សេដ្ឋកិច្ច
បំពង់បឺតស្មៅមេត្រីបរិស្ថានក្នុងស្រុក ចាប់ផ្តើមមានវត្តមាននៅលើទីផ្សារកម្ពុជា
អ្នកនាង ហៃ សុជាតិ វឌ្ឍនា អាយុ ៣៩ ឆ្នាំ មានដើមកំណើតនៅខេត្តកំពង់ឆ្នាំង បានជម្នះឧបសគ្គមួយចំនួនតាមរយៈការចាប់ផ្ដើមអាជីវកម្មខ្នាតតូច ដោយយកស្មៅចចូតច្នៃធ្វើជាបំពង់បឺតចូលរួមដោះស្រាយបញ្ហាបរិស្ថាន។ ចចូតធ្លាប់តែច្នៃធ្វើជាកន្ទេល កាបូប និងសម្ភារប្រើប្រាស់មួយចំនួនទៀត ឥឡូវអ្នកនាងយកមកច្នៃធ្វើជាទុយោបឺតចាប់ផ្ដើមមានលក់នៅលើទីផ្សារកម្ពុជាក្នុងពេលថ្មីៗនេះ។
អ្នកនាងបានចាប់ផ្ដើមសិក្សាស្វែងយល់ពីអាជីវកម្មនេះនៅដំណាច់ឆ្នាំ ២០២១ បន្ទាប់ពីចាកចេញពីការងារនៅក្រុមហ៊ុនឯកជនមួយ។ អ្នកនាងបានឱ្យដឹងថា គាត់ចាប់អារម្មណ៍ និងចូលចិត្តប្រើអ្វីដែលជាផលិតផលរបស់ខ្មែរ ដែលតែងតែព្យាយាមប្រើនិងសាកល្បងជានិច្ច។ ម្យ៉ាងទៀតអ្នកនាងមើលឃើញពីបញ្ហាប្រឈមនៅមានសំរាមតាមដងផ្លូវ និង ផ្លាស្ទិកនៅឡើយ ទើបកំណត់គោលដៅចូលរួមចំណែកដោះស្រាយបញ្ហានេះបន្ថែមទៀត ជាមួយស្ថាប័នរដ្ឋ ស្ថាប័នឯកជន អង្គការ សហគមន៍នានាដែលបាននឹងកំពុងធ្វើកិច្ចការនេះយ៉ាងសកម្មផងដែរ។
ចំពោះវត្ថុធាតុដើមស្មៅចចូត អ្នកនាងបានបញ្ជាទិញពីបណ្ដាខេត្តផ្សេងៗ ដូចជាខេត្តកោះកុង ខេត្តព្រះសីហនុ និងប្រជាសហគមន៍នៅកំពង់ត្រាច ខេត្តកំពតជាដើម។
អ្នកនាង បានរៀបរាប់ឱ្យដឹងថា ដើមឡើយប្រជាសហគមន៍ទាំងនោះ ពួកគាត់ចុះកាត់ស្មៅចចូតលក់សម្រាប់តែត្បាញកន្ទេល ធ្វើកាបូប និងសម្ភារៈប្រើប្រាស់ផ្សេងៗតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន ពួកគាត់បានបែងចែកសម្រាប់ផ្គត់ផ្គង់លក់ជូនក្រុមហ៊ុន អាទិករ (ខេមបូឌា) ដើម្បីយកមកធ្វើជាទុយោបឺតបន្ថែមទៀត។
ចំពោះលក្ខខណ្ឌតម្រូវទិញពីប្រជាសហគមន៍ អ្នកនាងបញ្ជាក់ថា គឺត្រូវកំណត់តាមស្ដង់ដារដែលក្រុមហ៊ុនទទួលយកបាន ប៉ុន្តែក៏មានបញ្ហាប្រឈមសម្រាប់ប្រជាសហគមន៍ដែរ ដោយសារចចូតនៅមានចំនួនតិចនៅឡើយអាស្រ័យទៅតាមតំបន់ និង តាមរដូវកាល ដែលត្រូវជាមួយលក្ខខណ្ឌតម្រូវរបស់ក្រុមហ៊ុន។
ចំពោះបញ្ហាប្រឈមមួយចំនួនទៀត អ្នកនាងបញ្ជាក់ថាគាត់បានទទួលពត៏មានពី ប្រធានសហគមន៍បានអោយដឹងថា តំបន់ខ្លះដែលប្រជាសហគមន៍ពីមុនធ្លាប់ចូលទៅកាត់បាន ឥឡូវបានក្លាយជាទីតាំងរបស់ក្រុមហ៊ុនឯកជន ដែលគេមិនអនុញ្ញាតិអោយចូលទៅកាត់ចចូតទៀតនោះទេ។
ត្រង់ចំណុចនេះអ្នកនាងបានឱ្យដឹងថា នៅពេលអនាគតមានតែការដាំដុះបន្ថែមទេ ដែលជាដំណោះស្រាយនិរន្តរភាព ក្នុងការបំពេញតម្រូវការ និង ការចូលរួមថែរក្សានូវធនធានធម្មជាតិទាំងនេះ មិនអោយបាត់បង់បន្ថែមទៀត។ ហើយបច្ចុប្បន្ន ប្រជាសហគមន៍កំពុងខ្នះខ្នែង ក្នុងការដាំសាកល្បងនូវដើមស្មៅចចូតនេះផងដែរ ដែលជាក្តីសង្ឃឹមក្នុងការចូលរួមការងារបរិស្ថាន និងបង្កើននូវចំណូលក្នុងគ្រួសាររបស់គាត់ បន្ថែមមួយកំរិតទៀត។
អ្នកនាងបញ្ជាក់ថា ទុយោបឺតច្នៃពីស្មៅចចូតនេះ មានលក្ខណៈពិសេសមួយចំនួនដូចជា មិនប៉ះពាល់បរិស្ថាន ងាយរលាយនៅក្នុងដីធម្មជាតិពីរយៈពេល ៣០ ទៅ ៤៥ ថ្ងៃ មិនមានប្រើប្រាស់សារធាតុគីមី សារធាតុពណ៌ ឬ ក្លិនអ្វីបន្ថែមក្នុងដំណើរការផលិតកម្មនោះឡើយ។
ម្យ៉ាងទៀត ផលិតផលនេះផលិតឡើងពីស្មៅធម្មជាតិ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាព ព្រោះការផលិតប្រើបច្ចេកទេសលាងសម្អាត សម្ងួត និងសម្លាប់មេរោគដោយម៉ាស៊ីនត្រឹមត្រូវ ព្រមទាំងមានការធ្វើតេស្តបញ្ជាក់ពីសុវត្ថិភាពក្នុងកាប្រើប្រាស់ ពីមន្ទីរមេរោគពិសោធន៍នៅវិទ្យាស្ថានស្ដង់ដាកម្ពុជាមុនសម្រេចជាសមិទ្ធផលចរាចរណ៍នៅលើទីផ្សារ។
ចំពោះដំណើរការផលិតវិញអ្នកនាងបានបានអោយដឹងផងដែរថា យើងត្រូវជ្រើសរើសយកចចូតណាដែលមានអាយុចាស់ល្មម និងទំហំធំៗ យកមកលាងឱ្យស្អាត បន្ទាប់មកកាត់តាមទំហំតម្រូវការ រួចលាងសម្អាតម្តងទៀត ទើបរៀបចំដាក់ចូលម៉ាស៊ីនសម្ងួតរយៈពេលប្រមាណ ៥ ទៅ ៦ ម៉ោង ឱ្យស្ងួតល្អដើម្បីអាចរក្សាទុកបានយូរ រួចរៀបចំដាក់ក្នុងទូសម្លាប់មេរោគ និងបាក់តេរីដើម្បីសុវត្ថិភាពដល់អ្នកប្រើប្រាស់។
ចំពោះតម្លៃវិញមានចាប់ពី ១០០០០រៀល ដល់ ១២០០០រៀល អាស្រ័យទៅតាមប្រវែង និង ទំហំរបស់បំពង់បឺត ដែលក្នុង១កញ្ចប់មានចំនួន ១០០ បំពង់បឺត។
អ្នកនាង ហៃ សុជាតិ វឌ្ឍនា បញ្ជាក់ថា ទុយោបឺតច្នៃពីស្មៅចចូតនេះ មានលក្ខណៈពិសគឺអាចជួយបរិស្ថាន មិនប៉ះពាល់បរិស្ថាន ដោយវារលាយនៅក្នុងដីធម្មជាតិពីរយៈពេល ៣០ ទៅ ៤៥ ថ្ងៃ ហើយក៏មិនសល់កាកសំណល់មិនមានប្រើប្រាស់សារធាតុគីមីសារធាតុពណ៌ ឬក្លិនអ្វីបន្ថែមក្នុងដំណើរការផលិតកម្មនោះឡើយ។
បច្ចុប្បន្នទីស្នាក់ការ ក្រុមហ៊ុន អាទិករ (ខេមបូឌា) ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ម្ចាស់អាជីវកម្មខ្នាតតូចរូបនេះបានឱ្យដឹងថា ដោយសារទើបចាប់ផ្ដើមដំបូងក្រុមហ៊ុននៅមានជាទ្រង់ទ្រាយផ្គត់ផ្គង់ក្នុងទីផ្សារក្នុងបរិមាណតិចតួចនៅឡើយ។
ទោះបីជាយ៉ាងណា អ្នកនាង ហៃ សុជាតិ វឌ្ឍនា ចង់ឃើញប្រជាជនយើងទាំងអស់គ្នាចូលរួមចំណែកការពារបរិស្ថាន ដើម្បីទីក្រុង រមណីយដ្ឋានស្អាត ទាក់ទាញភ្ញៀវទេសចរណ៍ និងជួយគាំទ្រផលិតផលខ្មែរ ដើម្បីប្រទេសយើងមានផលិតផល និងសម្ភារប្រើប្រាស់ក្នុងស្រុកបរិបូរណ៍ លើកស្ទួយកំពស់ជីវភាពប្រជាជនក្នុងស្រុក កាត់បន្ថយចំណាកស្រុក និង ការនាំចូលនូវផលិតផលដែលប្រជាជនក្នុងស្រុកអាចផលិតបាន និងស្តារឡើងវិញនូវខឿនសេដ្ឋកិច្ចជាតិ បន្ទាប់ពីរងផលប៉ះពាល់អវិជ្ជមានលើវិស័យនានា ដែលបណ្តាលមកពីវបត្តិជំងឺកូវីត១៩ទូទាំងសកលលោក ឱ្យមានកំនើនសេដ្ឋកិច្ចជាតិពីមួយឆ្នាំទៅមួយឆ្នាំឡើងវិញផងដែរ៕
អត្ថបទ៖ ឡេង ដេត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ពិធីករម្នាក់ រងការរិះគន់យ៉ាងចាស់ដៃទង្វើខ្វះសីលធម៌ អង្គុយគងអន្ទាក់ខ្លាពេលសម្ភាសន៍អ្នកនិពន្ធ សុខ ចាន់ផល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ អ្នកឧកញ៉ា ម៉ៅ ចំណាន អញ្ជើញសួរសុខទុក្ខភរិយាអធិរាជសំឡេងមាស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ បញ្ជាឱ្យសមត្ថកិច្ចកម្ពុជា ចាប់ដៃវៀតណាមវែកមុខអ្នកចូលជេរសម្ដេច ព្រោះរឿងព្រែកជីកហ្វូណន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានឆ្លងទន្លេពីដីឥដ្ឋ ភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត បន្តវឌ្ឍនភាពតាមការគ្រោងទុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ត្រីគាំទ្រគម្រោងព្រែកជីកហ្វូណនម្នាក់ ចោទសួរ The Cambodia Daily ហេតុអ្វីផ្សាយព័ត៌មានប្រឆាំងប្រយោជន៍ជាតិ?
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
គម្រោងអភិវឌ្ឍន៍លំនៅឋានបែបជប៉ុនដំបូងគេនៅកម្ពុជា ចាប់ផ្ដើមហើយក្នុងតំបន់ទីក្រុងរណប អ៉ឹង ស៊ីធី (ING CITY)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារារ៉េប Ricky ScoTt ទម្លាយរឿងនារីម្នាក់ត្រូវ Rappersល្បីឈ្មោះ២រូបបៀតបៀនផ្លូវភេទ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មរណភាពប្រធានាធិបតីអ៊ីរ៉ង់ ជះឥទ្ធិពលអាក្រក់២យ៉ាង ដល់ពិភពលោក