សេដ្ឋកិច្ច
អ្នកឧកញ៉ា ម៉ុង ឬទ្ធី៖ ការនាំចូលជ្រូកពីប្រទេសជិតខាងតែងយកលេសថាខ្វះសាច់ជ្រូកផ្គត់ផ្គង់ក្នុងស្រុក
កន្លងមកអ្នកដែលចង់នាំចូលជ្រូកពីប្រទេសជិតខាងតែងយកលេសថា ខ្វះសាច់ជ្រូកផ្គត់ផ្គង់នៅក្នុងស្រុក។ បញ្ហានេះតែងមានភាពចម្រូងចម្រាសគ្នារវាងអ្នកចិញ្ចឹមក្នុងស្រុក និងក្រុមហ៊ុននាំចូល។ តែទោះយ៉ាងណា បញ្ហានេះត្រូវបានដោះស្រាយរួចហើយ ខណៈដែលតម្លៃជ្រូកនាំចូលនាពេលនេះថ្លៃជាងតម្លៃជ្រូកចិញ្ចឹមក្នុងស្រុក។ នេះជាការបញ្ជាក់របស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា និងជាសហប្រធានវិស័យឯកជនជាមួយរាជរដ្ឋាភិបាលផ្នែកកសិកម្ម ថ្លែងនៅក្នុងសិក្ខាសាលារបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នាពេលថ្មីៗនេះ។

អ្នកឧកញ៉ា បានប្រាប់អ្នកសារព័ត៌មានថា ការនាំចូលច្រើន មិនល្អដូចការនាំចេញច្រើននោះទេ។ ទោះយ៉ាងណា តម្លៃជ្រូកនៅប្រទេសជិតខាង ដូចជា ថៃ និងវៀតណាមជាដើម គឺថ្លៃជាងនៅកម្ពុជា នាពេលបច្ចុប្បន្ន។ ពាក់ព័ន្ធនឹងតម្លៃនេះ ក៏ជាផ្នែកអាចកាត់បន្ថយការនាំចូលផងដែរ។
អ្នកឧកញ៉ា បានបន្តថា « ខ្ញុំអត់ចង់ឱ្យមានការនាំចូលសត្វសាច់ ក៏ដូចជាកសិផលផ្សេងៗពីបរទេសច្រើនទេ ដោយសារខ្ញុំចង់ឱ្យមានមោទនភាពថា ខ្មែរអាចផលិតបាន។ តែបញ្ហានេះ យើងបានដោះស្រាយបានច្រើនហើយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សម្តេចតេជោ»។

ដើម្បីកាត់បន្ថយការនាំចូលច្រើន ទាល់តែយើងផលិតហើយលក់ឱ្យថោកជាងគេ តែយើងលក់ថ្លៃជាង គេនាំចូលហើយ។ ធ្វើយ៉ាងម៉េចឱ្យតម្លៃដើមទាប ហើយគុណភាពមានការប្រកួតប្រជែង ព្រោះបច្ចុប្បន្នទីផ្សារសេរី។ នេះជាការបន្ថែមរបស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី។
ពាក់ព័ន្ធនឹងវិស័យចិញ្ចឹមសត្វ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ឌិត ទីណា បានជួបសំណេះសំណាលជាមួយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កាលពីថ្ងៃទី ០១ ខែ វិច្ឆិកា ដើម្បីរកដំណោះស្រាយដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន។ ក្រោយជំនួបនេះ លោករដ្ឋមន្រ្តី បានសរសេរនៅលើហ្វេសប៊ុកផ្លូវការថា« ខ្ញុំសង្ឃឹមជឿជាក់យ៉ាងមុតមាំថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នឹងពិចារណាអំពីសំណើរបស់ខ្ញុំនៅក្នុងដំណើរការផលិតកម្មសត្វ ដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា ទាំងអ្នកផលិត និងអ្នកបរិភោគ»។

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់កម្ពុជាថ្មីថា សមាគមបានជួបរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអ្នកពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាទីផ្សារជ្រូក និងបញ្ហាផ្សេងៗទៀត។ ប៉ុន្តែលទ្ធផលនៃជំនួបនេះ លោក ស៊្រុន ពៅ មិនទាន់ទម្លាយឱ្យដឹងនៅឡើយ។

ប៉ុន្តែគេដឹងថា ទីផ្សារជ្រូកកម្ពុជា កំពុងជាប់គាំងដោយសារការចិញ្ចឹមលើសតម្រូវការ ដែលធ្វើឱ្យតម្លៃជ្រូកមានការធ្លាក់ចុះខ្លាំង។ អ្នកចិញ្ចឹមជ្រូកលើកឡើងថា សព្វថ្ងៃតម្លៃជ្រូករស់លក់បានមួយគីឡជាង ៨ពាន់រៀលប៉ុណ្ណោះ ដែលធ្វើឱ្យពួកគេខាតបង់ថវិកាច្រើន។ ដោយឡែកតម្លៃដែលអ្នកចិញ្ចឹមអាចរស់បាន គឺចាប់ពី ១ម៉ឺនរៀលឡើង ក្នុងមួយគីឡូក្រាម សម្រាប់ជ្រូករស់។

ដោយឡែកឈ្នួញកណ្តាលក៏ត្អូញត្អែរថា បាត់បង់ប្រាក់ចំណេញផងដែរ ដោយសារតម្លៃសាច់ជ្រូកធ្លាក់ចុះថ្លៃ។ អ្នកស្រី ទួន ចិន្តា អាជីវករលក់សាច់ជ្រូកនៅផ្សារដើមគ បានលើកឡើងថា ឆ្អឹងជំនីជ្រូក និងសាច់បីជាន់ មានតម្លៃ ១៩,០០០រៀល។ ចំណែកជើងជ្រូក មានតម្លៃ ១៤,០០០រៀល និងសាច់សុទ្ធតម្លៃ ១៦,០០០រៀល ដែលតម្លៃនេះ បានធ្លាក់ចុះ បើធៀបនឹងពេលកន្លងមក។
អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានលើកឡើងថា ក្រសួងកសិកម្ម គឺជាអ្នកផលិត និងជាអ្នកចិញ្ចឹម ឯក្រសួងពាណិជ្ជកម្មជាអ្នករកទីផ្សារ និងកំណត់តម្លៃផ្សេងៗ។ ទោះយ៉ាងណា លោកមើលឃើញថា បច្ចុប្បន្នវិស័យកសិកម្មកម្ពុជា មានស្ថានភាពល្អប្រសើរ ដោយកសិករ បង្កើនការដាំដុះ និងចិញ្ចឹមសត្វផ្គត់ផ្គង់ខ្លួនឯងបានជាអតិបរមា៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


