ព័ត៌មានជាតិ
ជិត ១០ ឆ្នាំទៀត កម្ពុជាគ្រោងលុបបំបាត់ ជំងឺហង់សិន ឬជំងឺឃ្លង់ ឱ្យអស់
ប្រទេសកម្ពុជាបាន និងកំពុងរៀបចំឯកសារផែនទីបង្ហាញផ្លូវ និងផែនការសកម្មភាពឆ្នាំ២០២២ ដល់ឆ្នាំ២០៣០ ដើម្បីកាត់ផ្ដាច់ការចម្លងជំងឺហង់សិន ឬជំងឺឃ្លង់ នៅតាមសហគមន៍ក៏ដូចជាឈានទៅលុបបំបាត់ជំងឺនេះឱ្យអស់ទាំងស្រុងពីប្រទេសកម្ពុជា នាឆ្នាំ២០៣០ ខាងមុខ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំដៃគូម្ចាស់ជំនួយស្ដីពី ផែនទីបង្ហាញផ្លូវ និងផែនការសកម្មភាពជំងឺហង់សិន ឆ្នាំ២០២២ ដល់ឆ្នាំ២០៣០ នៅព្រឹកថ្ងៃទី២១ ខែមិថុនានេះ លោកវេជ្ជបណ្ឌិត ហួត ចាន់យូដា ប្រធាន មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន បានឱ្យដឹងថា ឯកសារផែនទីបង្ហាញផ្លូវ និងផែនការសកម្មភាពរបស់កម្ពុជាឆ្នាំ២០២២ ដល់២០៣០នេះមានសារៈសំខាន់ណាស់ ព្រោះជាឯកសារគំរូដែលត្រូវយកទៅអនុវត្តនៅប្រទេសនានាដែលមានអត្រាប្រឡង់ជំងឺហង់សិនទាបដូចប្រទេសកម្ពុជា ហើយជាឯកសារចាំបាច់សម្រាប់កម្មវិធីជាតិ ដើម្បីសុំការគាំទ្រពីក្រសួងសុខាភិបាល អង្គការជាតិ និងអន្តរជាតិនានា ដើម្បីដំណើរការគំរោងនេះឈានទៅបំបាត់ជំងឺហង់សិនពីប្រទេសកម្ពុជានាពេលអនាគត។

លោកវេជ្ជបណ្ឌិតបានបន្តថា ជំងឺហង់សិននៅកម្ពុជាបានបន្តធ្លាក់ចុះជាបន្តបន្ទាប់ ពោលគឺធ្លាក់ចុះពី ១២៧ ករណីនៅឆ្នាំ២០១៩ មកនៅ ៥៥ ករណីនៅឆ្នាំ២០២០ និង ៣៥ ករណីនៅឆ្នាំ២០២១ ព្រមទាំងធ្លាក់ចុះមកនៅ ១២ ករណីនៅត្រឹមត្រីមាសទី១ ឆ្នាំ២០២២នេះ។
លោកវេជ្ជបណ្ឌិត ឡាយ សម្បត្តិ អនុប្រធាន មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន និងជាប្រធានកម្មវិធីជាតិកម្ចាត់ជំងឺរបេង និងហង់សិន បានឱ្យដឹងថា តាមផែនការចាប់ពីឆ្នាំ២០២២ ដល់២០២៥ ធ្វើយ៉ាងម៉េចឱ្យអ្នកជំងឺហង់សិនចុះថយ នៅក្រោម ១០០ នាក់ក្នុង១ឆ្នាំ និងអស់អ្នកជំងឺថ្មីរហូតដល់ឆ្នាំ២០២៩ ខាងមុខ។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ការកាត់បន្ថយ និងឈានទៅលុបបំបាត់ជំងឺហង់សិននេះ ដោយសារយើងមានផែនទីបង្ហាញផ្លូវមួយច្បាស់លាស់ ដោយចាប់ពី២០២២ ដល់ឆ្នាំ២០៣០ គឺគ្រប់មណ្ឌលសុខភាពទាំងអស់ត្រូវព្យាបាលអ្នកជំងឺហង់សិនថ្មី ហើយគ្រប់អ្នកពិការភាពទាំងអស់ត្រូវទទួលបានសេវាព្យាបាលផងដែរ ពោលគឺធ្វើយ៉ាងណាឱ្យអត្រាប្រេវ៉ាឡង់ចុះក្រោម១ លើ១លាននាក់នៅ ឆ្នាំ២០៣០។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា ប្រទេសកម្ពុជាជាប្រទេសមួយឈានមុខគេនៅតំបន់អាស៊ាន ដែលមានឯកសារផែនទីបង្ហាញផ្លូវសម្រាប់លុបបំបាត់ជំងឺហង់សិននេះ។

លោកសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានថ្លែងថា ក្រសួងសូមគាំទ្រផែនទីបង្ហាញផ្លូវ និងផែនការសកម្មភាពជំងឺហង់សិន ឆ្នាំ២០២២ ដល់ឆ្នាំ២០៣០ ដែលតាក់តែងរៀបចំដោយមជ្ឈមណ្ឌលជាតិកំចាត់ជំងឺរបេង និងហង់សិន សហការជាមួយដៃគូសំដៅកាត់ផ្ដាច់ការចម្លងជំងឺនេះតាមសហគមន៍ ព្រមទាំងឈានទៅលុបបំបាត់ជំងឺនេះឱ្យអស់ពីប្រទេសកម្ពុជានៅឆ្នាំ២០២៣ ខាងមុខ។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា ដើម្បីកុំឱ្យជាឧបសគ្គក្នុងការឈានទៅសម្រេចតាមផែនការ មន្ត្រីកម្មវិធីជាតិត្រូវបង្កើនការអប់រំផ្សព្វផ្សាយសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅតាមសហគមន៍បានដឹងថា ជំងឺហង់សិន ឬជំងឺឃ្លង់នេះមិនមែនជាជំងឺតពូជនោះទេ វាជាជំងឺឆ្លងប៉ុណ្ណោះ និងកុំមានការរើសអើងចំពោះអ្នកជំងឺ។

លោកវេជ្ជបណ្ឌិត ឡាយ សម្បត្តិ បានណែនាំថា ប្រសិនប្រជាពលរដ្ឋមានស្នាកស្នាមនៅលើស្បែក ហើយមានស្ពឹកនៅលើស្នាមនោះ សូមប្រញាប់ទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទទួលបានការពិនិត្យ និងព្យាបាល ហើយរាល់ការព្យាបាលគឺមិនគិតថ្លៃឡើយ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ