សន្តិសុខសង្គម
ករណីឆេះអគារព្រះរាជដំណាក់តូច នៅខេត្តសៀមរាប គឺផ្ដើមចេញពីការឆ្លងចរន្ដអគ្គិសនី
សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យឆេះអគារព្រះរាជដំណាក់តូច នៅខេត្តសៀមរាប គឺផ្ដើមចេញពីការឆ្លងចរន្ដអគ្គិសនី ចំណែកទំហំនៃការខូចខាតសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ។

លោកឧត្តមសេនីយ៍ត្រី ឌិត ខុន ស្នងការរងនគរបាលទទួលការិយាល័យបង្ការពន្លត់ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣មីនា នេះថា ករណីនេះ បណ្ដាលឲ្យឆេះអគារព្រះរាជដំណាក់តូច អស់មួយខ្នង សមត្ថកិច្ចអាចគ្រប់គ្រងសភាពកាណ៍បាននៅវេលាម៉ោងប្រមាណជា១២ រំលងអាធ្រាតឈានចូលថ្ងៃទី១៣ខែមីនា ដោយមិនមានរាលដាលទៅទីតាំងដ៏ទៃទៀត រឺក៏រងរបួសមនុស្សនោះទេ។
លោកបន្តថា ករណីនេះសមត្ថកិច្ចនៅមិនទាន់ដឹងពីទំហំនៃការខូចខាតទ្រព្យសម្បត្តិនៅក្នុងព្រះរាជដំណាក់តូចនៅឡើយទេ ដោយសារជំនាញរបស់លោកអាចចូលបានតែផ្នែកខាងក្រៅ ព្រោះទ្រព្យសម្បត្តិក្នុងនោះមានតម្លៃណាស់ គេមិនឲ្យចូលនោះទេ។ អ្នកដែលអាចចូលទៅមើលសភាពការណ៍នោះបាន គឺមានតែមន្ត្រីព្រះបរមរាជវាំងប៉ុណ្ណោះ។

ក្រសួងព្រះបរមរាជវាំង បានបង្ហាញការសោកស្ដាយជាខ្លាំងចំពោះហេតុការណ៍អគ្គិភ័យបានឆាបឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប កាលពីយប់ថ្ងៃអាទិត្យ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៣ ខែមីនានេះ បានឲ្យដឹងថា នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២២និង០៥នាទី មានអគ្គិភ័យបានឆាបឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប ដែលបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ( ទុស្សេខ្សែភ្លើង )។ ជាមួយគ្នានេះ ក្រសួងព្រះបរមរាជវាំង បានបង្ហាញការសោកស្ដាយជាពន់ពេក ចំពោះព្រឹត្តការណ៍ជាអកុសលនេះ។

លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា «យើងពិតជាសោកស្តាយ ចំពោះអគ្គិភ័យដែលបានឆាបឆេះអាគារមួយ នៃព្រះរាជដំណាក់សៀមរាប ដែលជាកន្លែងជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត កាលពីម៉ោង១០និង០៥នាទីយប់ ស្ថានភាពពេលនេះកម្លាំងសមត្ថកិច្ចបានជួយអន្តរាគមន៍ភ្លាមៗ រហូតគ្រប់គ្រងបានទាំងស្រុង»។ លោកអភិបាលខេត្ត បានថ្លែងអំណរគុណកងកម្លាំង ដែលបានអន្តរាគមន៍យ៉ាងទាន់ពេលវេលា និងសូមអរគុណដល់ប្រជាពលរដ្ឋ ដែលបានបារម្ភពីឧប្បត្តិហេតុនេះ។
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក៏បានលើកឡើងថា ទូលព្រះបង្គំពិតជាមានសេចក្តីរន្ធត់ និងសោកស្តាយពន់ពេក ដោយបានទទួលដំណឹងអំពីអគ្គិភ័យដែលបានឆាបឆេះ ព្រះរាជដំណាក់ខេត្តសៀមរាប កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ។ គិតត្រឹមព្រឹកនេះ ស្ថានការណ៍នៃអគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងយ៉ាងពេញលេញហើយ។

ឯកឧត្ដម ហ៊ុន ម៉ានី បន្តថា ចេញពីព្រឹត្តិការណ៍ដ៏អាក្រក់នេះ ទូលព្រះបង្គំសូមលើកហត្ថបួងសួងដល់វត្ថុសក្តសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាប្រាង្គប្រាសាទអង្គរ យាងប្រោះព្រុំស័ព្ទសាធុការពរជ័យថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេមានព្រះរាជសុខភាពបរិបូរណ៍ ព្រះរាជកាយពលមាំមួន។ សូមព្រះអង្គទាំងទ្វេទុកព្រះទ័យលើកូនចៅទាំងអស់គ្នាចុះ។ ឯកឧត្ដមក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងមានសមត្ថកិច្ច ជាពិសេសកម្លាំងអគ្គិភ័យ ដែលបានប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីគ្រប់គ្រងស្ថានការណ៍៕
អត្ថបទ៖ កុសល

-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


