Connect with us

ព័ត៌មានជាតិ

ជាង ១ ពាន់​ឆ្នាំ មុន ប្រាសាទ​នាគព័ន្ធ​អាច​ធ្វើ​ដំណើរ​បាន​តាម​ទូក គ្មានផ្លូវគោកធ្វើដំណើរទៅដល់​​ទេ

បានផុស

នៅ

កាលពី​ជាង ១ ពាន់​ឆ្នាំ​មុន គេ​មិន​អាចធ្វើដំណើរ​​ដើរ​ចូល​ប្រាសាទ​នាគព័ន្ធ​តាម​ស្ពាន​ដូច​សព្វ​ថ្ងៃ​ឡើយ ពោល​គឺ​ត្រូវ​ធ្វើ​ដំណើរ​តាម​ទូក ដោយ​មាន​កំពង់​ទូក​នៅ​​ទិស​ទាំង​បួន​នៅ​ចំ​កណ្តាល​បារាយណ៍ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​ទឹក​ជុំវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា សារិទ្ធ បុរាណវិទូ និងជា​មន្រ្តី​ផ្នែក​អភិរក្ស​ប្រាសាទ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​ថា ប្រាសាទ​នាគព័ន្ធ​មាន​ឈ្មោះ​ដើម​ថា​រាជស្រី ត្រូវ​បាន​កសាង​ឡើង​នៅ​ចុង​សតវត្សរ៍​ទី១២ ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧។ ប្រាសាទ​នេះ​មាន​ទីតាំង​ស្ថិតនៅ​លើ​កូន​កោះ​កណ្តាល​បារាយណ៍​ជ័យតដាក ឬ​បារាយណ៍​ខាង​ជើង​នៅ​ក្នុង​អតីត​រាជធានី​បណ្តោះ​អាសន្នមាន​​ឈ្មោះ​ថា “ជ័យស្រី” ដែល​បច្ចុប្បន្នគឺ​​ប្រាសាទ​ព្រះខ័ន។

«កាលពី​​សម័យ​បុរាណ ការ​ធ្វើ​ដំណើរ​ទៅ​ប្រាសាទ​នាគព័ន្ធមិន​អាច​ដើរ​ចូល​ដូច​សព្វថ្ងៃ​ឡើយ ពោល​គឺ​ត្រូវ​ធ្វើដំណើរ​តាម​ទូក ដោយ​មាន​កំពង់​ទូក​នៅទិស​ទាំង ៤ ​នៅលើកោះ​កណ្តាល​បារាយណ៍​។ លោក ជា សារិទ្ធ បញ្ជាក់។

«រហូ​តដល់​​​ទសវត្សរ៍​ឆ្នាំ ២០០០ អាជ្ញាធរ​ជាតិ​អប្សរា​បាន​សិក្សា​ និង​ជួសជុល​ស្ដារ​បារាយណ៍​ខាង​​ជើង ដើម្បី​បញ្ចូល​ទឹក​ឡើងវិញ ខណៈ​បារាយណ៍​នេះ​បាន​រីងស្ងួត និង​លែង​មាន​ដំណើរការ​តាំងពី​ចុង​សតវត្ស​ទី​១២ ឬទី១៣ មក​ម្ល៉េះ»។ លោកបន្ថែម។

លោកបន្ត​ថា បច្ចុប្បន្ន​​បារាយណ៍​ខាងជើង​មាន​ទឹក​ឡើងវិញ​ដូច​កាល​ពី​សតវត្ស​ទី ១២ ដែរ ហើយ​អាជ្ញាធរ​ក៏​បាន​សាងសង់​ស្ពាន​ឈើ​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​ដើរចូល​ទស្សនា​ប្រាសាទ​បាន​យ៉ាង​ងាយ​ស្រួល ជំនួស​ឲ្យ​ការ​ជិះ​ទូក​ដូច​សម័យ​បុរាណ។

លោក ជា សារិទ្ធ បានលើកឡើង​ពី​​ប្រាសាទនាគព័ន្ធ​ ក៏​មាន​ប្រវត្តិ​​គួរ​ឲ្យ​កត់​សម្គាល់ជាច្រើន​ទៀត​​។

លោកថា នៅ​ក្រោយ​​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ប្រាសាទ​នាគព័ន្ធ​ត្រូវ​បាន​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​ពី​ព្រះពុទ្ធសាសនា​មហាយាន ទៅ​ជា​ព្រហ្មញ្ញ​សាសនា​វិញ។ ​ភស្តុតាង​នៃ​ការ​ផ្លាស់ប្ដូរ​នេះ គឺ​ឃើញ​មាន​ការ​កែច្នៃ​រូប​ចម្លាក់​ព្រះ​ពោធិសត្វ​នៅ​តាម​ហោ​ជាង ដោយ​មានការ​ដាប់​ដៃ​ខាង​លើ​ពីរ​ចោល និង​ទុក​តែ​ដៃ​ពីរ​ខាង​ក្រោម​ប៉ុណ្ណោះ​។

បើតាមលោក ជា សារិទ្ធ នៅពាក់​កណ្ដាល​សតវត្សទី ១៥ នៅ​ពេល​ដែល​រាជធានី​ត្រូវ​បាន​ប្ដូរទៅ​ភាគ​ខាងត្បូង​ប្រទេស​ ប្រាសាទក៏​​​​​ត្រូវ​បោះ​បង់​ចោល ដែល​ធ្វើឲ្យ​​ព្រៃ​ទន្ទ្រាន​ដុះ​ពេញទីធ្លា​និង​លើ​រចនាសម្ព័ន្ធ​ប្រាសាទ។ ការបោះបង់ចោលយូរ​ធ្វើឲ្យប្រាសាទមានភាព​ទ្រុឌទ្រោម និងរងការ​ខូចខាត​យ៉ាងខ្លាំង​។

រហូត​អំឡូង​ឆ្នាំ ១៩២០ ​ក្រុម​អភិរក្សដ្ឋាន​អង្គរ​នៃ​សាលា​បារាំង​ចុង​បូព៌ាបាន​ធ្វើការ​ជួសជុល​​និង​ថែទាំ​ឡើង​វិញ​។ លោក ហុងរី ម៉ាសាល បាន​ដឹក​នាំ​ការ​ត្រួសត្រាយ​ព្រៃ និង​ធ្វើ​កំណាយ​សម្អាត​ដី​កក​កុញ​នៅ​លើ​រចនាសម្ព័ន្ធ​ប្រាសាទ។ តែ​ជា​អកុសល្យ​នៅអំឡុង​ឆ្នាំ ១៩៣៥ តួប៉ម​កណ្ដាល​បាន​បាក់​រលំ​ដោយសារ​ខ្យល់ព្យុះ ដោយសារ​មាន​ដើម​ឈើ​ធំ​មួយ​ដើម​ដុះ​ស្រោប​ពី​លើ។ ប៉ុន្តែ​តួប៉ម​នេះ​ត្រូវ​បាន​ជួសជុល​ឡើងវិញ​នៅ​ចន្លោះ​ឆ្នាំ ១៩៣៨ ដល់ ១៩៣៩ ដោយ​លោក ម៉ូរី គ្លេ។

មកដល់​​ឆ្នាំ ១៩៥៦ ដល់ ១៩៥៧ លោក សង់ ឡឺ ក៏​បាន​ចាប់ផ្ដើម​ជួសជុល​ជណ្តើរ​ស្រះ​កណ្ដាល ដោយ​បាន​រើ​រចនាសម្ព័ន្ធ​កំពង់​ទូក​នៅ​ច្រក​ខាងជើង​ចេញ ដើម្បី​យក​ដង​ស្ទូច​និង​ឧបករណ៍​ផ្សេងៗ​ទៅ​ជួសជុល​នៅ​ផ្នែក​ខាង​ក្នុង​ប្រាសាទ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម