ព័ត៌មានជាតិ
សំណង់មន្ទីរពេទ្យបុរាណខ្មែរចំនួន៣ ល្បីថាជាកន្លែងព្យាបាលជំងឺដ៏ស័ក្តិសិទ្ធ
មន្ទីរពេទ្យ ជាភាសាដែលប្រើសម្រាប់ពេលបច្ចុប្បន្ន ប៉ុន្តែបើតាមសិលាចារឹកចារថា “អរោគ្យសាលា” ដែលមានន័យថា ជាកន្លែងព្យាបាលជំងឺ។ ក្នុងរាជព្រះបាទជ័យវរ័្មនទី៧ កន្លែងព្យាបាលជាច្រើនត្រូវបានកសាងឡើង ដែលមានរហូតដល់ ១០២ ឯណោះ ហើយជាទូទៅ គឺមានសង់នៅតាមផ្លូវបុរាណ រាជធានី និងខេត្តផ្សេងៗ។ បើមើលពីលក្ខណៈទូទៅនៃសំណង់មន្ទីរពេទ្យបុរាណ សឹងតែដូចគ្នាទាំងស្រុងតែម្តង គឺនៅពេលដែលដើរចូលមក ឃើញមានខ្លោងទ្វារតូចមួយនៅជ្រុងខាងកើត បណ្ណាល័យមួយនៅជ្រុងអាគ្នេយ៍ មានប្រាង្គកណ្តាល និងមានស្រះទឹកនៅជ្រុងឦសាន ហើយអាចមានកំពែង១ជាន់ ឬ ២ជាន់ នៅព័ទ្ធជុំវិញ។
នេះបើយោងតាមប្រសាសន៍ លោក អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិខេត្តព្រះវិហារ និងលោក ជា សារិទ្ធ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាខេត្តសៀមរាប ក្នុងបទសម្ភាសកម្មវិធី ដែនដីបុព្វបុរស ដែលរៀបចំ ឡើងដោយ កម្ពុជាថ្មី។

ភស្តុតាងនៃសំណង់មន្ទីរពេទ្យបុរាណទាំងនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ព្រះអង្គបែបណា ចំពោះសុខទុក្ខ ប្រជារាស្ត្រ។ យ៉ាងណាមិញ កម្ពុជាថ្មី សូមលើកយកសំណង់ «អរោគ្យសាលា» ឬមន្ទីរពេទ្យ ៣ ប៉ុណ្ណោះ ដែលពលរដ្ឋខ្មែរ នៅតែមានជំនឿខ្លាំង និងចាត់ទុកជាកន្លែងព្យាបាលរោគាព្យាធិដល់បច្ចុប្បន្ន។
១. ប្រាសាទនាគព័ន្ធ
ប្រាសាទកណ្តាលស្រះទឹកដ៏ធំ ដែលសាងសង់ជារៀងលេខបូក ជាកន្លែងដែលពលរដ្ឋខ្មែរ មានជំនឿខ្លាំងបំផុត ថាអាច ព្យាបាលរោគាព្យាធិបាន និងមានមនុស្សចូលបន់ស្រន់មិនដែលដាច់ឡើយ។ ប្រាសាទនាគព័ន្ធ កសាងឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយ ពុទ្ធសាសនាមហាយាន មានទីតាំងស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប សង់នៅលើកោះទំហំ ៣៥០ម៉ែត្រ បួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ ៨ ដែលរៀបចំជាសញ្ញាលេខបូក ជានិមិត្ដរូបនៃសញ្ញាមន្ទីពេទ្យ និងមានរូបចម្លាក់៤ តំណាងឲ្យធាតុទាំង ៤ គឺទឹក ដី ភ្លើង ខ្យល់។ រូបចម្លាក់តំណាងធាតុនីមួយ រួមមាន៖
– ធាតុទឹកតំណាងដោយរូបចម្លាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង។
– ធាតុដីតំណាងដោយរូបចម្លាក់ក្បាលមនុស្ស ស្ថិតនៅទិសខាងកើត។
– ធាតុភ្លើងតំណាងដោយរូបចម្លាក់ក្បាលតោ ស្ថិតនៅទិសខាងត្បូង។
– ធាតុខ្យល់តំណាងដោយរូបចម្លាក់ក្បាលសេះ ស្ថិតនៅទិសខាងលិច។
នៅលើរូបចម្លាក់ទាំង៤ នោះគឺមានចំពួយសម្រាប់បង្ហូរទឹកចុះមក ហើយទឹកដែលហូរចេញតាមចំពួយទាំង៤ នោះ ត្រូវបានគេជឿថា ជាទឹកស័ក្តិសិទ្ធិដែលអាចព្យាបាលជំងឺបាន។

បើតាមឯកសារសរសេរថា រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ ៤ គឺ ធាតុដី ធាតុភ្លើង ធាតុខ្យល់ ធាតុទឹក ហើយសត្វលោកដែលមានជំងឺ តែងបាត់បង់នូវធាតុណានីមួយនៃធាតុទាំង៤ ដូចនេះនៅពេលគេពិនិត្យឃើញថា អ្នកជំងឺខ្វះធាតុណាមួយ គេតម្រូវឲ្យអ្នកជំងឺនោះទៅទទួលការព្យាបាលជំងឺស្របតាមធាតុនៃទិសទាំង៤ ។
បើនិយាយពីមូលហេតុដែលទឹកនេះ ត្រូវក្លាយជាទឹកស័ក្តសិទ្ធព្យាបាលជំងឺបាន តាមរឿងព្រេងនិទានខ្មែរមួយផ្សេងទៀត តំណាលឲ្យដឹងដែរថា កាលដើមឡើយ មានប្ញសឈើ ប្ញសព្រៃ១២០០មុខ ដែលដុះត្រាំនៅក្នុងស្រះនេះ ជាហេតុធ្វើឲ្យ ទឹកនៅទីនេះ ក្លាយជាទឹកថ្នាំពូកែស័ក្តិសិទ្ធ អាចព្យាបាលដល់អ្នកជំងឺដែលខ្វះធាតុទាំង៤បាន។

២. ប្រាសាទតូច
ប្រាសាទតូច មានទីតាំងស្ថិតនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ស្ថិតនៅក្បែបារាយណ៍ខាងលិច នៃប្រាសាទព្រះវិហារ ដែលត្រូវបានកសាងនៅក្នុងសម័យអង្គរ នៅសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧។ តាមការ សិក្សាស្រាវជ្រាវប្រាសាទតូចជាអរោគ្យសាលា ជាទីកន្លែងសម្រាប់ព្យាបាលជំងឺនៅសម័យបុរាណ។
ទិដ្ឋភាពទូទៅនៃប្រាសាទភ្នំតូច គឺមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ និងមានតួប៉ម ហោបន់ស្រន់មួយនៅចំកណ្តាល ដែលធ្វើដើម្បីតម្កល់ព្រះពុទ្ធភៃសជ្យគុរុ ហើយមានទេពព្រះអាទិត្យ និងព្រះចន្ទ នៅសងខាង និងមានបណ្ណល័យមួយនៅជ្រុងឦសាន រួមនឹងស្រះទឹកមួយសម្រាប់មន្ទីរពេទ្យ។ អ្នកស្រុកតំបន់ប្រាសាទព្រះវិហារ តែងមកគោរពបន់ស្រន់នៅទីនេះ ព្រោះគេជឿថា អតីតមន្ទីរពេទ្យបុរាណនេះ នៅតែមានព្រលឹងដូនតាខ្មែរឋិតនៅ អាចជួយពួកគាត់ចាកឆ្ងាយពីរោគាព្យាធិ អាក្រក់ទាំងឡាយបាន។



៣. ប្រាសាទទន្លេស្ងួត
បើតាមលោក ជា សារិទ្ធ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ប្រាសាទទន្លេស្ងួត អាចជាការឱ្យឈ្មោះតាមទន្លេស្ងួត ដែលនៅ ក្បែរនោះ ជាសំណង់ហោបន់ស្រន់នៃមន្ទីរពេទ្យ កសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ និងជាប្រាសាទមួយ ក្នុងចំណោមប្រាសាទ៤ ដែលនៅជុំវិញក្រុងអង្គរធំ ចម្ងាយប្រមាណ ៣០០ម៉ែត្រ ខាងជើងកំពែងអង្គរធំ ខេត្តសៀមរាប។

គួរបញ្ជាក់ថា ប្រាសាទទន្លេស្ងួត មានសភាពទ្រុឌទ្រោមខ្លាំង តួប្រាសាទបែកចេញពីគ្នា បំណែកខ្លះមើលមិនយល់ តែ ក្រោយមក នៅចុងខែមិថុនា ឆ្នាំ២០១៩ ប្រាសាទនេះ ត្រូវបានជួសជុលឡើងវិញ ដោយក្រុមការងារជួសជុលរបស់ អាជ្ញាធរជាតិអប្សរា និងបានបញ្ចប់ការជួសជុលជាស្ថាពរ នាដើមខែមិថុនា ឆ្នាំ២០២១ ។ ដោយសារតែទីនេះ ទើបតែត្រូវ បានផ្គុំជាសំណង់ប្រាសាទឡើងវិញ ហេតុនេះ មិនសូវជាមានអ្នកបានដឹងប៉ុន្មានទេ ប៉ុន្តែគេក៏មានជំនឿថាជាកន្លែង ព្យាបាលដ៏ស័ក្តសិទ្ធមួយផងដែរ៕

-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


