Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង ជំរុញដល់ពលរដ្ឋត្រូវធ្វើអនាម័យបរិស្ថានជាប្រចាំថ្ងៃ ដើម្បីភាពរស់នៅស្អាត

បានផុស

នៅ

លោកស្រីអភិបាលខេត្តកោះកុង បានជំរុញដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ អ្នកពាក់ព័ន្ធបន្តធ្វើអនាម័យបរិស្ថានជាប្រចាំថ្ងៃ ដើម្បីទទួលបានភាពរស់នៅស្អាតល្អក្នុងទីក្រុង ព្រមទាំងនៅមូលដ្ឋាន។ ផ្ទះយើងស្អាតល្អ គឺគ្មាននរណាមកធ្វើអនាម័យបរិស្ថានជំនួសនោះទេ ពោលគឺផ្តើមចេញពីទម្លាប់រស់នៅប្រចាំថ្ងៃរបស់ខ្លួនឯងម្នាក់ៗ តាមរយៈរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងមិនបោះចោលសំរាមពាលវាលពាលកាល។ នេះជាការបញ្ជាក់របស់លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង រសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបន្តក្នុងពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ សាមគ្គីដើម្បីទីក្រុងស្អាត នៅវិហារឥស្លាមភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង លោកស្រីអភិបាលខេត្តកោះកុង រំលេចទៀតថា បុគ្គលម្នាក់ៗគប្បីធ្វើជាគំរូដល់អ្នកដ៏ទៃចូលរួមសម្អាតអនាម័យបរិស្ថានទាំងនៅផ្ទះ ឬទីសាធារណៈ។ ជាក់ស្តែងភ្ញៀវទេសចរមកលេងកម្សាន្តនៅទីក្រុង ឬទីតាំងទេសចរណ៍ ឃើញមានបញ្ហាខ្វះអនាម័យបរិស្ថានក៏គេលែងចង់មកលេងដែរ។

លោកស្រីអភិបាលខេត្ត បានបន្តថា ការរស់នៅមានបរិស្ថានអនាម័យស្អាតល្អ បានជួយលើកកម្ពស់សុខុមាលភាពប្រកបដោយគុណភាព និងបង្កើនការទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តនៅក្នុងទីក្រុង។ ដូច្នេះសូមបន្តយកចិត្តទុកដាក់ចូលរួមទាំងអស់គ្នា ដើម្បីផ្ទះយើង និងទីក្រុងរបស់យើងស្អាតល្អទាក់ទាញ។

លោក សុខ ច័ន្ទគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ឱ្យដឹងថា ទិវាទីក្រុងស្អាតឆ្នាំ២០២៦នេះ មានគោលបំណងផ្តោតទៅលើយុទ្ធនាការ ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិបណ្ឋារកិច្ចល្អ ដោយផ្សព្វផ្សាយបញ្រ្ចាបការយល់ដឹងអនាម័យបរិស្ថានភាពស្អាត បៃតង និងធានាបាននូវសន្តិសុខ សុវត្ថិភាព ដើម្បីជាការរួមចំណែកដ៏សំខាន់ក្នុងការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត ហើយចលនាប្រឡងប្រណាំងទីក្រុងស្អាតនេះ ជាការបំផុសគំនិតដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋមូលដ្ឋាន ពិសេសប្រតិបត្តិករទេសចរណ៍ឱ្យកាន់តែជ្រាបច្បាស់ពីការថែរក្សាបរិស្ថានទុកដាក់សំរាមមានសណ្តាប់ធ្នាប់។

បើតាមលោក សុខ ច័ន្ទគ្រឹះស្នា កន្លងមក ក្រសួងទេសចរណ៍បានដាក់ចេញនូវប្រធានបទជាច្រើន ដូចជាសំអាតផ្ទះយើងថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក ផ្លូវថ្នល់ស្អាត ជាដើម ដើម្បីអប់រំណែនាំដល់ប្រជាពលរដ្ឋអោយកាន់តែយល់ដឹងពីបញ្ហាអនាម័យបរិស្ថាន និងសុខភាពរស់នៅ។

ដោយឡែក លោក ភូថង សេរីវុឌ្ឍី អភិបាលក្រុងខេមរភូមិន្ទ ពន្យល់ដែរថា បញ្ហាសំរាមជាការទទួលខុសត្រូវរបស់យើងទាំងអស់មិនមែនត្រឹមតែប្រជាពលរដ្ឋ ឬអាជ្ញាធរទេ ប៉ុន្តែវាជាកាតព្វកិច្ចដ៏សំខាន់មួយដែលមិនអាចជៀសបាន។ កន្លងទៅ គ្រប់ភាគីពាក់ព័ន្ធបានចូលរួមយ៉ាងសកម្មក្នុងការសំអាតបរិស្ថាន ដូចជាការបោសសម្អាតផ្លូវ ប្រមូលសំរាមរឹងរាវគ្រប់ប្រភេទ និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម