Connect with us

ព័ត៌មានជាតិ

ក្នុងរាជ្យ​ព្រះបាទ​ជ័យវរ្ម័នទី ៧ ​សំណង់​មន្ទីរពេទ្យ​​ចំនួន ៤ ​សាងសង់តាម​ច្រក​​​ទិសធំៗ​ទាំង ៤ ចេញ​ចូល​ក្រុង​អង្គរ​ធំ​​

បានផុស

នៅ

យោងតាមសិលាចារឹក​នៅប្រាសាទ​តាព្រហ្ម នៅ​ក្នុងរាជ្យ​ព្រះបាទ​ជ័យវរ្ម័នទី ៧ អារោគ្យ​សាលាឬ​មន្ទីរពេទ្យ​ ​មាន​រហូត​ដល់​ទៅ ១០២​ កន្លែង ត្រូវ​បាន​សាងសង់​នៅ​ក្នុង​តំបន់​អង្គរ និង​រាយប៉ាយ​តាម​ផ្លូវ​នានា​ចេញ​ពី​ក្រុង​អង្គរ​ទៅកាន់​ប្រជុំជន​ផ្សេងៗ​ទៀត។

​ក្នុង​នោះ​នៅ​ច្រក​ចេញ​ចូល​ក្រុងអង្គរធំ អារោគ្យ​សាលា​ចំនួន ៤ កន្លែង ត្រូវ​បាន​សាងសង់​​​នៅ​តាម​ទិសធំៗ​ទាំង ៤ ដែល​ក្នុង​នោះ​នៅទិស​ខាងជើងមាន​ប្រាសាទ​ទន្លេ​ស្ងួត នៅ​ទិស​ខាងត្បូង​មាន​​ប្រាសាទ​​ព្រហ្មកិល នៅទិសខាងកើតមាន​ប្រាសាទ​លាក់នាង ​និង​នៅ​ទិស​ខាង​លិច​មាន​ប្រាសាទ​ទ្រ​មូង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា សារិទ្ធ បុរាណ​វិទូ​​និងជា​មន្រ្តីផ្នែកអភិរក្សប្រាសាទនៃ​អាជ្ញាធរ​ជាតិ​អប្សារា​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​សំណង់អារោគ្យ​​សាលា​​​ទាំង​នោះ​សព្វថ្ងៃ​​នៅ​សេស​សល់​​តែ​​ហោបន់ស្រន់ (ប្រាសាទ​ថ្ម)​ ប៉ុណ្ណោះ ព្រោះ​ដោយសារ​សាងសង់​​ឡើង​ពី​​ថ្ម​ដែល​អាច​ធន់​នឹង​អាកាសធាតុ​បាន​យូរ​អង្វែង​។ ចំណែក​ឯ​អគារផ្សេងៗ​ទៀត​ដូចជា ផ្ទះពេទ្យ ឃ្លាំង និង​កន្លែង​ស្នាក់នៅ​របស់​អ្នកជំងឺ គឺ​បាត់បង់​អស់ទៅហើយ ដោយសារ​តែ​សំណង់​ទាំងនោះ​សាង​​សង់​ពី ឈើ ឫស្សី ឬ​ស្លឹក ដែល​មិន​អាច​ធន់នឹង​អាកាសធាតុ​បាន។

លោក​​ ជា សារិទ្ធ ក៏លើកឡើងពាក់ព័ន្ធ​ប្រាសាទ​នាគព័ន្ធ​​ក៏​ជា​កន្លែង​លាងជម្រះ​បាប និង​ជា​មន្ទីរ​ព្យាបាល​រោគ ដោយ​យោង​​តាម​​​សិលាចារឹកនិង​ចម្លាក់​នៅ​លើ​ហោជាងនៅប្រាសាទ​ព្រះខ័ន។

បើតាមបុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បច្ចុប្បន្នអ្នកអភិរក្ស​និងអ្នកស្រាវជ្រាវ កំពុងតែបន្តការសិក្សាស្វែង​យល់បន្ថែមអំពី​ស្លាក​ស្នាម​រចនាសម្ព័ន្ធ​ពិតប្រាកដ​រូបរាង​នៃអារោគ្យ​សាលាឬ​មន្ទីរពេទ្យ​ ​ដែល​អ្នក​ស្រាវជ្រាវ​យល់ថា​ប្រហែល​ជា​ត្រូវ​បាន​សាងសង់​នៅ​​ជុំ​វិញ​ហោបន់​ស្រន់នៃមន្ទីរពេទ្យទាំងនោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម