកបដោយ​សណ្តាប់ធ្នាប់​ត្រឹមត្រូវ។

លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ ពន្យល់បន្ថែមថា ការបំផុសគំនិតដល់ពលរដ្ឋ និង​អ្នក​ទេសចរ​មិនឱ្យបោះសំរាមតាមឆ្នេរ និងទឹកសមុទ្រនេះ ធ្វើឡើង​ក្រោយ​ពីក្រសួងបរិស្ថាន​បានផ្តល់ឡដុត​សំរាម និង​រឺម៉ក់​ចំនួន២គ្រឿងមកកាន់​អាជ្ញាធរ​បន្ថែម​ពី​យន្តការ​គ្រប់គ្រង​សំរាម​ដែល​មាន​ស្រាប់។

អាជ្ញាធរស្រុកគិរីសាគរ អះអាងទៀតថា កន្លះខែមកនេះ បន្ទាប់ពីតម្លើងឡដុតសំរាមរួចរាល់ ក្រុមហ៊ុនដៃគូវិនិយោគ​បាននឹងកំពុងសាកល្បងប្រមូលសំរាមតាមខ្នងផ្ទះប្រជាពលរដ្ឋ ដោយមិនទាន់គិត​ថ្លៃសេវា៦ខែក្នុងគោលបំនងឱ្យពលរដ្ឋបានចូលរួមវេចខ្ចប់សំរាមបានល្អ។

បញ្ហានេះ​ដែរ លោក ចេង មុន្នីរិទ្ធ ឱ្យដឹងដែរថា បច្ចុប្បន្ន មានប្រជាពលរដ្ឋពី៦០ទៅ៧០ភាគរយហើយចូលរួមទុកដាក់សំរាមបានត្រឹមត្រូវទៅការែណនាំរបស់អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម។ មុនពេល​មិនទាន់មានយន្តការថ្មីដោះស្រាយ ពលរដ្ឋតែមួយចំនួនធំចោលសំរាមពាសវាលពាលកាល ជាពិសេសលើទឹកសមុទ្រតែម្តង។

ដោយឡែក​ចំពោះ​តម្លៃ​សេវាប្រមូលវិញ អាជ្ញាធរ តំណាងក្រុមហ៊ុនវិនិយោគ និងពលរដ្ឋ នឹងមានការប្រជុំគ្នា​លម្អិត​អំពីការកំណត់តម្លៃប្រមូលទៅតាមទំហំបរីមាណនៃការបញ្ចេញសំរាម។ អ្វីដែលសំខាន់គឺការ​ចូលរួមយល់ដឹងរបស់ពលរដ្ឋ ជាមុនសិន។

កន្លងទៅ កោះស្តេចធ្លាប់មានក្រុមហ៊ុនប្រមូលសំរាមម្តងហើយដែរ តែក៏ត្រូវបានផ្អាកឈប់​ដំណើរការទៅ​វិញ ក្រោម​ហេតុផល​ជាច្រើន។ សព្វថ្ងៃនេះ កោះស្តេច មានប្រជាពលរដ្ឋជិត៧០០គ្រួសារដែលកំពុងរស់នៅលើកោះមួយនេះ ភាគច្រើនប្រកបមុខរបរនេសាទ ធ្វើអាជីវកម្មតិចតួច និងបម្រើសេវាទេសចរណ៍។

តាមរយៈអ្នកសារព័ត៌មាន កន្លងទៅ ប្រជាពលរដ្ឋរស់នៅលើកោះស្តេច អះអាងថា ឱ្យមានតែមានក្រុមហ៊ុនប្រមូលសំរាមជាថ្មី គឺពួកគាត់ស្មោះចិត្តបង់វិភាគទានថ្លៃសេវាប្រមូលសំរាមតាមខ្នងផ្ទះម្នាក់ៗ ព្រោះពួកគាត់ក៏មិនចង់សំរាមរាយប៉ោយលើគោក ឬទឹកសមុទ្របាត់បង់សោភ័ណ្ឌភាពបរិស្ថាន និងបង្កឱ្យកើតមានជំងឺផ្សេងៗផងដែរ៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម