Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន លើកគំនិតផ្ដួចផ្ដើម ២ ស្នើឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណា និងផ្ដល់ការគាំទ្រ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានលើកយោ​បល់ពាក់ព័ន្ធនឹងគំនិតផ្ដួចផ្ដើមចំនួន ២ ដើម្បីស្នើឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណា និងផ្ដល់ការគាំទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ៣ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គំនិតផ្ដួចផ្ដើមទីមួយ គឺការដោះស្រាយចំពោះការគំរាមកំហែង ដល់ភាពរស់រាននៃជីវិតនៅក្នុងតំបន់ និងពិភពលោក ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងការខូចខាតផ្អែកបរិស្ថាន។ រហូតមកដល់ពេលនេះ អាស៊ាន បាននិងកំពុងដាក់ចេញនូវដំណោះស្រាយ ជាគោលនយោបាយជាច្រើន។ ប៉ុន្តែការឆ្លើយតបរបស់យើង ហាក់នៅផ្ដោតតែលើវិស័យជាក់លាក់ និងខ្វះការសម្របសម្រួលរវាងគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា អាស៊ាន ចាំបាច់ត្រូវជំរុញកិច្ចការនេះបន្ថែមទៀត តាមរយៈការប្រើប្រាស់ឲ្យអស់លទ្ធភាព នូវលក្ខខណ្ឌថ្នាក់ជាតិផ្សេងៗ ដើម្បីផ្ដល់ជាវេទិកាសម្រាប់កិច្ចសហប្រតិ​បត្តិការ រវាងប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅ។ ជាការប្រសើរ ប្រសិនបើអាស៊ាន អាចពិចារណាលើគំនិតផ្ដួចផ្ដើម បង្កើតក្របខណ្ឌធំទូលាយមួយ ដែលសម្ដេចសូមហៅថា ជាកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) សំដៅអនុញ្ញាតឲ្យតំបន់អាស៊ាន អាចប្រែខ្លួនបន្តិចម្ដងៗ ឆ្ពោះទៅកាន់អនាគតបៃតងមួយដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច។

ប្រធានអាស៊ាន បានបន្តថា កិច្ចព្រមព្រៀងបៃតងអាស៊ាននេះ នឹងអាចគ្របដណ្ដប់ទៅលើវិស័យជាច្រើន ដូចជា៖ ហេរដ្ឋាសម្ព័ន្ធ, ថាមពល, កម្មន្តសាល, ការប្រើប្រាស់, កសិកម្ម, ការដឹកជញ្ជូន, បរិស្ថាន, និងហិរញ្ញវត្ថុ ដោយមានបច្ចេកវិទ្យា, នវានុវត្តន៍, និងការកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ បំពេញតួនាទីជាកត្តាជំរុញ។ សម្ដេចតេជោ ហ៊ុន​ សែន បានបញ្ជាក់ថា សម្ដេច សូមស្វាគមន៍នូវមតិយោបល់របស់សមាជិកអាស៊ាន ក្នុងការធ្វើឲ្យគំនិតផ្ដួចផ្ដើមនេះក្លាយជាការពិត។

សម្រាប់គំនិតផ្ដួចផ្ដើមទីពីរ គឺពាក់ព័ន្ធនឹងវិធានការ ដើម្បីស្ដារ និងងើបចេញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា​ អាស៊ាន បានឯកភាពអនុវត្តគំនិតផ្ដួចផ្ដើម និងកម្មវិធីនានា ក្រោមយុទ្ធសាស្រ្ដធំទាំង ៤ នៃក្របខណ្ឌស្ដារឡើងវិញ គ្រប់ជ្រុងជ្រោយរបស់អាស៊ាន។ ស្របតាមយុទ្ធសាស្រ្ដធំទី ៣ ដែលសំដៅបង្កើនជាអតិបរមានូវសក្ដានុពល នៃទីផ្សារអន្តរអាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ច ដែលទូលំទូលាយជាងមុន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំជឿថា យើងត្រូវការជាចាំបាច់នូវលេខាធិការដ្ឋាន ដាច់ដោយឡែកមួយឲ្យបានឆាប់បំផុត ដើម្បីសម្របសម្រួលការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងអាសិប (RCEP) ដែលបានចូលជាធរមាន កាលពីខែមករាកន្លងទៅនេះ»។

ជាមួយគ្នានេះ ប្រទេសកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះនៃលេខាធិការដ្ឋានអាសិបនេះ ហើយថែមទាំងបានកំណត់ទីតាំងរួចជាស្រេច សម្រាប់លេខាធិការដ្ឋានអាសិបនេះ នៅរាជធានីភ្នំពេញ និងបាននិងកំពុងរៀបចំគម្រោងសំណើលម្អិត ទៀតផង។ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា កម្ពុជា អាចទទួលបានការគាំទ្រពីប្រទេសសមាជិកអាស៊ាន ក៏ដូចជាប្រទេសសមាជិកផ្សេងទៀត នៃកិច្ចព្រមព្រៀងអាសិប នៅពេលដែលកម្ពុជាដាក់សំណើនេះជាផ្លូវការ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម៥៥ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម